អានតួអត្ថបទ
កម្ពុជា

សវនាការ​សកម្មជន​នឹង​បន្ត​ដោយមាន​ការឃ្លាំមើល​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​ហឹង្សា

ក្រុម​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​បាន​ជំនុំ​គ្នា​រួចហើយ​ថា នឹង​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​កំណត់​កាលបរិច្ឆេទ​ជាថ្មី ដើម្បី​បើកសវនាការ​លើ​សំណុំរឿង ហឹ​ង្សា​​​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា។ ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ចម្រូងចម្រាស់​គ្នា​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​យល់ថា​មិនអាច​ចូល​ស្តាប់​បាន​ដោយសារ​អ្នកតំណាងរាស្ត្រ​ដែលមាន​ឈ្មោះ៧រូបនោះ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ដូចគ្នា បើ​ទោះណាជា​ពួកគាត់​ត្រូវបាន​សម្របសម្រួល​តាម​ផ្លូវ​នយោបាយ​ក៏​ដោយ​។

ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​
ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​សំណុំរឿង​ហឹ​ង្សា​រ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ម្សិលមិញ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ពាក់កណ្តាល​ទី​ដោយ​ភាពចម្រូងចម្រាស់​គ្នា​ទាក់ទង​ទៅនឹង​វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​នៅក្នុង​បន្ទប់​សវនាការ ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា​មិនអាច​អនុញ្ញាត​ឲ្យ​ពួកគាត់​ដែលមាន​ឈ្មោះ​ពាក់ព័ន្ធ​រឿងក្តី​ដូចគ្នានេះ​អង្គុយ​ស្តាប់​បានទេ។

ការ​ផ្អាក​សវនាការ​ដែល​មាន​ជន​ត្រូវ​ចោទ ១១នាក់​នេះ តុលាការ​មិនបាន​កំណត់​សវនាការ​ជាថ្មី​នៅពេលណា​នៅឡើយ។ ក៏ប៉ុន្តែ​លោក ហែម សុជាតិ មេធាវី​មួយរូប​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ដែល​ជា​សកម្ម​ជា​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​របស់លោក នឹងដាក់​លិខិត​ទៅកាន់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដើម្បី​ស្នើសុំ​តុលាការ​ដាក់​កាលបរិច្ឆេទ​បើក​សវនាការ​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ​លោក​ស្រី មួរ សុខ​ហួរ អ្នក​តំណាងរាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៧​រូប​ដែល​តុលាការ​យល់ថា​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដូច​គ្នា​នេះ ថ្លែង​ថា​លោក​ស្ត្រី​ចង់​ឲ្យ​មានការ​ប្រញាប់ប្រញាល់​ក្នុងការ​កាត់សេចក្តី​នេះ​ប្រកបដោយ​យុត្តិធម៌ ដោយ​យោង​​ទៅ​លើ​ការលំបាក​របស់​អ្នក​នៅក្នុង​ឃុំ។

លោក​ស្ត្រី មួរ សុខ​ហួរ បញ្ជាក់ថា​ការបើក​សវនាការ​លើក​ក្រោយ​ចាំបាច់​ត្រូវតែមាន​អ្នក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន៥៥រូប ចូលរួម​សង្កេតការណ៍​ប្តូរ​វេន​គ្នា បើ​ទោះណាជា​តុលា​ការមិន​អនុញ្ញាត តំណាងរាស្ត្រ៧រូប​ចូល​ស្តាប់​ក៏ដោយ។

ទោះជា​យ៉ាងនេះ​ក្តី តុលាការ​នៅ​មិនទាន់បាន​ជូនដំណឹង​ណាមួយ​ពី​ការផ្លាស់ប្តូរ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ខណៈដែល​ក្រុម​មេធាវី​ទាំងនេះ​បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ។ចៅក្រម​ជំនុំជម្រះ​មិនអាច​ទាក់ទង​បានទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែ​មេធាវី​ដើមបណ្តឹង​លោក ចេង ប៉េង​ហាប់ ពន្យល់ថា តុលាការ​នឹង​ស្នើ​ទៅ​គណៈមេធាវី​ដើម្បី​ឲ្យ​ចាត់តាំង​ក្រុម​មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ថ្មី។ ក៏ប៉ុន្តែ​តុលាការ​មិនអាច​បង្ខំ​ឲ្យ​ជន​ត្រូវ​ចោទ​ទទួលយក​មេធាវី​ថ្មី​បានទេ​បើ​ពួកគេ​មិន​ចង់បានអ្វីៗអាស្រ័យ​លើ​ឆន្ទៈ​ជន​ត្រូវ​ចោទ​ក្នុងការ​ជ្រើសរើស​មេធាវី ដើម្បី​ពន្លឿន​នីតិវិធី​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ