អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង ​ធ្វើ​ពហិការ​មិន​ចូល​សភា​អនុម័ត​ច្បាប់​សមាគម​ និង​អង្គការ​

នៅ​​ក្នុង​​សេច​ក្តី​​ថ្លែង​​ការណ៍ ​​ថ្ងៃទី​១២ ​​ខែកក្កដា​​នេះ ​​គណបក្ស​​សង្រ្គោះ​ជាតិ​​បាន​​បញ្ជាក់​​ថា​ ​ក្រុម​​តំណា​ងរាស្ត្រ​​របស់​គណបក្ស​ប្រឆាំង​​នឹង​​ធ្វើ​​ពហិការ​​ ដោយ​​មិន​​ចូល​​រួម​​អនុម័ត​​ សេច​​ក្តី​​ព្រាង​​ច្បាប់​​ស្តីពី​​ សមាគម​​ និង​​អង្គការ​​មិន​មែន​រដ្ឋាភិបាល​។​​ ខណៈ​ក្រុម​​អង្គការ​ ​សមា​គម​​ មួយ​​ចំនួន​​នឹង​​រៀប​​ចំ​​ធ្វើ​​សន្និ​សីទ​​កាសែត​​ នៅ​​ថ្ងៃ​​ស្អែក​​ ខាង​​មុខ​​រដ្ឋសភា ​​ដើម្បី​​បញ្ជាក់​​ជំហរ​​ឲ្យ​​សភា​​ទម្លាក់​​ចោល​​ការ​​អនុម័ត​​ច្បាប់​​នេះ​​។​

ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​
ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ថ្ងៃ​ទី១២ ​ខែ​កក្កដា​នេះ ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ​បញ្ជាក់​ថា​តំណាង​រាស្ត្រ​ទាំង​អស់​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ​នឹង​មិន​ចូល​រួម​អនុម័ត​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ សមាគម​ និងអង្គការ​មិន​មែន​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី១៣​ ខែ​កក្កដា​នេះ ​ទេ។ ដោយ​គណបក្ស​នេះ ​បាន​ចាត់​ទុក​ថា​ ច្បាប់​នេះមាន​លក្ខណៈ​គាប​សង្កត់​ កម្រិត​សិទ្ធិ​សេរី​ភាព​បុគ្គល​ក្នុង​ការ​សម្តែង​មតិ​ និង​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាពសង្គម​ សេដ្ឋ​កិច្ច​ នយោបាយ​ ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផង​ដែរ​។

 
បក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​ច្បាប់​នេះ​ថា​ មិន​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ពេញ​លេញ​ពី​ភាគី​ពាក់​ព័ន្ធគ្រប់​ភាគី​នោះ​ទេ​។ ​ហើយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិ​បាល​ ចំណាយ​ពេល​វេលា​បន្ថែម​ទៀត ​ដើម្បី​ពិចារណា​ឡើង​វិញចំពោះ​ច្បាប់​នេះ​។ ចំណែក​ឯ ​រដ្ឋស​ភាគួរ​តែ​ទម្លាក់​ចោល​ការ​អនុ​ម័ត​ច្បាប់​នេះ​តែ​ម្តង​។

ជា​ដំណោះ​ស្រាយ​នា​ពេល​ខាង​មុខ ​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ថ្លែង​ប្រាប់វិទ្យុ​បារាំង​ នៅ​ថ្ងៃ​នេះ​ថា ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ​នោះ​គណបក្សនេះ ​នឹង​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ឡើង​វិញ ​ដើម្បី​ឲ្យ​សមា​គម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អាច​ធ្វើសកម្មភាព​របស់​ខ្លួន​បាន​ធម្មតា។​

ចំណែក ​លោក ​នី ​ចរិយា ​មន្ត្រី​សើប​អង្កេត​សិទ្ធិ​មនុស្ស​សមាគម​អាដុក ​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រុម​សង្គម​ស៊ីវិលមួយ​ចំនួន​ មិន​អាច​ធ្វើ​អ្វី​បាន​ទេ ​នៅ​ពេល​នេះ​ក្រៅ​តែ​ពី​ការ​បញ្ជាក់​ជំហរ ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋា​ភិបាល ​និង​រដ្ឋសភា​ជាតិ​ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​កក្កដា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​នាំ​គ្នា​ធ្វើ​សន្និ​សីទ​កាសែត​មួយ​នៅខាង​មុខ​រដ្ឋ​សភា ​ដើម្ប​បញ្ជាក់​ជំហរ​មិន​រាថយ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​អនុ​ម័ត​ច្បាប់​នេះ។​

សូម​បញ្ជាក់​ថា ​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បាន​ទៅ​ដល់​រដ្ឋ​សភា​ជាតិ ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ក្រោយ​ពី​បាន​លុប​ចោល​ ២មាត្រា​ និង​កែ​សម្រួល​ ២មាត្រា ​ដោយ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា។​ ហើយ​សភា​បាន​រៀប​ចំសិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ កាល​ពី​ថ្ងៃ​ទី​៨ ​កក្កដា ​កន្លង​ទៅ ដើម្បីពិភាក្សា​ជា​ផ្លូវ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​ ៩ជំពួក​ និង៣៩​មាត្រា​នេះ ​ដោយ​មាន​អង្គការ​សង្គម​ស៊ីវិល និង​ភាគីពាក់​ព័ន្ធ​មួយ​ចំនួន​បាន​ចូល​រួម​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ