អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវា​អំណាន​ជាតិ៖ រដ្ឋ​មន្ត្រី​ណែនាំ​យុវជន​ឲ្យ​អាន​សៀវភៅ កុំ​អាន​ហ្វេស​ប៊ុក​ច្រើន​ពេក

នៅ​ក្នុង​ឱកាស​ទិវា​អំណាន​ជាតិ​១១ មីនា នេះ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ពន្យល់​ណែនាំ​ឲ្យ​ពល​រដ្ឋ​កម្ពុជា ពិសេស​យុវជន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អាន​សៀវភៅ ជា​ជាង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​ពុំ​សូវ​បាន​ផ្តល់​ចំណេះ​ដឹង​ច្រើន​។ រដ្ឋ​មន្ត្រី​អប់រំ​ក៏​បាន​បញ្ជាក់​ថា​បច្ចេក​វិទ្យា​ថ្មីៗ ដូច​ជា​បណ្តាញ​អ៊ីន​ធឺណិត​ជា​ដើម​នេះ បាន​ចូល​រួម​ចំណែក​ច្រើន​ ក្នុង​ការ​បង្កើន​ការ​អាន​នៅ​កម្ពុជា​។    

លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្នុងឱកាស​ទិវាអំណាន​ជាតិ​លើក​ទី២
លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្នុងឱកាស​ទិវាអំណាន​ជាតិ​លើក​ទី២ RFI
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី១១ ខែមីនា នេះ​គឺ​ជា​ទិវាអំណាន​ជាតិ ក្រោម​ប្រធាន​បទ “អាន​ដើម្បី​ភាព​សុខ​ដុម​នៃ​ជីវិត”។ ទិវាអំណាន​ជាតិ​លើក​ទី២​នៅ​ឆ្នាំ​នេះ បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​អង្គការយូណេស្កូ​ប្រចាំ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ជន​កម្ពុជា​ចាប់​យក​សេច​ក្តី​ស្រលាញ់​លើ​ការ​អាន​បន្ថែម​ទៀត។

លោក​ខៀវ កាញារិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ដែល​បាន​ចូល​រួម​ក្នុង​ទិវា​នេះ បាន​លើក​ឡើង​ថា ការ​មើល​វីដេអូនៅ​ក្នុង​បណ្តាញ​យូធូប (YouTube) និង​ការ​អាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) មិន​បាន​ធ្វើ​ឲ្យអ្នក​អាន​ទទួលព័ត៌មាន​ទាំង​ស្រុង​ទេ ហើយ​ភាគ​ច្រើន​អ្នក​ប្រើ​ហ្វេសប៊ុក​មិន​មែន​អាន​ព័ត៌មាន​ទាំង​អស់​ទេ គឺពួក​គេ​មើល​តែ​ព័ត៌មាន​ណា ដែល​គេ​ពេញ​ចិត្ត​តែ​ប៉ុណ្ណោះ។

លោក​កត់​សម្គាល់​ថា​អ្នក​ប្រើ​ហ្វេសប៊ុក​គ្រាន់​តែ​ទទួល​នូវ​លំហូរ​ព័ត៌មាន​មួយ​ចំនួន ប៉ុន្តែ​មិន​មែន​ជា​ការ​ពង្រីកស្មារតី​ចេះ​ដឹង​ទេ​ តែ​អាន​សៀវភៅ​វិញ គឺ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ពិចារណា ចេះ​វិភាគ​តាម​លំដាប់​លំដោយ​។ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​យុវជន​កម្ពុជា បាន​អាន​ច្រើន ហើយ​សៀវភៅ​នៅ​សម័យ​នេះ មានច្រើន​ជាង​សម័យ​លោក​ទៅ​ទៀត​។

លោកហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​១ពាន់នាក់ ថា​ដើម្បី​បាន​ចំណេះ​ដឹង​ច្រើន​គឺ​មាន​តែ​ការ​អាន​សៀវភៅ ស្នាដៃ​អក្សរសិល្ប៍​ល្បីៗ និង​ស្នាដៃ​ទស្សនវិជ្ជា តែ​បើ​អាន​តែ​ទូរស័ព្ទ​ទំនើប ឬ​ហ្វេសប៊ុក គឺ​មិន​ទទួល​បាន​ចំណេះ​ដឹង​ទាំង​អស់​នេះ​ទេ។ លោក​បញ្ជាក់​ថា​សូម្បីតែ​អ្នក​បង្កើត​បណ្តាញ​សង្គម​ហ្វេសប៊ុក ក៏​នៅ​តែ​ចំណាយ​ពេលវេលា​សម្រាប់​អាន​សៀវភៅ​ដែរ​។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ក៏​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន លើ​ការ​បង្កើន​ការអាន​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​បច្ចុប្បន្ន​នេះ គឺ​មិន​ចំគោល​ដៅ ដែល​ទាមទារ​ឲ្យ​មាន​ការ​បង្ហាត់បង្រៀន​លើ​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទាំង​នោះ​។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​រូប​នេះ​ក៏​បាន​កត់​សម្គាល់​ដែរ​ថា បច្ចុប្បន្ន​នេះ​ចំនួន​បណ្ណាល័យ​នៅ​តាម​គ្រឹះ​ស្ថាន​របស់​រដ្ឋនៅ​តែ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ​។ លោក​បន្ថែម​ថា​នៅ​តាម​សាលា​រៀន​ខ្លះ គឺ​តម្រូវ​ឲ្យ​ទុក​មួយ​បន្ទប់​សម្រាប់រៀប​ចំ​ជា​បណ្ណាល័យ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​សិស្ស​ចំនួន​ច្រើន នោះ​បណ្ណាល័យ​បាន​ក្លាយ​ជា​ទីតាំង​សម្រាប់សិស្ស​រៀន​ទៅ​វិញ​។ តែ​ក្រសួង​ក៏​មាន​គោល​ដៅ​ក្នុង​ការ​បង្កើន​ចំនួន​បណ្ណាល័យ​បន្ថែម​ទៀត​ទូទាំង​ប្រទេស​កម្ពុជា​ដែរ។

បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​នៃ​ទិវា​អំណាន​ជាតិ​បាន​ឲ្យ​ដឹង​ថា ចំនួន​បណ្ណាល័យ​នៅ​តាម​សាលា​ក្នុង​ប្រព័ន្ធបាន​កើន​ឡើង​ដល់​៤៤៧៤ ក្នុង​ឆ្នាំ​សិក្សា​២០១៤-១៥ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​ដប់ឆ្នាំ​កន្លង​មក​នេះ ។ ចំនែក​តាម​រយៈ​កម្មវិធី​អប់​រំ​ក្រៅ​ប្រព័ន្ធ​ចំនួន​បណ្ណាល័យ​ និង​បន្ទប់​អាន​បាន​កើន​ឡើង​ពី៣៤​ទៅ​២០៥ ក្នុង​អំលុង​ឆ្នាំ​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ