អានតួអត្ថបទ
កម្ពុជា

រាជរដ្ឋាភិបាល កាត់​បន្ថយ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ត្រឹម​យ៉ាង​យូរ ៥០ ឆ្នាំ

យោង​តាម​សេចក្តី​ប្រកាស​ពត៌មាន​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ២៨ កក្កដា នេះ​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់​បន្ថយ​ការ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់​មក​នៅ​ត្រឹម​យ៉ាង​យូរ ៥០ ឆ្នាំ។ ការ​សម្រេច​កាត់​បន្ថយ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ការ​គាំទ្រ​ពី​សង្គម​ស៊ីវិល​នេះ ​ដោយសារ​តែ​មើល​ឃើញ​នូវ​ភាព​ជាក់ស្តែង​ថា រយៈពេល​វិនិយោគ ៩៩ ឆ្នាំ ៨០ ឆ្នាំ និង ៧០ ឆ្នាំ គឺ​មាន​រយៈពេល​យូរ។

ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក
ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ទាំង​ ១៦ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​សរុប ប្រមាណ ជា ៩ ម៉ឺន ៦ ពាន់ ហិកតា ហើយ​ត្រូវ​បាន​កាត់​បន្ថយ​រយៈពេល ក្នុង​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​ពេល​នេះ​  ដោយសារ​តែ គម្រោង​ដី​សម្បទាន​របស់​ពួកគេ គឺ​ផ្តោត​ទៅ​លើ​កសិឧស្សាហកម្ម ពោល​គឺ កៅស៊ូ ជា​ចំបង។ ប៉ុន្តែ​បើ​យោង​តាម​ការ​សិក្សា​ជាក់​ស្តែង មួយ វដ្ត​នៃ​ដំណាំ​កៅស៊ូ មាន​រយៈពេល ២៥ ឆ្នាំ ដូច្នេះ​ហើយ រយៈពេល ៥០ ឆ្នាំ នោះ​វា​អាច​ល្មម​គ្រប់គ្រាន់​រួច​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី នាយខុទ្ទកាល័យ​ក្រសួង​បរិស្ថាន ​លោក ស្រ៊ុន ដារិទ្ធ នៅ​ថ្ងៃ​ទី ២៨ កក្កដា​នេះ ។

យោង​តាម សេចក្តី​ប្រកាស​ពត៌មាន​របស់​ក្រសួង​បរិស្ថាន រហូត​មក​ទល់​ពេល​នេះ ​ក្រសួង​បាន​ត្រួត​ពិនិត្យ និង វាយ​តម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទាំង​អស់​ចំនួន​ ១១៣ ​ដែល​មាន​ផ្ទៃ​ដី​សរុប ប្រមាណ ៦២ ម៉ឺន ៨ ពាន់ ហិចតា​ ដែល​ក្នុង​នោះ គម្រោង​ចំនួន​ ៨១ ត្រូវ​បាន​ដាក់​ឆ្លង​អង្គប្រជុំ​គណៈកម្មាធិការ​អន្តរ​ក្រសួង​ដើម្បី​ពិភាក្សា និង លើក​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋា ភិបាល ពិនិត្យ និង សម្រេច។ ជា​លទ្ធផល​គម្រោង​របស់​ក្រុម​ហ៊ុន ២៣ ត្រូវ​បាន រាជរដ្ឋា ភិបាល​សម្រេច​ដកហូត សិទ្ធិវិនិយោគ ដោយសារ​តែ​មិន​គោរព​តាម​គោលការណ៍ និង និតិវិធី​ដែល​បាន​កំណត់។

ដោយ​ឡែក លោក តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា NGOs Forum បាន​សាទរ​ចំពោះ សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ថយ​គម្រោង​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​មក​ត្រឹម​យ៉ាង​យូរ ៥០ ឆ្នាំ។ លោក គាំទ្រ​ ដោយសារ​តែ ចំណាត់​ការ​នេះ វា​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​មួយ ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់ ពន្លឿន​នូវការ​អភិវឌ្ឍ​របស់​ខ្លួន នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ក្រោយ​ពី​ការ​ទទួល​បាន​ភ្លាម។

យ៉ាង​ណាមិញ លោក នៅ​តែ​បារម្ភ​ថា រយៈពេល ៥០ ឆ្នាំ​នេះ​នៅ​តែ​មាន​រយៈពេល យូរ ដដែល បើ​ទោះ​ជា​មាន​ការ​កាត់​បន្ថយ​ក៏​ដោយ។ បន្ថែម​លើ​នេះ លោក ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ នូវ​ការ​អនុវត្ត និង អភិវឌ្ឍ​ដី​សម្បទាន​ទាំង​នោះ​ឲ្យ​បាន​ទៀង​ទាត់៕

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ