អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក តែ​មិន​ទាន់​បញ្ជាក់​ពី​ទី​កន្លែង

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​ ០៥ ខែ​តុលា​ស្អែក​នេះ ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ។ មាន​ការិយាល័យ​ចុះ​ឈ្មោះ​ចំនួន​ ២​ ដែល​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ​ អាច​នឹង​ទៅ​ចុះ​ឈ្មោះ​ តែ​សេចក្តី​ប្រកាស​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​នេះ មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ យ៉ាង​ណា​ក្តី នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ បន្ទាប់​ពី​ការ​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ជាង ៤​ខែ​មក។

លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី ០៥ ខែតុលា ស្អែកនេះ តែមិនទាន់បញ្ជាក់ពីទីកន្លែង
លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី ០៥ ខែតុលា ស្អែកនេះ តែមិនទាន់បញ្ជាក់ពីទីកន្លែង RFI/ kem sokha
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការ​ប្រែប្រួល​ទេ ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​រុំព័ទ្ធ​ទៅ​ដោយ​បណ្តឹង​នៅ​ក្នុង​ដៃ​តុលាការ នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង នៅ​ពេល​ដែល​លោក​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​វេលា​ម៉ោង​ ១០​ព្រឹក នៅ​ថ្ងៃ​ទី​ ៥តុលា​ស្អែក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី​ ៤​តុលា។

ប៉ុន្តែ​សេចក្តី​ប្រកាស​នេះ មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​លោក កឹម សុខា នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ណា​មួយ​នៅ​ឡើយ​ទេ ក្នុង​ចំណោម​អាស័យដ្ឋាន​ចំនួន​ពីរ ​គឺ​គេហដ្ឋាន​របស់​លោក​ ដែល​ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក និង​កន្លែង​ធ្វើ​ការ​របស់​លោក គឺ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ក្រុង​ភ្នំពេញ ហើយ​ក៏​ជា​ទី​កន្លែង​ ដែល​លោក​កំពុង​សំងំ​លាក់​ខ្លួន​អស់​រយៈ​ពេល​ជាង​ ៤​ខែ​មក​នេះ។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​នានា​ពី​លទ្ធភាព​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​លោក​ដើរ​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ស្អែក​នេះ លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​ថា ការ​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ជា​ការ​អនុវត្ត​នូវ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ។ ចំណែក​លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ក៏​បាន​បញ្ជាក់​ដែរ​ថា តាម​នីតិវិធី​ច្បាប់​អាជ្ញាធរ​នៅ​មិន​ទាន់​អាច​ចាប់​ខ្លួន​លោក កឹម សុខា បាន​ទេ​នៅ​ពេល​នេះ។

គួរ​ជម្រាប​ជូន​ថា លោក កឹម សុខា បច្ចុប្បន្ន​ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​សភា​នៅ​ឡើយ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥ខែ និង​ពិន័យ​ជា​ប្រាក់​ ៨០​ម៉ឺន​រៀល ពីបទ “បដិសេធ​ក្នុង​ការ​ចូល​ខ្លួន”។ ក្រៅ​ពី​នេះ លោក កឹម សុខា ក៏​នៅ​ជាប់​ក្នុង​បណ្តឹង​សញ្ចារ​កម្ម​របស់​កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែល​ជា​ករណី​មួយ​បាន​ទាញ​ភ្ជាប់​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ២​រូប និង​មន្រ្តី គ.ជ.ប ម្នាក់​ផង។

បើ​លោក កឹម សុខា ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​មែន គឺ​ជា​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ហើយ បន្ទាប់​ពី​លោក​បាន​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល​ជាង​ ៤​ខែ បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​រូប​លោក កាល​ពី​ខែ​ឧសភា​មក។

បើ​តាម​ការ​បញ្ជាក់​ពី​លោក អេង ឆៃអ៊ាង ក្រៅ​ពី​ករណី​របស់​លោក កឹម សុខា ដែល​ជា​របៀប​វារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​អភិបាល​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​ ៤​តុលា​នេះ គណបក្ស​ក៏​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​នឹង​ចូល​រួម​ប្រជុំ​សភា​ពេញ​អង្គ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៧ ខែ​តុលា​ខាង​មុខ​នេះ​វិញ​នៅ​ឡើយ​ទេ។ បើ​តាម​លោក​អេង ឆៃអ៊ាង របៀប​វារៈ​សំខាន់​ទាំង​ពីរ​នេះ នឹង​ប្រជុំ​សម្រេច​នៅ​ព្រឹក​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ