អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ស្វាគមន៍​បក្ស​ពីរ​ទៀត ដែល​ចង់​ចូល​រួម​ក្នុង «ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​សីហា​នេះ បាន​ប្រកាស​ស្វាគមន៍​គណបក្ស​នយោបាយ​ពីរ​ផ្សេង​ទៀត ដែល​មាន​បំណង​ចង់​ចូល​រួម​ក្នុង ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ តែ​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ពី​លោក។ ជា​ឧត្តម​ក្រុម​ប្រឹក្សា​ថ្មី​មួយ ដែល​រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​បង្កើត​ជាមួយ​គណបក្ស​១៥​ផ្សេង​ទៀត បូក​រួម​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផង។

លោក ហ៊ុន សែន ក្នុង​ឱកាស​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី
លោក ហ៊ុន សែន ក្នុង​ឱកាស​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន ក្នុង​ឱកាស​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​១​ម៉ឺន​៤​ពាន់​នាក់ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ អះអាង​ថា បើ​គណបក្ស​ពីរ​ផ្សេង​ទៀត​ចង់​ចូល​រួម ក្នុង​កិច្ច​ប្រជុំ​រៀប​ចំ​សេចក្តី​ព្រាង​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ ជាមួយ​នឹង​គណបក្ស​១៦​ទៀត​នោះ ត្រូវ​រង​ចាំ​ការ​សម្រេច​ពី​លោក​ជា​មុន​សិន។ លោក​បន្ត​ថា បើ​សិន​គណបក្ស​ពីរ​នោះ គ្រាន់​តែ​ប្រកាស​ជំហរ​តាម​បណ្តាញ​ព័ត៌មាន និង​មិន​បាន​សរសេរ​សំបុត្រ​ស្នើ​សុំ​ផង ដូច្នេះ​គេ​មិន​អាច​ហៅ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទេ ព្រោះ​កិច្ច​ប្រជុំ​នេះ ត្រូវ​មាន​ការ​រៀប​ចំជា​មុន។

ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន មិន​បាន​ប្រកាស​ពី​ឈ្មោះ​គណបក្ស​ទាំង​ពីរ​នោះ​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​លើក​ឡើង​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង ដែល​បាន​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូល​រួម​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ទេ។ ប៉ុន្តែ​ប្រធាន​គណបក្ស​មាតុភូមិ​យើង លោក ច័ន្ទ ប៊ុនហន អះអាង​ថា​គណបក្ស​បង្ហាញ​ជំហរ​ចូល​រួម ប្រសិន​បើ​មាន​ការ​ស្វាគមន៍។ ចំពោះ​លក្ខខណ្ឌ ដែល​ចង់​ឲ្យ​លោក សរសេរ​លិខិត​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​បាន​ចូល​រួម​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​នេះ លោក​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ លោក ហ៊ុន សែន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ចំនួន​១៦ និង​បាន​ប្រកាស​ផ្តួច​ផ្តើម​បង្កើត «ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់»។ ​

ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ មាន​នាទី​ផ្តួច​ផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅ​លើ​ការ​រៀប​ចំ​គោល​នយោបាយ ដល់​រាជ​រដ្ឋាភិបាល, ចូល​រួម​ផ្តល់​យោបល់​ដល់​សេចក្តី​ព្រាង​ច្បាប់, និងធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា​ត​តាំង និង​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា។ ប្រធាន​គណបក្ស ឬ​អនុប្រធាន​គណបក្ស នៅ​ពេល​ដែល​ចូល​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នឹង​មាន​ឋានៈ​ស្មើ​​ទេសរដ្ឋមន្ត្រី​ ឬ​រដ្ឋមន្ត្រី មាន​ប្រាក់​ខែ​ និង​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថែម​ទៀត។

សូម​ជម្រាប​ជូន​ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​មិន​ចូល​រួម​ក្នុង ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បង្កើត​ដោយ​រដ្ឋាភិបាល។ គណបក្ស​ទាំង​ពីរ​នោះ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោក ខឹម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ របស់​លោក ក្រវ៉ាញ ដារ៉ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ