លោក ហ៊ុន សែន ប្រកាសបើកទីផ្សារកម្ពុជា សម្រាប់វិនិយោគិនចិន
អំឡុងពេលស្នាក់នៅក្នុងប្រទេសចិន លោក ហ៊ុន សែន បានប្រកាសបើកទីផ្សារកម្ពុជាសម្រាប់ការវិនិយោគរបស់ចិន នៅចំពោះមុខតំណាងក្រុមហ៊ុនចិនធំៗចំនួន៨ នៅថ្ងៃទី១១ខែកញ្ញា ម្សិលមិញ។ បន្ថែមពីលើការប្រកាសគៀងគរអ្នកវិនិយោគចិនឲ្យមកដាក់ទុននៅកម្ពុជា លោក ហ៊ុន សែន ក៏បានអះអាងពីការរក្សាកុងត្រាចាស់ជាមួយក្រុមហ៊ុនចិនចំនួន៦ ដែលកំពុងតែប្រតិបត្តិការនៅកម្ពុជាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
ការប្រកាសបើកចំហរទីផ្សារសម្រាប់ការវិនិយោគរបស់ចិន ធ្វើឡើងនៅក្នុងជំនួបដាច់ដោយឡែករវាង លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនចិនចំនួន៨ ដែលជំនួបនេះធ្វើឡើងនៅក្រៅកិច្ចប្រជុំ ពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន។ ក្រុមហ៊ុនចិន ដែលលោក ហ៊ុន សែន បានជួបពិភាក្សានេះ ភាគច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ លើវិស័យកសិកម្ម កំពង់ផែ ថាមពល និងវារីអគ្គីសនីជាដើម។
បន្ថែមពីវិស័យទាំងនេះ លោក ហ៊ុន សែន បានបង្ហើបប្រាប់ដល់អ្នកវិនិយោគចិនអំពីកម្ពុជាថា នៅមានវិស័យអាទិភាពមួយចំនួន ដែលពុំទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគពីវិនិយោគិនបរទេស ជាពិសេសអ្នកវិនិយោគ និងសហគ្រិនពីប្រទេសចិន។ វិស័យទាំងនោះរួមមាន៖ កសិកម្ម កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ ឧស្សាហកម្មនាំចេញ រ៉ែនិងថាមពល ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ នេះបើតាមខ្លឹមសារដែលមានចុះផ្សាយក្នុងទំព័រហ្វេសបុក លោក ហ៊ុន សែន ។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេលបីឆ្នាំចុងក្រោយនេះ ការវិនិយោគពីប្រទេសចិននៅកម្ពុជាឡើងប្រមាណ ៩០០ លានដុល្លារអាមេរិក។ នៅក្នុងឋានៈនាយករដ្ឋមន្ត្រីបន្តដឹកនាំកម្ពុជានាអាណត្តិទី៦នេះ លោក ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់វិនិយោគិនចិនថា កម្ពុជាធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស និងជាពិសេស វិនិយោគិនពីប្រទេសចិន។ ដូច្នេះនៅក្នុងអាណត្តិទី៦នេះ គ្មានឡើយការលុបកុងត្រាចាស់ណាមួយពីក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការរកស៊ីនៅកម្ពុជា។ និងថា រដ្ឋាភិបាលរបស់លោកនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមចិនទាំងអស់នៅកម្ពុជា។ នេះបើតាមលោក ហ៊ុន សែន ។
បន្ថែមពីលើនេះ លោក ហ៊ុន សែន បានស្នើសុំឲ្យប្រទេសចិនជួយជំរុញឲ្យវិនិយោគិនចិនដទៃៗទៀតមកវិនិយោគនៅប្រទេសកម្ពុជា។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិភាគបញ្ហាសង្គម បានរំឮកដល់រដ្ឋាភិបាលកម្ពុជាឲ្យងាកមកមើលការវិនិយោគរបស់ចិននៅក្នុងខេត្តព្រះសីហនុ ដែលពួកគេយល់ថា ជាគំរូវិនិយោគមួយមិនល្អ។ ហើយរដ្ឋាភិបាលមិនត្រូវព្រងើយកន្តើយចំពោះការវិនិយោគឬអាជីវកម្មណា ដែលប៉ះពាល់ផលប្រយោជន៍ពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ ជាពិសេសការវិនិយោគផ្នែកល្បែងស៊ីសង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ