អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា​ប្រាប់​ឲ្យ​មេឃុំ ចៅ​សង្កាត់ ជាប់​ឆ្នោត​ថ្មី​របស់​បក្ស​ប្រឆាំង​មាន​ការ​ប្រុង​ប្រយ័ត្ន

ប្រធាន​គណបក្ស​ប្រឆាំង​លោក​កឹម សុខា បាន​ថ្លែង​ប្រាប់​មេឃុំ ចៅ​សង្កាត់ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​នេះ​ថា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បិច​កល​របស់​គូ​ប្រកួត ខណៈ​ដែល​ការ​ប្រកាស​ជា​ផ្លូវ​ការ​មិន​ទាន់​បាន​ធ្វើ​ឡើង​នៅ​ឡើយ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ហត្ថលេខា​ជំនួស។

លោក កឹម សុខា ប្រធាន​​បក្ស​​សង្គ្រោះ​​ជាតិ។
លោក កឹម សុខា ប្រធាន​​បក្ស​​សង្គ្រោះ​​ជាតិ។ @Kem Sokha fb
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​មេឃុំ ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ថ្មី និង​សកម្មជន នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាម នៅ​ថ្ងៃ​ទី​១៣ មិថុនា លោក​កឹម សុខា​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​រាល់​ថ្ងៃ រាល់​នាទី ព្រោះ​គូ​ប្រកួត​ម្ខាង​ទៀត​គេ​មិន​បោះ​បង់​ចោល​ល្បិច​កល​នោះ​ទេ។

លោក​កឹម សុខា បាន​លើក​យក​ករណី​នៅ​ខេត្ត​បាត់ដំបង​មក​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ និង​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់ និង​អ្នក​ចូល​រួម​ក្នុង​វេទិកា​នោះ យក​ករណី​នេះ​ជា​មេរៀន ក្នុង​ពេល ដែល​មិន​ទាន់​មាន​ការ​ប្រកាស​ទទួល​ស្គាល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ផ្លូវ​ការ និង​ក្រោយ​ការ​ប្រកាស​ជា​ផ្លូវ​ការ។

គួរ​បញ្ជាក់​ថា​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ត្រូវ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ជុំវិញ​ករណី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជំនួស​មេ​ភូមិ។

ក្រៅ​ពី​ប្រាប់​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​នានា ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​ណែនាំ​ឲ្យ​មេឃុំ ចៅ​សង្កាត់​របស់​គណបក្ស​ប្រឆាំង ក្រោយ​ពី​បាន​ចូល​កាន់​ដំណែង ត្រូវ​បោះ​ដៃ​សុំ​ការ​សហការ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គណបក្ស​ផ្សេង​ទៀត។

លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា បើ​មេឃុំ ចៅ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ថ្មី​ចង់​សុំ​ការ​សហការ​ពី​មេឃុំ​ចាស់ ដែល​ចាញ់​ឆ្នោត​គឺ​មិន​ងាយ​នោះ​ទេ ព្រោះ​បារម្ភ​ខា្លច​មាន​ការ​ចោទ​ប្រកាន់​ថា​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​មេឃុំ​ថ្មី។ ប៉ុន្តែ​លោក​សុខ ឥសាន​បញ្ជាក់​ថា មេឃុំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​អាច​សួរ​នាំ​សុំ​យោបល់ និង​បទ​ពិសោធន៍​ពី​មេឃុំ​ចាស់​របស់​គណបក្ស​កាន់​អំណាច​បាន។

សូម​ជម្រាប​ជូន​ថា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា គណបក្ស​នយោបាយ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រកាស​ពី​ជ័យ​ជំនះ​រៀង​ខ្លួន ខណៈ គ.ជ.ប កំពុង​ដោះស្រាយ​បណ្តឹង ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា។ បើ​ផ្អែក​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​ប្រកាស​ដោយ​បក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​មេឃុំ-ចៅ​សង្កាត់​ចន្លោះ​ពី ១,១៦០​ទៅ​១,១៦៣​ឃុំ​សង្កាត់ ខណៈ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​បាន​អាសនៈ​ចំនួន​ជិត​៥០០​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ