សភានឹងយកសំណើបក្សកាន់អំណាចទៅសម្រេចនៅសប្តាហ៍ក្រោយ ដោយចោទបក្សប្រឆាំងថាគ្មានភាពស្មោះត្រង់
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចលើកយកសំណើសុំធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៤៨ថ្មី (បី)ទៅសម្រេចនៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី៣១ មករា ខាងមុខ ដោយចោទប្រកាន់គណបក្សប្រឆាំងថា គ្មានភាពស្មោះត្រង់។ សេចក្តីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចំនួន១២រូប បានបើកកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ២៣ មករា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
បើគ្មានការប្រែប្រួលទេ រដ្ឋសភាជាតិនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៣១មករាខាងមុខ ដើម្បីសម្រេចធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាត្រង់ប្រកា៤៨ថ្មី (បី)លុបចោលតំណែងប្រធានក្រុមមតិភាគតិចនៃរដ្ឋសភារបស់លោក កឹមសុខាដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ សេចក្តីសម្រេចនេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៥៥រូប ដែលបានចោទប្រកាន់គណបក្សប្រឆាំងថា គ្មានភាពស្មោះត្រង់ក្នុងការចរចារ។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកកាសែតនៅក្រោយកិច្ចប្រជុំនេះ ដោយបានចោទប្រកាន់គណបក្សប្រឆាំងថា គ្មានភាពស្មោះត្រង់នោះទេ។ គណបក្សប្រឆាំងតែងតែប្រើប្រាស់យន្តការនេះ ដើម្បីចាប់បង្ខំឲ្យគណបក្សកាន់អំណាចដោះលែងអ្នកទោសរបស់ខ្លួន ដោយបានរំលោភទៅលើអំណាចរបស់តុលាការ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកាលពីព្រឹកមិញ បានធ្វើឡើងនៅមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះ។ តាមរយៈសារព័ត៌មានអេឡិចត្រូនិច Fresh News មកពីប្រទេសស្វីស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការលុបចោលតំណែងប្រធានក្រុមមតិភាគតិចនៃរដ្ឋសភារបស់លោក កឹម សុខា នេះ គឺដើម្បីកុំឲ្យភាគីគណបក្សប្រឆាំងប្រើប្រាស់យន្តការនេះ ជាច្រកមួយ ដើម្បីចរចាឲ្យមានការដោះលែងអ្នកទោសដែលតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា គឺជាការបំពានដល់អំណាចតុលាការនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា “យើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី)ហើយវិលទៅប្រើប្រការ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅថ្ងៃនេះ ក៏មានការចូលរួមពីសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួន២រូបផងដែរ ប៉ុន្តែពួកគេ មិនអាចរារាំងសេចក្តីសម្រេចរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចំនួន១០រូប មកពីគណបក្សកាន់អំណាចនោះទេ។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រចាំនៅរដ្ឋសភាបានចាត់ទុកសំណើនេះថា គឺជាការដើរថយក្រោយនៃដំណើរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ បើទោះជាយ៉ាងនេះក្តីលោក យ៉ែម បុញ្ញឬទ្ធិ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើក្រុមអ្នកតំណាងរាស្ត្ររបស់ខ្លួននឹងចូលរួមប្រជុំសភាពេញអង្គ នៅថ្ងៃទី៣១ មករា ខាងមុខនេះនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ