អានតួអត្ថបទ
កម្ពុជា

សំណើ​បង្កើត​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នឹងត្រូវ​ពិនិត្យ​នៅ​សប្តាហ៍​ក្រោយ

រដ្ឋសភាជាតិ​នឹងដាក់​សំណើ​ពិនិត្យ​ដើម្បី​ធ្វើ​​វិសោធនកម្ម​លើ​មាត្រា​៤៨ថ្មីពីរ​ ស្តីពី​ការ​បង្កើត​ក្រុមតំណាង​រាស្ត្រ​ក្នុង​សភា​នៅ​សប្តាហ៍​ក្រោយ​នេះ។​ ការ​ស្នើ​វិសោធន​កម្មនេះ​ គឺធ្វើឡើង​ក្រោយ​ជំនួប​កំពូល​រវាង​មេដឹកនាំ​គណកប្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។
គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។ RFI
ផ្សាយពាណិជ្ជកម្ម

សំណើ​បង្កើត​ប្រធាន​ក្រុមតំណាងរាស្ត្រ​ក្នុង​សភា​ នឹងត្រូវ​គណៈអចិន្ត្រៃយ៍​របស់​សភា ​ពិនិត្យ​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ។​ លោក​អេង ឆៃអ៊ាង​ ប្រធាន​គណៈកម្មការ​ទី១​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្សប្រឆាំង​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សំណើ​បង្កើត​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្នុង​សភា​ និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ​ នឹងត្រូវ​លើកយក​មក​ពិនិត្យ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បើកផ្លូវ​ឱ្យ​គណៈកម្មការ​នីតិកម្ម​របស់​សភា​ចាប់ផ្តើម​ពិនិត្យ​ដើម្បី​វិសោធនកម្ម។​ វិសោធនកម្ម​ដែល​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ជាក់​កាល​ពី​កិច្ច​ជំនួប​កំពូល​ថ្ងៃទី២៨ វិច្ឆិកា​ថា ​ជា​កិច្ចការងារ​អាទិភាព។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់ថា​ ការ​បង្កើត​ឱ្យ​មាន​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ដែល​ជា​ដៃគូ​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ និង​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ ​គឺជា​ការ​បង្កើត​វប្បធម៌​សន្ទនា​ពិភាក្សា​រវាង​អ្នក​នយោបាយ​នៅ​កម្ពុជា។ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ ​គឺ​គ្រាន់​តែ​ជា​អាសនៈ​ក្រម​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា​ ក្នុងជំនួប​កំពូល​កាលពី​ចុងខែ​វិច្ឆិកា​នោះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រៅពី​ការ​យល់ព្រម​ធ្វើ​​វិសោធនកម្ម​មាត្រា៤៨​ថ្មី២​នេះ​ មេដឹកនាំ​បក្ស​ទាំងពីរ​ក៏បាន​បញ្ចប់​ការខ្វែង​គំនិត​គ្នា​ស្តីពី​ដំណើរ​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ថ្មី​ផង​ដែរ។

លោក​អេង ឆៃអ៊ាង​បាន​គូសបញ្ជាក់​ទៀតថា​ កិច្ចការងារ​ស្តីពី​ដំណើរ​ការរៀប​ចំ​គ.ជ.ប​ថ្មី​នោះ ​ត្រូវ​បាន​ក្រុមការងារ​គណបក្ស​ទាំងពីរ​បាន​បញ្ចប់​ហើយ។​ បច្ចុប្បន្ននេះ​ ក្រុម​ការងារ​គណបក្ស​ទាំងពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​លើ​ច្បាប់បោះឆ្នោត​របស់​គ.ជ.ប​ជា​បន្តទៀត ដើម្បី​កំណត់​ថា​ តើ​គួរ​តែ​យក​ច្បាប់​របស់​គ.ជ.ប​ ចាស់​យក​មក​ប្រើ ​ឬ​បង្កើត​ច្បាប់​ថ្មី។

គួរ​កត់សំគាល់ថា​ ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​បាន​ធូរ​ស្រាល​បន្តិច​ បន្ទាប់​ពី​មេបក្ស​ទាំង​ពីរ​បាន​ជួបពិភាក្សា​គ្នា​ផ្ទាល់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ចម្រូងចម្រាស​ស្តីពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ។ ​យ៉ាងណា​ក៏ដោយ​ សប្តាហ៍​ក្រោយនេះ​ សំណើ​វិសោធនកម្ម​មាត្រា​៤៨ថ្មី​ពីរ​ ស្តីពី​បង្កើត​ក្រុម​តំណាងរាស្ត្រ ​ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ ​នឹង​ត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ពិនិត្យ។​ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​រិះគន់​ការ​វិសោធន​កម្មនេះ​ ថា​ជា​ការ​បំបោង​ថវិកាជាតិ ​និង​មិនឱ្យ​តំលៃ​រដ្ឋសភា​លើ​សភានិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ