អ្នកជំនាញ៖ អ្នកផ្ទុកមេរោគអេដស៍១ម៉ឺននាក់ក្នុងចំណោម៥ម៉ឺន៧ពាន់នាក់ មិនទៅទទួលយកថ្នាំពន្យាជីវិត
បើទោះបីជាការឆ្លងមេរោគអេដស៍នៅពេលបច្ចុប្បន្ននេះ មានការថយចុះមកនៅត្រឹម២នាក់ក្នុងមួយថ្ងៃក៏ហើយក្តី ក៏ប៉ុន្តែក្តីបារម្ភចំពោះការចម្លងមេរោគនេះ នៅតែបន្តមាន។ កត្តានេះ ទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដដែល ខណៈដែលអ្នកផ្ទុកមេរោគប្រមាណជា១ម៉ឺននាក់ ក្នុងចំណោម៥ម៉ឺន៧ពាន់នាក់នៅពេលបច្ចុប្បន្ននេះ មិនបានទៅទទួលយកគ្រាប់ថ្នាំពន្យាជីវិតពីមណ្ឌលសុខភាពរបស់រដ្ឋ។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍បានបញ្ជាក់ប្រាប់វិទ្យុបារាំងឲ្យដឹងនៅថ្ងៃចន្ទ ទី ២៣ ឧសភានេះថា ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលកម្ពុជា រួមនឹងមូលនិធិសកល Global Fund បានចំណាយទឹកប្រាក់អស់ប្រមាណពី ១០ លាន ទៅ១៧ លានដុល្លារ សម្រាប់ការផ្តល់សេវា និងថ្នាំពន្យាជីវិត ដល់អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
បច្ចុប្បន្ននេះចំនួនអ្នកផ្ទុកមេរោគនៅកម្ពុជាមានចំនួន ៥ម៉ឺន ៧ពាន់នាក់ ហើយចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ គឺមានចំនួន ២នាក់ ក្នុងមួយថ្ងៃ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានបេ្តជ្ញាថានឹងព្យាយាមធ្វើយ៉ាងណាឲ្យអត្រាអ្នកឆ្លងមេរោគអេដសន៍នេះមានកម្រិតទាបបំផុតនៅត្រឹមឆ្នាំ២០២៥ ដែលអាចនឹងមានត្រឹមតែមួយអ្នកក្នុងមួយថ្ងៃ ឬក៏តិចជាងនេះទៅទៀត។
អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍នៅបច្ចុប្បន្ននេះ គឺចំនួនប្រជាពលដែលផ្ទុកមេរោគចំមួន ១ម៉ឺននាក់ក្នុងចំណោម ៥ម៉ឺន៧នាក់ មិនបានទៅទទួលយកសេវាព្យាបាល និងថ្នាំពន្យាជីវិតនោះទេ។ អញ្ចឹងហើយអ្នកទាំង១ម៉ឺននាក់នោះ អាចជាក្តីកង្វល់មួយសម្រាប់អាជ្ញាធរ ដោយសារតែពួកគាត់អាចមានលទ្ធភាពទៅចម្លងមេរោគដល់ប្រជាពលរដ្ឋដទៃទៀតបាន។
លោកវេជ្ជបណ្ឌិតស៊ឹម គឹមសាន អគ្គលេខាធិការរងនៃអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា មូលហេតុដែលអ្នកផ្ទុកមេរោគអេដស៍១ម៉ឺននាក់ ដែលមិនព្រមមកទទួលយកសេវាព្យាបាល និងថ្នាំពន្យាជីវិតរបស់រដ្ឋនោះ គឺអាចបណ្តាលមកពីភាពអៀនខ្មាស និងការធ្វើចំណាកស្រុកជាដើម។
លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគទាំងអស់ដែលមិនទាន់ទទួលបានសេវាថែទាំ និងថ្នាំពន្យាជីវិតពីមណ្ឌលសុខភាពនៅតាមភូមិស្រុករបស់គាត់ សូមមេត្តាទៅទទួល ដើម្បីថែទាំសុខភាព និងការពារ ការចម្លងទៅអ្នកដទៃ។ រដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិសកលបានចំណាយថវិកាប្រមាណពី១០លាន ទៅ ១៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីជួយថែទាំសុខភាពអ្នកផ្ទុកមេរោគនៅកម្ពុជាផងដែរ។
សូមរំលឹកថា មេរោគអេដស៍បានផ្ទុះរីករាលដាលនៅកម្ពុជាខ្លាំងនៅឆ្នាំ១៩៩៨ ដែលមានអត្រាឆ្លងក្នុង១០០នាក់ក្នុងមួយថ្ងៃ ហើយនៅពេលនោះ គឺមានអ្នកផ្ទុកមេរោគអេដស៍រហូតដល់ ១៦ម៉ឺន ៩ពាន់នាក់។ ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ ចំនួនអ្នកផ្ទុកមេរោគបានថយចុះមកនៅត្រឹម ៥ម៉ឺន ៧នាក់ ដែលអត្រាអ្នកឆ្លងមេរោគនេះ មានត្រឹម២នាក់ ក្នុងមួយឆ្នាំ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ