អានតួអត្ថបទ
កម្ពុជា

សមាជិក​សភា​បក្ស​ប្រឆាំង​ស្នើ​សហគមន៍​អន្តរជាតិ​ពិចារណា​មុន​សហការ​ជាមួយ​ស្ថាប័ន​មិន​ស្រប​ច្បាប់

ក្រុម​សមាជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​ថា​ពួកគេ​មិន​គាំទ្រ​ជា​ដាច់ខាត​ចំពោះ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ចំនួន​៤ ​ដោយ​រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ជាមួយគ្នា​នេះ ​ក្រុម​សមាជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ជា​ឱឡារិក ថា​ ពួកគេ​ជា​សមាជិក​សភា ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​រាជធានី-​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​នៅ​តែ​ជា​តំណាង​ស្របច្បាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។

ក្រុមសមាជិកសភាគណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​សន្និសីទ​កាសែត​​ កាល​ពី​ពេល​កន្លង​ទៅ​
ក្រុមសមាជិកសភាគណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​សន្និសីទ​កាសែត​​ កាល​ពី​ពេល​កន្លង​ទៅ​ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​លើកឡើង​ថា​ការ​អនុម័ត​នៃ​សេចក្តី​ស្នើច្បាប់​ទាំង​៤ទាក់ទង​ទៅនឹង​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​​ទាំង​៤​កំរិត ​គឺ​ជា​ការ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ​ដែល​តំណាងរាស្ត្រ​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ ​ដូច​មានចែង​ក្នុង​មាត្រា​៥១ ​មាត្រា​៧៦​និង​មាត្រា​៧៧​។ ​លើសពីនេះ ​គឺ​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ស្របច្បាប់ ​នៃ​ស្ថាប័ន​ជាតិ​សំខាន់​ៗ​។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ​ប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​ក្រោយ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ចំនួន​៤ ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​មកពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៧​រូប ​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ​បាន​ចាត់ទុក​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ទាំង​៤​នេះ​ថា ​ជា​ការ​រំលោភ​លើ​ឆន្ទៈ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ជ្រើសរើស​តំណាង​របស់​ខ្លួន ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស​។

ក៏​ប៉ុន្តែ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ទាំង​៤ ​កាលពី​ថ្ងៃ​ទី​១៦​តុលា ​លោក ​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​អ្នក​កាសែត​ថា ​ការ​ស្នើ​វិសោធនកម្ម​ ច្បាប់​ទាំង​៤​នេះ​ឡើង​គឺ​មិន​សំដៅ​លើ​បុគ្គល​ណាមួយ​ទេ ​ហើយ​ក៏​មិនមែន​សំដៅ​លើ​គណបក្ស​ណា​មួយ​ដែរ ​គឺ​ជា​ការបំពេញ​នូវ​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ទាំងនោះ ​ដែល​ពីមុន​មក​មិនបាន​ចែង​។ ​ ជាមួយគ្នា​នេះ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន ​បន្ថែម​ថា ​ការ​សម្រេច​អនុម័ត​ដែល​ស្របតាម​រដ្ឋ​ធម្មនុញ្ញ ​និង​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ​គឺជា​ការ​អនុម័ត​រប​ស់​រដ្ឋសភា​ទាំងមូល​។ គ្មាន​ជន​ណា ​និយាយថា​សភា​ឯក​បក្ស​បានទេ​ និង​ជា​ដាច់ខាត​។

ទោះ​យ៉ាងណា​ ក្រុម​សមាជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ក៏បាន​អំពាវនាវ​ផង​ដែរ​ដល់​ស្ថាប័ន​ជាតិ ​ដែល​មាន​សមត្ថកិច្ច​ក្នុងការ​អនុម័ត​ច្បាប់​និង​ផ្តល់​សុពលភាព​ច្បាប់​ទាំងនេះ ​ពិនិត្យ​និង​ពិចារណា​ឡើងវិញ ​ដើម្បី​គោរព​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​អំណាច​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល ​និង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ​ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​ក៏បាន​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ដែរ ​ឲ្យ​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ដែល​មិន​ស្របច្បាប់​ខាង​លើ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ