អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ករណី​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំដូង ​ជ័យជំនះ​បាន​ធ្លាក់​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​

នៅ​​ទីបំផុត​​ទៅ ​អាសនៈ​​មេឃុំ​​នៅ​ក្នុង​​ឃុំ​ដូង ​ស្រុក​​រមាសហែក ​ខេត្ត​ស្វាយរៀង ​ដែល​មាន​​ព្រំ​ប្រទល់​​ជាប់​​នឹង​​ប្រទេស​​វៀតណាម ​បាន​​ធ្លាក់​​ទៅ​លើ​​ដៃ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទៅ​​វិញ​​។ ​នេះ​​បើ​​ផ្អែក​​តាម​​លទ្ធផល​​ចុង​ក្រោយ ​និង​​បិទ​ផ្លូវ​​តវ៉ា ​ដែល​​ប្រកាស​ឡើង​​ដោយ ​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះឆ្នោត ​នៅ​​ព្រឹក​​ថ្ងៃទី​១៣​មិថុនា​​នេះ​។ ​អ្វី​​ជា​ការ​​កត់​​សំគាល់ ​បញ្ហា​​សន្លឹក​ឆ្នោត​​មិន​បាន​ការ ​កំពុង​​ធ្វើ​​ឲ្យ​​លទ្ធផល​​នៃ​​ការ​បោះឆ្នោត ​មាន​ការ​​ប្រែ​ប្រួល​។

ពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦
ពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ @RFI
ផ្សាយពាណិជ្ជកម្ម

​គឺ​​បន្ទាប់​ពី​​មាន​ការ​​ជជែក​​គ្នា​​យ៉ាង​​តឹង​សរសៃ​ករ ​រវាង​​តំណាង​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ ​និង​​ក្រោយ​ពី​​មាន​ការ​​ពិចារណា​​ថ្លឹង​ថ្លែង​​យ៉ាង​​ម៉ត់ចត់​​ពី​​សមាជិក​​ទាំង​៩​រូប​​នៃ​​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត ​នៅ​​ទី​បំផុត​​ទៅ ​អាសនៈ​​មេឃុំ​​នៅ​ក្នុង​​ឃុំ​​ដូង​​ស្រុក​​រមាសហែក ​ខេត្ត​ស្វាយរៀង ​បាន​​ធ្លាក់​​ទៅ​លើ​​ដៃ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទៅ​វិញ​។​ នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក ​ហង្ស ​ពុទ្ធា​ អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ហៅ​កាត់​​ថា ​គ.ជ.ប​។​

លោក​ ហង្ស ​ពុទ្ធា ​បាន​​ថ្លែង​ប្រាប់​​ក្រុម​អ្នក​កា​សែត​​នៅ​ថ្ងៃ​នេះ​​ថា ​បន្ទាប់​ពី​​ចំណាយ​ពេល​​ជិត​​២​​ថ្ងៃ​​​ដើម្បី​​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ ​លើ​២៣​ការិយាល័យ ​នៅ​ក្នុង​​ឃុំ​ដូង ​ស្រុក​​រមាស​ហែក ​ខេត្ត​​ស្វាយរៀង​​នេះ ​លទ្ធផល​​ចុង​ក្រោយ​​បាន​​បង្ហាញ​ថា ​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទទួល​​បាន​​២,៦១១​​សំឡេង ​លើ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​ទទួល​បាន​២,៦០៩​សំឡេង​។

លទ្ធផល​​​នេះ​​​មាន​ន័យ​ថា ​ជ័យ​ជំនះ​​យ៉ាង​​ប្រផិត​ប្រផើយ​​ត្រឹម​តែ​២​សំឡេង​​នេះ ​គឺ​​ផ្ទុយ​​ពី​​លទ្ធផល​​នៃ​ការ​រាប់​​សន្លឹក​ឆ្នោត​​បឋម​។ ​លទ្ធផល​​បឋម​​ដែល​​បង្ហាញ​ថា ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទទួល​បាន​២៥៩៩​សំឡេង ​រី​ឯ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទទួល​បាន​២៥៩៦​សំឡេង។​ លទ្ធផល​​ប្រែប្រួល​​នេះ ​គឺ​​អាស្រ័យ​​ដោយ​​សន្លឹក​ឆ្នោត​​បាន​ការ ​និង​​សន្លឹក​ឆ្នោត​​មិន​បាន​ការ ​ដែល​​បាន​ក្លាយ​​ជា​ការ​​ជជែក​​គ្នា​​យ៉ាង​​តឹង​សរសៃករ​​រវាង​​តំណាង​​គណបក្ស​នយោបាយ​​ទាំង​ពីរ​។
​នៅ​ក្នុង​​ការរាប់​សន្លឹក​ឆ្នោត​បឋម គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ៣សម្លេង ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​សុខ​ចិត្តបាន​ប្តឹងតវ៉ា​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត (PEC) ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ។ ហើយ​ក្រោយពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះ លទ្ធផល​បាន​ប្រែប្រួល ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើន៦សំឡេង​ទៅវិញ។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនបាន​សុខចិត្ត​ចំពោះ​លទ្ធផល​នេះដែរ ក៏បាន​ប្ដឹង​ឡើងមក គជប ដើម្បី​សុំ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ កាលពី​ថ្ងៃទី ១២ មិថុនា។

យ៉ាងណាក៏ដោយ បើតាម​ការបញ្ជាក់​ពី លោក ហង្ស ពុទ្ធា នេះ​គឺជា​លទ្ធផល​ចុងក្រោយ និង​បិទផ្លូវ​តវ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ