អានតួអត្ថបទ
កម្ពុជា

បារាំង​ចាប់​អារម្មណ៍​ទីផ្សារ​កម្ពុជា​លើ​វិស័យ​ផលិត​ផល​វេជ្ជសាស្ត្រ

បន្ទាប់​ពី​ក្រុមហ៊ុន​បារាំង​ទាក់ទង​ទៅ​នឹង​ការ​ផលិត​ទឹក​ស្អាត​ចំនួន​៨ ដែល​បាន​ចូល​មក​ស្វែង​រក​ទីផ្សារ​នៅ​កម្ពុជា ​កាល​ពី​៣ឆ្នាំ​កន្លង​ទៅ ​ក្រុមហ៊ុន​បារាំង​ដូចគ្នា​លើ​វិស័យ​ផលិត​ផល​វេជ្ជសាស្ត្រ​ចំនួន​៧ ក៏​បាន​សាកល្បង​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ។ នៅ​ឯ​ស្ថានទូត​បារាំង​ពេញ​មួយ​ថ្ងៃ​ទី​១៩​នេះ ​ក្រុមហ៊ុន​លក់​ផលិតផល​វេជ្ជសាស្ត្រ​ទាំង​នេះ​ បាន​ធ្វើ​បទ​បង្ហាញ​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា តំណាង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន ​នៅ​ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​ទំហំ​ទីផ្សារ​ដែល​មាន​ប្រជាជន​១៤លាននាក់ និង​ស្វែង​រក​ដៃ​គូ​ចែកចាយ​ផលិត​ផល​ផង​ដែរ។

Le site d'Artigues-Près-Bordeaux compte 50 personnes.
Le site d'Artigues-Près-Bordeaux compte 50 personnes. ©© Bertin Pharma
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​បារាំង​ល្បី​ៗ​ចំនួន​៧ នៅ​ថ្ងៃ​សុក្រ​ទី​១៩ មិថុនា​នេះ​ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​តាម​រយៈ​សន្និសីទ​ស្តី​ពី​បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ បង្ហាញ​ពី​ផលិតផល​វេជ្ជសាស្ត្រ​របស់​ខ្លួន​ នៅ​ខាង​ក្នុង​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា។ វាជា​លើក​ដំបូង​ហើយ​នៃ​ព្រឹត្តិការណ៍​ធុរកិច្ច​បារាំង នៅ​ប្រទេស​កម្ពុជា​ ដែល​ចង់​ឲ្យ​បច្ចេកវិជ្ជា​ពេទ្យ​របស់​ខ្លួន​ពង្រីក​វិសាលភាព​នៅ​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍​ទាំង​មូល ​បន្ទាប់​ពី​ក្រុមហ៊ុន​ផលិតផល​ពេទ្យ​ទាំង​នេះ​បាន​បង្ហាញ​រួច​ហើយ​នៅ​ប្រទេស​វៀតណាម។

ក្រុមហ៊ុន​ទាំង​៧​ បាន​ធ្វើ​បទបង្ហាញ​បន្ត​បន្ទាប់​គ្នា​នៅ​ពី​មុខ​អ្នក​ចូលរួម​ប្រមាណ​ជា​៦០​នាក់​ មក​ពី​ក្រសួង​សុខាភិបាល ក្រសួង​ពាណិជ្ជកម្ម មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​នានា មាន ក្រុមហ៊ុន​ATA ​ទាក់ទង​ទៅ​នឹង​គុណភាព​ខ្យល់ ក្រុមហ៊ុន​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ ​BERTIN TECHNOLOGIE ក្រុមហ៊ុន​លក់​ឧបករណ៍​សម្រាប់​សលសាស្ត្រ​បេះដូង​និង​ប្រអប់​ទ្រូង​ DELACROIX​ CHEVALIERក្រុមហ៊ុន GELSCOM ក្រុមហ៊ុន HELIOSCOPIE ក្រុមហ៊ុន PROTECSOM និងក្រុមហ៊ុន VYGON។

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​និង​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​វត្តមាន​របស់​ក្រុមហ៊ុន​ផលិតផល​វេជ្ជសាស្ត្រ​បារាំង​នា​ពេល​នេះ​ គឺ​វា​សមស្រប​ទៅ​នឹង​បរិបទ​កម្ពុជា​បច្ចុប្បន្ន​ ដែល​មាន​តម្រូវ​ការ​សម្ភារៈ​ទំនើប​ ដើម្បី​លើក​តម្លើង​វិស័យ​សុខាភិបាល។

ការ​បង្ហាញ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​វត្តមាន​មន្ទីរពេទ្យ​ ឯកជន​ធំ​ៗ​មួយ​ចំនួន​បើក​បំរើ​សេវាកម្ម​នៅ​កម្ពុជា ដូចជា​មន្ទីរពេទ្យ ​រ៉ូយ៉ាល់រតនៈ មន្ទីរពេទ្យ ចើរី ជាដើម។ លើស​ពី​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​មួយ​ដែរ​សម្រាប់​កំរិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ស្ថិត​នៅ​កំរិត​មធ្យម​និង​អ្នក​មាន​ធនធាន។ តាម​ការ​បញ្ជាក់​ពី​សន្និសីទ គឺ​ជា​ការ​ស្វែង​យល់​ទំហំ​ទីផ្សារ​ អតិថិជន​ដោយ​ផ្ទាល់​ និង​អ្នក​ចែកចាយ ដោយ​ផលិត​ផល​ក្រុមហ៊ុន​មួយ​ចំនួន បាន​មក​ដល់​និង​ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា​កន្លង​មក​មានក្រុមហ៊ុន​បារាំង​ចំនួន​៨​ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក្នុង ​វិស័យ​ទឹកស្អាតបាន​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២ ​ម្តង​ហើយ​ដើម្បី​ស្វែង​រក​ឱកាស​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ