អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​ប្រកាស​ការពារ​តំបន់​អភិរក្ស​ទាំង ​៦​លាន​ហិក​តា

ក្រសួង​បរិស្ថាន​នឹង​បើក​មហា​សន្និបាត​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃ​ទី​ ២៣​ធ្នូ ដើម្បី​បង្ហាញ​សមិទ្ធិផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧។ ក្នុង​នោះ​ក្រសួង​បរិស្ថាន បាន​អះអាង​ថា​ខ្លួន​ប្តេជ្ញា​ចិត្ត​ការពារ និង​គ្រប់​គ្រង​តំបន់​អភិរក្ស និង​តំបន់​ធនធាន​ធម្មជាតិ​ទាំង​៤៥​កន្លែង​ទាំង​ថ្មី​ទាំង​ចាស់​ ដែល​ទើប​ផ្ទេរ​មក​ពី​ក្រសួង​កសិកម្ម។ អ្នក​ជំនាញ បាន​មើល​ឃើញ​ថា​ ដើម្បី​សម្រេច​កិច្ច​ការងារ​នេះ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ថវិកា​បន្ថែម ពង្រឹង​ពី​ឆន្ទៈ និង​កសាង​សមត្ថភាព​មន្ត្រី រួម​ទាំង​សហគមន៍​នៅ​មូលដ្ឋាន។

ក្រសួង​បរិស្ថាន​ប្រកាស​ការពារ​តំបន់​អភិរក្ស​ទាំង​៦​លាន​ហិក​តា​
ក្រសួង​បរិស្ថាន​ប្រកាស​ការពារ​តំបន់​អភិរក្ស​ទាំង​៦​លាន​ហិក​តា​ រូបថតដោយ @Bun Chan
ផ្សាយពាណិជ្ជកម្ម

ក្រសួង​បរិស្ថាន ដែល​បច្ចុប្បន្ន​កាន់​កាប់​ផ្ទៃ​ដី​ប្រមាណ ៦​លាន​ហិកតា​លើ​តំបន់​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស បាន​អះអាង​ថា ខ្លួន​នឹង​ប្តេជ្ញា​ការពារ​តំបន់​ការពារ​ និង​អភរិក្ស ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​ទោះ​បី​ជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្តី។ ដើម្បី​គ្រប់​គ្រង​តំបន់​ទាំង​ ៤៥​កន្លែង​ ដែល​មាន​ផ្ទៃដី​ ៦​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស​នេះ ក្រសួង​បរិស្ថាន នឹង​ត្រូវ​រៀបចំ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ចាំបាច់​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មន្ត្រី​អភិរក្ស​ប្រមាណ​ ៣០០​នាក់​បន្ថែម​ក៏​នឹង​ត្រូវ​ជ្រើស​រើស​ ដើម្បី​ពង្រឹង​កិច្ចការ​ការពារ​ខណៈ​ ដែល​ក្រសួង​មន្ត្រី​ឧទ្យាន​នុរក្ស​ប្រមាណ ៩៦០​នាក់​រួច​ហើយ​នោះ។ ក្រៅ​ពី​នេះ​ក្រសួង​បរិស្ថាន​ក៏​នឹង​រៀបចំ​កំណត់​បោះ​បង្គោល​ខណ្ឌ​សីមា​ឱ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។

លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​លើក​ឡើង​ថា​ ដើម្បី​ការពារ​តំបន់​ធម្មជាតិ​ទាំង​ ៤៥​កន្លែង​នោះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​យ៉ាង​ហោច​ចំនួន​៤ គឺ​បង្កើន​ថវិកា​បន្ថែម​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ការ​ពង្រឹង​ធនធាន​មនុស្ស​ទាំង​មន្ត្រី​របស់​រដ្ឋ និង​ប្រជា​សហគមន៍ ហើយ​ក្រសួង​ក៏​ត្រូវ​មាន​គោលការណ៍ និង​ឆន្ទះ​ក្នុង​ការ​អនុវត្ត​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ បញ្ហា​ការពារ​ធនធាន​ធម្មជាតិ​ គឺ​ជា​ចំណុច​រសើប​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ព្រោះ​ថា​សកម្មភាព​កាប់​ឈើ​អណាធិបតេយ្យ​បាន​កើន​ឡើង​នៅ​សឹង​ទូទាំង​ប្រទេស នា​ពេល​កន្លង​មក ហើយ​ការ​ផ្តល់​ដី​សម្បទាន​ក៏​ត្រូវ​រង​ការ​រិះគន់​ដោយសារ​ផ្ទៃដី​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​ទុក​ចោល ហើយ​រយៈ​ពេល​នៃ​ការ​ជួល​ទៀត​សោត​ក៏​មាន​រយៈ​ពេល​ច្រើន​លើស​បច្ចេក​ទេសរ​ហូត​ដល់​ ៩៩​ឆ្នាំ​ផង​ដែរ។ ប៉ុន្តែ​បញ្ហា​ទាំង​នេះ ត្រូវ​បាន​កែ​លម្អ និង​កាត់​បន្ថយ​ដោយ​រដ្ឋាភិបាល​បាន​ដក​ដី​សម្បទាន​ត្រឡប់​មក​វិញ ការ​កាត់​បន្ថយ​ពី​រយៈ​ពេល​នៃ​ការ​ជួល​ដី​ពី​៩៩ ឆ្នាំ មក​៥០​ឆ្នាំ​ជា​ដើម។

យ៉ាងណា​ក៏​ដោយ អ្នក​ជំនាញ​ខាង​បរិស្ថាន​បាន​លើក​ឡើង​ថា​ កិច្ចការពារ​ផ្ទៃ​ដី​ធនធាន​ធម្មជាតិ​រហូត​ដល់​ ៦​លាន​ហិកតា​នេះ គឺ​ជា​កិច្ចការ​ងារ​ប្រឈម​មួយ​ធំ​ ដែល​ត្រូវ​ការ​ឆន្ទៈ​ខ្ពស់ និង​ការ​គាំ​ទ្រ​គ្រប់​ផ្នែក​ពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ