អានតួអត្ថបទ
កម្ពុជា

អ្នកនាំពាក្យ៖ គ.ជ.ប. គ្មាន​លុបឈ្មោះ​​ជន​សង្ស័យ ថា​ជាជន​បរទេស​ណា​ម្នាក់ទេ!

បណ្តឹងជំទាស់ ដែល​សុំ​ឲ្យ​លុប​ឈ្មោះ​ជន​បរទេសក្នុង​បញ្ជី​បោះឆ្នោត​ គឺមាន​ចំនួន​ ​៦៤ បណ្តឹង ​ដែល​ប្តឹង​ឡើង​ទៅ​ដល់​គ.ជ.ប. ។ បណ្តឹងទាំង​នោះ គឺ​​ពាក់ព័ន្ធនឹង​​ជន​បរទេស​ ចំនួន​ ១ ​១​៨៩​នាក់។ ​នៅចន្ទ​នេះ គឺ​ជាថ្ងៃ​ដំបូង​ ដែលក្រុមប្រឹក្សាជំនុំជម្រះ​របស់​គ.ជ.ប. ​បើក​សវនាការ​ដើម្បីចេញ​សេចក្តី​សម្រេច​ ទៅលើ​បណ្តឹង​ចំនួន​៧។ គឺ​ជា​បណ្តឹង​​ពាក់ព័ន្ធ​ទៅ​​នឹង​ការ​សុំ​ឲ្យ​លុប​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ដែល​គេ​​សង្ស័យថា​ជាជន​បរទេស ចំនួន​១៨១នាក់​។ ប៉ុន្តែ នៅទី​បំផុត ​គ.ជ.ប. បាន​សម្រេច​រក្សា​ទុកឈ្មោះ​ជន​ទាំង​នោះ​ ឲ្យ​នៅដដែល​។ សូម​ស្តាប់ប្រសាសន៍​​លោក ហង្ស ពុទ្ធា អ្ន​កនាំពាក្យ​របស់​គ.ជ.ប. ដែល​ជាការ​រៀប​ចំ​ដោយ​ ហេង ឧត្តម ៖ 

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​គ.ជ.ប.
ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​គ.ជ.ប.
ផ្សាយពាណិជ្ជកម្ម

ជាការ​កត់​សម្គាល់ អ្នកនាំពាក្យ​គ.ជ.ប. ប្រាប់វិទ្យុ​បារាំងថា​ គ្មា​នលុប​ឈ្មោះទេ តែ​ផ្ទុយ​ទៅវិញ ប្រធាន​គ.ជ.ប. លោក ស៊ិក ប៊ុនហុក បាន​ប្រាប់​ទៅសារព័ត៌មាន​ក្នុង​ស្រុក​មួយថា ​មាន​លុប​ឈ្មោះ​ជន​បរទេស​ចំនួន​១៤នាក់ ក្នុង​ចំណោម​១៨១នាក់ នៃបណ្តឹង​ជំទាស់​ទាំង៧ ដែល​ដោះស្រាយ​ក្នុងថ្ងៃ​ទី១។

ជាមួយ​គ្នា​នេះ អ្ន​កនាំពាក្យ​របស់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត បាន​បញ្ជាក់ថា បើ​ដើមបណ្ដឹង​មិន​សុខ​ចិត្ត គ.ជ.ប. ទុក​រយៈ​ពេល​ឲ្យ​៥ថ្ងៃ ដើម្បី​ប្តឹងបន្ត​ទៅ​​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ ហើយ​ក្រុម​​​​ប្រឹក្សា​រដ្ឋធម្មនុញ្ញ មាន​រយៈ​ពេល​១០ថ្ងៃ ដើម្បី​ចេញ​សេចក្តី​បិទ​ផ្លូវតវ៉ា។

 
ចំណែក​ការ​សុំ​ឲ្យ​ដក​អត្ត​សញ្ញាណបណ្ណ​ពីជន​បរទេស​វិញនោះ លោក ហង្ស ពុទ្ធា គូស​បង្ហាញថា ដើមបណ្តឹង​គួរ​ប្តឹង​ទៅ​តុលាការ​វិញ។

សូម​បញ្ជាក់ដែរថា ចាប់​តាំង​ពីការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​ នៅថ្ងៃទី​៣ រហូត​ដល់​១៤មករា, គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត ទទួល​បាន​បណ្តឹង​ ចំនួន​ ១ ​៤១២ បណ្តឹង គឺ​ជា​បណ្តឹង​ដែល​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ បណ្តឹង​ទាំង​នោះ​មាន​ ២ ​ប្រភេទ គឺ​ទី១ ជា​បណ្តឹង​តវ៉ា​ ដែល​ស្នើ​សុំ​ឲ្យ​កែប្រែ​ទិន្នន័យនិង​អក្ខរា​វិរុទ្ធ មាន​ចំនួន​ ៦៥១ បណ្តឹង។

ចំណែកទី២ គឺ​ជា​បណ្តឹង​ជំទាស់ ដែល​ប្តឹង​សុំ​ឲ្យ​លុប​ឈ្មោះបុគ្គល​មួយ​ចំនួន​​ដែល​គេ​សង្ស័យ​ថា​ជា​ជន​ បរទេសនោះ គឺមាន​ចំនួន​ ៧៦១ បណ្តឹង​។

ចំពោះ​បណ្តឹង​ដែល​ប្តឹង​ឡើង​ទៅ​ដល់​គ.ជ.ប. គឺ​មាន ​៦៤ បណ្តឹង។ បណ្តឹង​ទាំងនេះ​ គឺ​ជាប់​ទាក់​ទង​ទៅនឹង​ការ​សង្ស័យ​ថា​ជន​បរទេស​បាន​ចុះ​ឈ្មោះ បោះឆ្នោត គឺ ចំនួន​ ១ ​១​៨៩​នាក់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ