លោក ហ៊ុន សែន ប្តឹងលោក សោ ចាន់ដេត ទារ១លានដុល្លាររឿងជេរប្រមាថ
មេធាវីតំណាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី១៨ មីនានេះ បានដាក់ពាក្យប្តឹងលោកសោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៉ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទជេរប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ លោកនាយករដ្ឋមន្រ្តីបានប្តឹងទាមទារសំណងជំងឺចិត្តពីលោកសោ ចាន់ដេត ចំនួនប្រមាណ១លានដុល្លារអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៩
នៅទីបំផុត ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្តឹងលោកសោ ចាន់ដេត ជាផ្លូវការហើយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីព្រមានប្តឹងកាលពីសប្តាហ៍មុន។ កាលពីថ្ងៃទី១៣ មីនា សប្តាហ៍មុន លោកហ៊ុន សែន បានព្រមានប្តឹងលោកសោ ចាន់ដេត ដោយប្រកាសថា នឹងទាមទារសំណងជំងឺចិត្តមិនក្រោមពីរលានដុល្លារអាមេរិកឡើយ ដើម្បីយកទៅជួយដល់កុមារកំព្រា។ ប៉ុន្តែនៅពេលនេះ លោកនាយករដ្ឋមន្រ្តីប្តឹងដោយទាមទារសំណងជំងឺចិត្តតែប្រមាណ៤ពាន់លានរៀល ឫប្រហែល១លានដុល្លារអាមេរិកប៉ុណ្ណោះ។
តាមពាក្យបណ្តឹងរបស់លោកមេធាវីគី តិច គឺលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្តឹងលោកសោ ចាន់ដេត ពីរបទល្មើស គឺបទជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការប្តឹងនេះ កើតឡើងក្រោយពីលោកសោ ចាន់ដេត តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារជេរប្រមាថដល់អាយុជីវិតលោកហ៊ុន សែន ជាបន្តបន្ទាប់។ លោកមេធាវីគី តិច បានបញ្ជាក់ថា លោកមានភស្តុតាងនៃការជេរប្រមាថនេះចំនួន៣២ទំព័រក្នុងដៃ ដើម្បីដាក់ឱ្យតុលាការពិនិត្យ និង សម្រេច។ លោកមេធាវីក៏បានស្នើឱ្យតុលាការធ្វើការចោទប្រកាន់ និង ផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតទៅលើលោកសោ ចាន់ដេត។
លោកសោ ចាន់ដេត ភ្លាមៗក្រោយពីមេធាវីតំណាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដាក់ពាក្យប្តឹងនេះ បានចេញមុខមកប្រតិកម្មតាមរយៈហ្វេសប៊ុករបស់លោក។ ភ្ជាប់ជាមួយរូបភាពកំពុងចាប់នំបញ្ចុកដាក់ចាននៅក្រៅប្រទេស លោកសោ ចាន់ដេត បានបង្ហោះសារបែបឌឺដងថា "លក់នំបញ្ចុក យកលុយឲ្យលោក ហ៊ុន សែន ទិញថ្នាំ"។
បើទោះបីនៅពេលនេះ លោកសោ ចាន់ដេតកំពុងស្ថិននៅក្រៅប្រទេស ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់បានអះអាងហើយថា លោកនឹងប្តឹងឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់លោកសោ ចាន់ដេតដែលមាននៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ឱ្យអាជ្ញាធរនៅតាមបណ្តាខេត្តនានារកមើលទ្រព្យសម្បត្តិរបស់លោកសោ ចាន់ដេត ដើម្បីទុកឱ្យតុលាការកាត់ក្តីរឹបអូសថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ