លោកហ៊ុន សែន បញ្ចប់បេសកកម្មវគ្គទី៣នៅថ្ងៃព្រហស្បិ៍នេះ ហើយនឹងបន្តទៅខេត្តកណ្តាលនៅសប្តាហ៍ក្រោយ
បន្ទាប់ពីបេសកកម្មនៅតាមខេត្តដែលស្ថិតនៅភូមិភាគបច្ចិម និងឦសាន កាលពីខែមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពតាមបណ្តារាជធានី-ខេត្តបានទៅដល់ខេត្តកំពង់ស្ពឺនៅថ្ងៃទី០៤សីហានេះ។ នៅក្នុងដំណើរទៅកាន់ខេត្តមួយចំនួន រួមទាំងកំពង់ស្ពឺនៅភូមិភាគនីរតីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការយ៉ាងច្រើនជាមួយអាជ្ញាធរខេត្ត ព្រមទាំងដោះស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៥
នៅខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែន បានប្រាប់អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងវេទិកាសាធារណៈជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យទាត់ចោលនូវការពិភាក្សាណាទាំងអស់លើការកសាងព្រលានយន្តហោះនៅក្នុងខេត្តកំពង់ស្ពឺ។ ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានទទួលដំណឹង ដែលគេផ្សព្វផ្សាយថានឹងមានព្រលានយន្តហោះកើតឡើងនៅខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែលោកជាប្រមុខរដ្ឋាភិបាលមិនបានដឹងរឿងនេះ ហើយក៏ប្រកាសថាគ្មានព្រលានយន្តហោះទេនៅកំពង់ស្ពឺ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានប្រកាសបញ្ជាឲ្យនិរាករណ៍ឯកសារទាំងឡាយ ដែលបង្ហាញពីការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ នៅខេត្តកំពង់ស្ពឺ ដែលកន្លងមកមានជម្លោះដ៏រ៉ាំរ៉ៃ។
កាលពីល្ងាចថ្ងៃទី៣សីហា នៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាជាច្រើនដែរ ក្នុងនោះ លោកបានប្រកាសនៅចំពោះមុខមន្ត្រីរាជការ ដោយឲ្យអាជ្ញាធរខេត្តពិនិត្យនិងដកយកមកវិញ ចំពោះគម្រោងវិនិយោគកោះ ដែលគ្មានសកម្មភាព ជាពិសេសធ្វើឡើងដោយជនមួយចំនួន ដែលយកអាជ្ញាបណ្ណ (License) ដើរលក់ គឺត្រូវដកមកវិញជាបន្ទាន់។
ដោយឡែក ទាក់ទងទៅនឹងបញ្ហាដីធ្លីរវាងយោធា និងប្រជាជន គម្រោងនៃការចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឯកជន រួមទាំងដំណើរការលក់ដូរនៅទីផ្សារ ដែលលោកជួយសាងសង់បន្ទាប់ពីឆេះ គឺត្រូវបានដោះស្រាយបញ្ចប់ ដោយផ្តល់បណ្ណកម្មសិទ្ធិ ឲ្យលក់ដូរតកូនតចៅ ហើយបញ្ឈប់ការសុំដីរដ្ឋសម្រាប់អង្គភាពយោធានីមួយៗ។
ការបូមខ្សាច់ដែលបង្កគ្រោះថ្នាក់ដល់ការបាក់ដីឆ្នេរ ការការពារធនធានធម្មជាតិ ព្រៃលិចទឹក ការចុះបញ្ជីដីសារពើពន្ធរបស់រដ្ឋ រក្សានូវកិត្យានុភាពទេសចរណ៍ ដោយសារខេត្តព្រះសីហនុ ពឹងផ្អែក៧០% ទៅលើវិស័យសេវាកម្ម តាមរយៈកំពង់ផែសមុទ្រ ក៏ត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រីដែរ។
នៅឯខេត្តកំពតវិញ ប្រមុខរដ្ឋាភិបាលខ្មែរ បានចាប់អារម្មណ៍និងជម្រុញឲ្យអាជ្ញាធរសិក្សាពីស្ថានភាពស្ពានថ្មចំណាស់ ដ៏ទ្រុឌទ្រោមដែលបានកសាងឡើងតាំងពីជំនាន់បារាំង ដោយចាត់ទុកថា វាទាក់ទងទៅនឹង បញ្ហាចរាចរណ៍ក្នុងខេត្តដ៏ចាំបាច់មួយនេះ។
នៅក្នុងដំណាក់កាលនីមួយៗរបស់លោកនាយករដ្ឋមន្ត្រីក្នុងការចុះពិនិត្យមើលវឌ្ឍនភាពតាម ខេត្ត-រាជធានី បានរងនូវការរិះគន់ផងនិងលើកសរសើរផង ក៏ប៉ុន្តែអ្នកតាមដានសភាពការណ៍កម្ពុជាយល់ថា បញ្ហាដែលកើតមាន និងដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពមែននោះគឺជួយកាត់បន្ថយច្រើនដល់បញ្ហាដ៏រ៉ាំរ៉ៃក្នុងសង្គមខ្មែរ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីខែមុនថានឹងធ្វើយុទ្ធនាការចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។ កន្លងមក ខេត្តមួយចំនួនដែលលោកបានបញ្ចប់យុទ្ធនាការនេះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង និង ខេត្តក្រចេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ