សង្គ្រោះជាតិស្នើឱ្យរដ្ឋាភិបាលបង្ហាញតួរលេខអ្នកទទួលបានសញ្ជាតិខ្មែរ
គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៩ សីហានេះ បានប្រកាសឱ្យដឹងថា គណបក្សនឹងស្នើទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃឱ្យផ្តល់បញ្ជីឈ្មោះជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ និងស្នើឱ្យចាត់វិធានការឱ្យម៉ឺងម៉ាត់ចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផងដែរ។ ការស្នើនេះ គឺខណៈដែលចំនួនជនអន្តោប្រវេសន៍បានកើនឡើងយ៉ាងខ្លាំង ទន្ទឹមនឹងភាពធូររលុងនៃការអនុវត្តច្បាប់របស់កម្ពុជា។ យ៉ាងណាក៏ដោយរដ្ឋាភិបាលស្វាគមន៍ចំពោះសំណើរបស់បក្សប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
តើចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ ជនអន្តោប្រវេសន៍ ដែលមានសញ្ជាតិខ្មែរស្របច្បាប់មានប៉ុន្មាននាក់? នេះគឺជាសំណើរបស់គណបក្សសង្គ្រោះជាតិទៅកាន់រដ្ឋាភិបាលកម្ពុជា។ ជាសំណើ ដែលគណបក្សប្រឆាំងផ្ញើជូនទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍ក្រោយនេះ។ សំណើនេះ គឺធ្វើឡើងទន្ទឹមអាជ្ញាធរប្រកាសថាជនអន្តោប្រវេសន៍វៀតណាមបានកើនឡើងទ្វេដងក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។
រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសស្វាគមន៍ចំពោះសំណើនេះផងដែរ។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរមានឯកសារទាំងអស់ដើម្បីបង្ហាញតាមការស្នើសុំ ប្រសិនបើគណបក្សសង្គ្រោះជាតិស្នើតាមរយៈរដ្ឋសភា។ ក្រៅពីស្នើសុំបញ្ជីជនអន្តោប្រវេសន៍ គណបក្សប្រឆាំងក៏បានប្រកាសសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្តល់ឈ្មោះជនអន្តោប្រវេសន៍ទាំងឡាយណា ដែលទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ផងដែរ។
បន្ថែមពីនេះ គណបក្សក៏នឹងគ្រោងនឹងរៀបចំមេធាវី ដើម្បីដាក់ពាក្យប្តឹងជនបរទេស ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិដោយខុសច្បាប់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រឆាំង ដែលមានបណ្តាញទូទាំងប្រទេសគ្រោងនឹងដាក់ពង្រាយអ្នកអង្កេតការណ៍ប្រមាណជាង៣ពាន់នាក់ ដើម្បីឃ្លាំមើល ដំណើរការចុះឈ្មោះបោះឆ្នោត និងជនបរទេស ដែលប្រើអត្តសញ្ញាណបណ្ណខ្មែរខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសផងដែរ។
ក្នុងសំណុំរឿងជនអន្តោប្រវេសន៍ ដែលកាន់អត្តសញ្ញាណបណ្ណខ្មែរខុសច្បាប់នេះ ក្រសួងមហាផ្ទៃក៏គ្រោងបង្កើតគណៈកម្មការចម្រុះមួយឱ្យបានឆាប់បំផុត ដើម្បីមោឃៈភាពលើឯកសាររបស់ជនបរទេសទាំងឡាយ ដែលកាន់កាប់មុនពេល ដែលពួកគេយកអត្តសញ្ញាណបណ្ណទាំងនោះទៅចុះឈ្មោះបោះឆ្នោត។
បញ្ហាជនអន្តោប្រវេសន៍នេះ គឺជារឿងរស៊ើបមួយក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្នខណៈដែលការបោះឆ្នោតខិតជិតចូលមកដល់។ ក្រសួងមហាផ្ទៃបានបង្ហាញទិន្នន័យថា នៅឆ្នាំ២០១៦នេះ មានជនអន្តោប្រវេសន៍ជាង១៦ម៉ឺននាក់ហើយជនជាតិវៀតណាមមានប្រមាណ១៦ម៉ឺននាក់។ បន្ថែមពីនេះក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល២ឆ្នាំកន្លះពីឆ្នាំ២០១៤ដល់ពាក់កណ្តាលឆ្នាំ២០១៦នេះ អាជ្ញាធរបានបណ្តេញជនបរទេស ដែលរស់នៅខុសច្បាប់នៅកម្ពុជាប្រមាណជាង១ម៉ឺននាក់ ហើយក្នុងនោះ វៀតណាមខុសច្បាប់មានជាង៩ពាន់នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ