អានតួអត្ថបទ
កម្ពុជា

បុរសខ្លាំងទាំងពីរ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឆ្លើយ​ឆ្លង​គ្នា​ដូច​អាយ៉ៃ!

នៅ​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្ត្រី ចេញ​មុខ​ប្រតិកម្ម​ឆ្លើយ​តបនឹង​សម្តី​ក្លាហាន​របស់​លោក សម រង្ស៊ី ពាក់​ព័ន្ធ​រឿង​វិល​ចូល​ស្រុក​វិញ​ បើ​គ្មាន​បំរាម​។ លោក ហ៊ុន សែន រម្លឹក​ឡើងវិញ លោក​គឺជាអ្នក​ចេញ​បញ្ជា​ឲ្យ​លុប​​បំរាម​នោះ ហើយ​ទីបំផុត លោក សម រង្ស៊ី នៅតែ​ប្តូរចិត្ត​។ សម្រេច​សម្រួច​ទៅ អតីតប្រមុខ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស តប​ទៅវិញ ថា លោក​នឹង​មក​ស្រុកខ្មែរបើគ្មាន​ឧបសគ្គ​រារាំង​ទាំងឡាយ។

លោកសម រង្ស៊ី ​និង​លោក​ហ៊ុន សែន ​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​ក្នុង​ហ្វេស​បុក។​
លោកសម រង្ស៊ី ​និង​លោក​ហ៊ុន សែន ​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​ក្នុង​ហ្វេស​បុក។​
ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃជាប់ៗមក​នេះ​ សារឆ្លើយឆ្លងឌឺដងដាក់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មាន​ជាប់គ្នា​យ៉ាង​រដឹក។ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅថ្ងៃ​​ព្រហស្ប៍ទី​១៥មិថុនា លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា លោក​បាន​បញ្ជាឲ្យរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​លុបចោល​​បំរាម​ចំពោះ​លោក សម រង្ស៊ី ​ហើយ​ដើម្បីបើកផ្លូវ​​ឲ្យ​អ្នក​ក្លាហាន​រូប​នេះ​ អាច​ហ៊ាន​ចូល​ស្រុក​វិញ។ ការ​ដាក់​បំរាម​កាល​ពី​លើក​មុន​នោះ ត្រូវ​លោក​ ហ៊ុន សែន ពន្យល់ថា​ ក៏​ដើម្បីការពារសុវត្ថិភាព និងអាយុ​ជី​វិតរបស់លោក​ សម រង្ស៊ី​ ដែរ​។ 

ការ​ឆ្លើយ​តប​ដូច្នេះ គឺបន្ទាប់ពី​ប្រមុខរដ្ឋរដ្ឋាភិបាល បាន​ស្តាប់​បទសម្ភាសរបស់​លោក សម រង្ស៊ី ​ជាមួយ​វិទ្យុ​អន្តរជាតិមួយ​ នា​រាត្រី​ថ្ងៃទី១៣មិថុនា។​ លោក សម រង្ស៊ី បាន​អះអាងថា លោក​នឹង​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ​ភ្លាម បើ​រដ្ឋាភិបាល​កម្ពុ​ជាដ​ក​បំរាម រារាំង​មិន​ឲ្យ​យន្ត​ហោះ​​​ដឹក​អ្នកដំណើរ​ដឹក​រូបលោក​មកកាន់​ប្រទេស​កម្ពុជា​នោះ។

ចំពោះ​លោក សម រង្ស៊ី វិញ កាល​ពី​ថ្ងៃ​ទី​១៤ខែ​មិថុនា បន្ទាប់ពី​បាន​ឃើញ​បទបញ្ជា​លុប​បំរាម​នោះ​ហើយ​ លោកបាន​សរសេរ​ Email ប្រាប់អ្នក​កាសែតទាំងឡាយ​ ដោយ​ក្រឡាស់​ពាក្យ​សម្តី​​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជាវិញ​ភ្លាម នៅ​ពេល​អស់​មាន​ឧបសគ្គ​រាំង​ខ្ទប់​ដល់​​សុវត្ថិភាព និង​សេរីភាព​របស់​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ស្រុក​ខ្មែរ​វិញ។

ចំពោះ​លោក ហ៊ុន សែន, ឧបសគ្គ​រារាំង​សម្រាប់​អតីតប្រធាន​បក្ស​ប្រឆាំង គឺមាន​តែគុក ព្រោះ​សេចក្តី​សម្រេច​​ចាប់​ចង​ពីសំណាក់​ប្រព័ន្ធ​តុលាការ ​នៅ​មិនទាន់​លើកលែង​នៅឡើយទេ​​។ លោក​នាយករដ្ឋមន្ត្រី​ លើកឡើង​ជាថ្មីទៀត​ថា លោក​ក៏​នឹង​មិន​សរ​សេរ​​សារ​សុំ​ការ​លើកលែង​ទោស​ចំពោះ​លោក សម រង្ស៊ី ទៅ​ថ្វាយ​ព្រះ​មហាក្សត្រទៀតនោះឡើយ​ ព្រោះលោក​ធ្លាប់​បាន​ទូល​សុំ​ទ្រង់​ពីរ​ដង​រួច​មកហើយ​។​

ជាការ​ឆ្លើយ​តប​ទៅវិញ អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលរុំព័ទ្ធដោយបណ្តឹង​នៅតុលាការ​ខ្មែរ​នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៥មិថុនា​ តាមរយៈទំព័រហ៊្វសប៊ុករបស់ខ្លួន បានប្រកាសថា មុន​នឹង​វិល​ត្រឡប់​មកកម្ពុជាវិញ លោកត្រូវការឲ្យលោកហ៊ុន សែន បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី​យល់​ព្រម​បោះបង់គម្រោងរបស់ខ្លួន​ ដែលចង់ «កម្ចាត់មនុស្សពី១០០ ទៅ២០០នាក់»​ ដើម្បីរក្សាអំណាច។

លោក សម រង្ស៊ី, ថា​គម្រោង​របស់​លោក ហ៊ុន សែន នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈនា​ថ្មី​ៗ ហើយ​លោក សម រង្ស៊ី ក៏​ដឹង​ដែរ​ថា តាំង​តែ​ពី​ឆ្នាំ ១៩៩៧ លោក​ជា​មនុស្ស​ទី​១ នៅ​លើបញ្ជី​ខ្មៅ​របស់​លោក​ហ៊ុន សែន​។ ហើយ​ប្រមុខ​រដ្ឋាភិបាល ​បានរក្សាផ្នត់គំនិត និងទម្លាប់ខ្មែរក្រហម តាំង​តែ​ពី​ធ្វើ​ជា​មេទ័ព​ខ្មែរ​ក្រហម​កាល​ពី​សម័យ ប៉ុល ពត។​ នេះ​បើ​តាម​លោក​សម​រង្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ