អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្រ្តី​មហា​ផ្ទៃ​កម្ពុជា ព្រមាន​មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ឲ្យ​ដក​ខ្លួន​ចេញ​ពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ជា​បន្ទាន់

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ស ខេង បាន​ព្រមាន​ដល់​មន្រ្តី​រាជ​រដ្ឋាភិបាល និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​ប្រញ៉ាប់​ប្រញ៉ាល់​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ចេញ​ពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ទោះ​ក្នុង​រូប​ភាព​ចេតនា ឬ​អចេតនា​ក្តី។ ការ​ព្រមាន​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិល​មិញ ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ទិវា «ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ថ្ងៃ​ ១២​ធ្នូ​ឆ្នាំ​២០១៦»។

ការ​ឃាត់​ខ្លួន​ជន​ល្មើស ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​
ការ​ឃាត់​ខ្លួន​ជន​ល្មើស ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ @IJM
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បាន​លើក​ឡើង​ឲ្យ​ចំ​ឈ្មោះ និង​ពី​ករណី​ជាក់​ស្តែង​ណា​មួយ តែ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ស ខេង បាន​ដាស់​តឿន​ចំពោះ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ទាំង​ឡាយ​ណា​ ដែល​បាន​នឹង​កំពុង​តែខុបខិត ឬ​សហការ​ជាមួយ​ជន​ល្មើស​ក្នុង​ការ​ជួញ​ដូរ​មនុស្ស ឬ​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ណា​មួយ ទោះ​ដោយ​ចេតនា​ក្ដី​ ឬ​អចេតនា​ក្ដី ត្រូវ​តែ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់។

ការ​លើក​ឡើង​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា «ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្ងៃ​ ១២​ធ្នូ» កាល​ពី​រសៀល​ម្សិល​មិញ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ ដែល​មាន​ការ​ចូលរូម​ពី​សំណាក់​ថ្នាក់​ដឹ​កនាំ ម​ន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់ រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ និង​សិស្ស​និស្សិត​រាប់​ពាន់​នាក់។ ថ្លែង​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុ​ជានេះ លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង បាន​ព្រមាន​ថា ពួក​គេ​នឹង​មិន​អាច​សំងំ​លាក់​លៀម​ពី​សកម្មភាព​ល្មើស​ច្បាប់​របស់​ពួក​គេ​បាន​យូរ​នោះ​ទេ។ ការ​ព្រមាន​ឲ្យ​ដក​ខ្លួន​នៅ​ពេល​នេះ គឺ​មុន​ពេល​ ដែល​កង​កម្លាំង​មាន​សមត្ថកិច្ច នឹង​ត្រូវ​ចាប់​ខ្លួន​ពួក​គេ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

គួរ​ជម្រាប​ជូន​ថា ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៦ ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​ស្គាល់​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ យោង​តាម​របាយការណ៍​លើក​ទី​ ១៦ របស់​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ចេញ​ផ្សាយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦​នេះ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ក្រុម​ប្រទេស ទី​២ (Tier 2) ក្នុង​ចំណោម​ប្រទេស ១៨៨ ដែល​ជា​ចំណាត់​ថ្នាក់​រួច​ផុត​ពី​ការ​ឃ្លាំ​មើល (Tier 2 Watch List) របស់​ក្រសួង​ការ​បរទេស​អាមេរិក។ ការ​ប្រែប្រួល​ចំណាត់​ថ្នាក់​កាល​នោះ គឺ​ដោយសារ​តែ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​កត់​សម្គាល់​នូវ​ការ​រីក​ចម្រើន​មួយ​ចំនួន​របស់​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ ក្នុង​នោះ រួម​មាន​ការ​ផ្តន្ទាទោស​ជន​ល្មើស ការ​ផ្តល់​ថិវកា​ប្រចាំ​ឆ្នាំ និង​ការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​ ដែល​បាន​កើន​ឡើង​ពី​ ៣២៦​នាក់​ នៅ​ឆ្នាំ​២០១៥ ដល់ ៥៨៩​នាក់​ នៅ​ឆ្នាំ​២០១៦។

សូម​បញ្ជាក់​ថា ជាយូរ​មក​ហើយ ដែល​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ប្រភព​ និង​ជា​ទី​កន្លែង​ឆ្លង​កាត់​នៃ​ការ​ជួញដូរ​មនុស្ស​ទាំង​កម្លាំង​ពលកម្ម និង​ផ្លូវភេទ រាប់​ទាំង​បុរស-ស្ត្រី និង​កុមារ​ផង។ យុវជន​កម្ពុជា​ដែល​ពេញ​កម្លាំង​ភាគ​ច្រើន​បាន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ពេល​ដែល​ពួក​គេបា​នចំណាក​ស្រុក​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេ​ស ឬ​ចំណាក​ស្រុក​ពី​ជនបទ​មក​កាន់​ទីក្រុង​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ