ចរចាប្រាក់ឈ្នួលកម្មករ២០១៨៖ សហជីពជ្រើសយកតួលេខ១៧៦,២៥ដុល្លារទៅដាក់ក្នុងកិច្ចប្រជុំត្រីភាគី
បន្ទាប់ពីជជែកគ្នាយ៉ាងតឹងសរសៃកអស់រយៈពេលពេញមួយរសៀលថ្ងៃអាទិត្យទី២៤កញ្ញានេះ ភាគីសហជីព បានជ្រើសយកតួលេខ១៧៦,២៥ដើម្បីយកទៅដាក់នៅក្នុងកិច្ចប្រជុំត្រីភាគី។ កិច្ចប្រជុំត្រីភាគី ដែលនឹងចាប់ផ្ដើមធ្វើនៅថ្ងៃចន្ទទី២៥កញ្ញាស្អែកនេះ រវាងសហជីព និយោជក និងរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៨
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងនារសៀលថ្ងៃទី២៤កញ្ញានេះ តំណាងសហជីពដែលចូលរួមកិច្ចប្រជុំទាំងអស់ជាង៣០នាក់ បានដាក់តួលេខចំនួន៤នៅលើតុប្រជុំ។ តួលេខទាំង៤នោះគឺ៖ ១៧៦,២៥ដុល្លារ ១៧៩,៦០ដុល្លារ ១៩០,៧៣ដុល្លារ និង២១៨,២៥ដុល្លារ។
ប៉ុន្តែមូលហេតុដែលនៅទីបំផុត ក្រុមសហជីពសម្រេចជ្រើសយកតួលេខ ១៧៦,២៥ដុល្លារ ក៏ព្រោះតែចំនួននេះសមស្របជាងគេទៅនឹងតម្រូវការជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ន និងអនុលោមទៅតាមការសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្ររបស់អង្គការអន្ដរជាតិព្រមទាំងអ្នកស្រាវជ្រាវសេដ្ឋកិច្ចនានា។
ចំណែកលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាវិញ។ លោកយល់ឃើញថា ១៧៦,២៥ដុល្លារ គឺជាតួលេខដ៏ល្អ មិនទាបពេក មិនខ្ពស់ពេក។ តួលេខនេះបានបង្ហាញពីភាពចាស់ទុំក្នុងការចរចារបស់សហជីព ដែលគិតពីការប្រកួតប្រជែងរបស់និយោជកផងនិងគិតពីតម្រូវការរបស់និយោជិតផង។ នេះបើតាមលោក សោម អូន។
សូមជម្រាបថា តួលេខ១៧៦,២៥ដុល្លារនេះ នឹងត្រូវសហជីពយកទៅដាក់នៅក្នុងកិច្ចប្រជុំត្រីភាគីនៅថ្ងៃចន្ទទី២៥កញ្ញា។ កិច្ចប្រជុំត្រីភាគី នឹងមានការចូលរួមពីតំណាងសហជីព តំណាងសមាគមថៅកែរោងចក្រ និងក្រសួងការងារ ដែលភាគីនីមួយៗមានសមាសភាពចំនួន១៦រូប។ តំណាងនិយោជកមានតួលេខរួចស្រេចហើយ ប៉ុន្តែលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរកម្ពុជាសុំមិនបង្ហើបប្រាប់ទេនាពេលនេះ។ ប៉ុន្តែលោក កាំង ម៉ូនីកា បានព្រមានថា ការតម្លើងប្រាក់ឈ្នួល អាចប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ព្រោះនិយោជកចំណេញកាន់តែតិច។
ទាក់ទងទៅនឹងការចរចាកំណត់ប្រាក់ឈ្នួលឆ្នាំ២០១៨នេះ ក្រសួងការងារបានប្រកាសប្រើប្រាស់រូបមន្តចាស់ នោះគឺគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច។ ផ្នែកសង្គម គឺត្រូវពិនិត្យលើស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ។ ចំណែកផ្នែកសេដ្ឋកិច្ច គឺផ្តោតលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស និងស្ថានភាពទីផ្សារ។ ការសម្រេចប្រាក់ឈ្នួលអប្បបរមាសម្រាប់និយោជិតក្នុងវិស័យវាយនភណ្ឌ នឹងត្រូវធ្វើឡើងនៅខែតុលា ហើយនៅថ្ងៃទី១មករាឆ្នាំ២០១៨ គឺជាថ្ងៃដែលប្រាក់ឈ្នួលអប្បបរមាចូលជាធរមាន។
គួររំឭកជូនផងដែរថា សព្វថ្ងៃនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង មានចំនួន១៥៣ដុល្លារ។ ប្រាក់ឈ្នួលនេះកើនឡើងប្រមាណជាង១៣ដុល្លារ បើធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ