អានតួអត្ថបទ
កម្ពុជា-នយោបាយ

មហា​សន្និបាតបក្ស​កាន់​អំណាច​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋ​មន្ដ្រី​បន្ត​ទៀត

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល​៣​ថ្ងៃ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២១​មករា​នេះ​។ តាម​រយៈ​មហាសន្និបាត​នេះ តំណាង​ទូទាំង​ប្រទេស​របស់​បក្ស​កាន់​អំណាច​ជាង​២​ពាន់​៤​រយ​នាក់ បាន​សម្រេច​ចិត្ត​លើ​ប្រធាន​រឿង​សំខាន់​ៗ​ចំនួន​៧។ សេចក្ដី​សម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​នោះ​គឺ គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ប្រធាន​គណបក្ស ជា​នាយករដ្ឋ​មន្ដ្រី​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​ជា​បន្ត​ទៀត​។

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​១៩-២១ មករា ២០១៨
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​១៩-២១ មករា ២០១៨ SPM FB Page
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​សម្រេច​ចិត្ត​កម្រាស់​៤​ទំព័រ មហា​សន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន បាន​គូស​បញ្ជាក់​ថា នៅ​លើ​មាគ៌ា​នៃ​ជ័យ​ជំនះ​និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ទៀត មហា​សន្និបាត​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋ​មន្ដ្រី​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​នីតិកាល​ទី​៦ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ នេះ​។

ចំពោះ​ការ​បោះ​ឆ្នោត​វិញ មហាសន្និបាត​គណបក្ស​ប្រជាជន​បាន​អះអាង​ថា នឹង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គណបក្ស​នយោបាយ និង​មជ្ឈដ្ឋាន​នានា ក្នុង​ការ​រក្សា​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​។ បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​នេះ គឺ​ជា​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ក្នុង​ខែ​កុម្ភៈ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ខែ​កក្កដា អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​គណបក្ស​ប្រជាជន​។

សម្រាប់​កិច្ច​ការ​ផ្ទៃ​ក្នុង​គណបក្ស មហាសន្និបាត​បាន​អនុម័ត​នូវ​កម្មវិធី​នយោបាយ​សម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨ ដល់​២០២៣។ ជា​កម្មវិធី​ដែល​ផ្ដោត​លើ​ការ​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​សន្តិភាព ព្រម​ទាំង​លើក​កម្ពស់​ជីវភាព​ប្រជាជន ការពារ​របប​រាជានិយម លើក​ស្ទួយ​លិទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ការ​គោរព​ច្បាប់​ជា​ដើម​។ រចនា​សម្ព័ន្ធ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស បាន​ប៉ោង​ឡើង​ពីចំនួន ៥៤៥​រូប ដល់​៨៦៥​រូប ខណៈ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​២២​រូប​ត្រូវ​លុប​ឈ្មោះ​ចោល​ក្រោយ​ពេល​ទទួល​មរណភាព​។ ឆ្លៀត​ក្នុង​ឱកាស​នេះ មហាសន្និបាត​បក្ស​មិន​ភ្លេច​ទេ អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​គ្រប់​ជាន់​ថ្នាក់ ប្រកាន់​សាមគ្គី​ភាព ឯកភាព​ផ្ទៃ​ក្នុង​រឹង​មាំ ដើម្បី​អនុវត្ត​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ឲ្យ​បាន​សម្រេច ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​ផ្ដោត​សំខាន់​លើ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​ហើយ មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​កត់​សម្គាល់ អំពី​បញ្ហា​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​ផង​ដែរ​។ សម្រាប់​គណបក្ស​កាន់​អំណាច អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ឧបាយកល​បដិវត្តន៍​ពណ៌ ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។ ប៉ុន្តែ​តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធានការ​ច្បាប់​រាំង​ស្កាត់​អំពើ​នេះ គណបក្ស​កាន់​អំណាច​ចាត់​ទុក​ថា ខ្លួន​បាន​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ និង​ លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាម​គន្លង​ដ៏​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ