អានតួអត្ថបទ
កម្ពុជា

ហោ ណាំ​ហុង៖ កម្ពុជា​រក​ឃើញ​ផែនទី​នៅ​សភា​អាមេរិក​ មុន​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​

រដ្ឋ​មន្ត្រី​ការបរទេស បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មានថា ​កម្ពុជា​បាន​រកឃើញ​ផែន​ទី​នៅ​បណ្ណាល័យ​របស់​សភាព​អាមេរិក​មុន​លោក ​អ៊ុំ សំអាន។ ហើយ សុំ​ឲ្យ​គណបក្ស​ប្រឆាំង​ឈប់​យក​បញ្ហា​ព្រំដែន​មក​ឃោសនា​រក​សម្លេង​ឆ្នោត។ ការ​ថ្លែង​របស់​លោក ហោ ណាំហុង យ៉ាង​ដូច្នេះ ធ្វើឡើង​ក្រោយ​ពេលដែល​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ផែនទី​ចំនួន២៦ផ្ទាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ សីហា។ 

លោកហោ ណាំហុង
លោកហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ផែនទី​របស់​កម្ពុជា នៅតែ​ក្លាយជា​បញ្ហា​ក្តៅ​នៅ​ឡើយ​សម្រាប់​គណបក្ស​ប្រឆាំង និង​រដ្ឋាភិបាល​កម្ពុជា។ នៅ​ថ្ងៃទី៣០សីហា នេះ លោក ហោ ណាំហុង រដ្ឋ​មន្ត្រីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​បញ្ជាក់ ក្រោយពី​បញ្ចប់​បាថកថា​ស្តីពី យុវជន និង​សហគមន៍​អាស៊ាន ២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ថា ប្រទេស​កម្ពុជា បាន​រកឃើញ​ផែន​ទី ដែល​ដាក់​នៅ​បណ្ណាល័យ​សភា​អាមេរិក​រយៈពេល១០ឆ្នាំ​មកហើយ។

 
លោក​បញ្ជាក់​ថា​ពេល​នេះ កម្ពុជា​បាន​ប្រើប្រាស់​វា​រួចរាល់​ហើយ ពោលគឺ​វា​មិន​មាន​អ្វី​ខុស​គ្នា​ទាល់​តែ​សោះ​រវាង​ផែនទី​ដែល​កម្ពុជា​មាន​ស្រាប់។ ហើយ​លោក​ចាត់​ទុក​សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​កំពុង​តែ​យក​បញ្ហា​ផែន​ទី​នេះ ​ជា​ការ​ឃោស​នា និង​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល។ លោក​ហោ ណាំហុង សង្ឃឹម​ថា ប៉ុន្មាន​ខែ​ខាង​មុខ​នេះ គ្រប់​គណបក្ស​នយោបាយ​នឹង​បាន​ភ្លឺ​ភ្នែក នូវ​អ្វីដែល​រដ្ឋាភិបាល​បាន​ធ្វើ។

យ៉ាងណាមិញ លោក​យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​គឺជា​ទឹកដី​របស់​កូន​ខ្មែរ​គ្រប់រូប ​ហើយ​កូន​ខ្មែរ​គ្រប់​មាន​ការ​ឈឺ​ឆ្អាល​រឿង​ទឹកដី​របស់​ខ្លួន​ វា​ជា​រឿង​ធម្មតា។ ហើយ​លោក​បន្តថា បើសិន​យើង​ជា​កូន​ខ្មែរ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​ទឹកដី តើ​យើង​ទុក​ឲ្យ​អ្នកណា​ជា​អ្នក​ខ្វាយខ្វល់។

សូម​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​អ៊ុំ សំអាន បាន​រក​ឃើញ​ផែន​ទី​ចំនួន ២៦ផ្ទាំង ហើយ​លោក​អះអាង​ថា ជា​ផែន​ទីបោ​ន  ដែល​មិន​មាន​ត្រា​ប្រទេស​វៀតណាម​នោះ​ទេ និង​ត្រូវបាន​ព្រះ​បរម​រតន​កោដ្ឋ យកទៅ​តម្កល់​ទុក​នៅ​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ១៩៦៤ ថែម​ទៀត។ ហើយ​ក្រោយ​មក លោក​វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ​នៅក្នុង​សន្និសីទ​កាសែត នា​រសៀល​ថ្ងៃទី ២៨​សីហា បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​អ៊ុំ សំអាន ថា ទង្វើ​របស់លោក ជាការ​ញុះញង់ បង្ក​អស្ថិរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ