អានតួអត្ថបទ
កម្ពុជា

ឌុចថា របប​ខ្មែរ​ក្រហម​បាន​អនុវត្ត​គោលការណ៍​បោស​សំអាត​ផ្ទៃ​ក្នុង​ដោយ​មិន​លើក​លែង សូម្បី​តែ​កូន​នឹង​ប្រពន្ធ

អតីត​មេគុក​ទួល​ស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច បាន​ចូល​ខ្លួន​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី​ជា​លើក​ទី​២​ នៅ​ថ្ងៃ​ទី​ ៨ មិថុនា​នេះ ជុំវិញ​សំណុំ​រឿង​ 002/02 ដើម្បី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន។ នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២​នេះ ឌុច បាន​អះអាង​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ របប​នេះ បាន​ចាប់​ផ្តើម​អនុវត្ត​គោលការណ៍​បោស​សំអាត​ផ្ទៃ​ក្នុង​របស់​ខ្លួន តាំង​ពី​ឆ្នាំ​១៩៧៥ ដោយ​មិន​លើក​លែង​ឡើយ សូម្បី​តែ​ប្រពន្ធ​នឹង​កូន។

អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ ហៅឌុច ​
អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ ហៅឌុច ​
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​២​នៃ​ការ​ឡើង​ផ្តល់​សក្ខី​កម្ម​ក្នុង​នាម​ជា​សាក្សី នៅ​ថ្ងៃ​ទី ៨ មិថុនា​នេះកាំង ហ្គេច​អ៊ាវ  ហៅ ​ឌុច អតីត​មេគុក​ទួល​ស្លែង បាន​ឆ្លើយ​នឹង​សំណួរ​ជា​ច្រើន​របស់​សហ​ព្រះរាជ​អាជ្ញារង​អន្តរជាតិ លោក ដេល ឡៃសាក់ ជុំវិញ​ផែន​ការ​បោស​សំអាត​ផ្ទៃ​ក្នុង រឺ​ការ​សម្រិត​សម្រាំង​ក្នុង​ចំណោម​កម្មាភិបាល​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​នោះ អតីត​មេគុក​ទួល​ស្លែង​រូប​នេះ​បាន​អះអាង​ថា បន្ទាប់​ពី​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥​មក មេដឹកនាំ​ខ្មែរ​ក្រហម បាន​ចាប់​ផ្តើម​អនុវត្ត​គោលការណ៍​មួយ ដោយ​បាន​បោស​សម្អាត​ផ្ទៃ​ក្នុង​របស់​ខ្លួន ក្នុង​នោះ សូម្បី​តែ​ប្រពន្ធ និង​កូន ​ក៏​មិន​ត្រូវ​បាន​លើក​លែង​នោះ​ឡើយ។

សូម​បញ្ជាក់​ថា ឌុច ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​គុក​ទួល​ស្លែង ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​១៥០០០​ នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩​នេះ ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំ​រឿង​ 001 កំពុង​អនុវត្ត​ទោស​របស់​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​កោះ​ហៅ ឲ្យ​ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី ដើម្បី​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​របស់​ខ្លួន គឺ​លោក នួន ជា និង​ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង 002/02។

នៅ​ថ្ងៃ​ទី​២​ នៃ​ការ​ឡើង​ផ្តល់​សក្ខី​កម្ម​ក្នុង​នាម​ជា​សាក្សីនេះ​ ឌុច បាន​ថ្លែង​ថា កូន​និង​ប្រពន្ធ​របស់​អ្នក​ទោស​ទាំង​អស់ ត្រូវ​បាន​ចាត់​ទុក​ថា មាន​ទោស​ដូច​គ្នា ហើយ​ត្រូវ​នាំ​យក​ទៅ​កម្ទេច​ចោល​តាម​គោលការណ៍​របស់​បក្សកុម្មុយនីស្ត​កម្ពុជា​ប្រជាធិបតេយ្យ។ ឌុច បាន​លើក​ឧទាហរណ៍​ កូន និង​ប្រពន្ធ​របស់ លោក ថាច់ ជា ដែល​កាល​ណោះ​គឺ​ជា​រដ្ឋ​មន្រ្តី​ក្នុង​របប​របស់​លោក លន់ នល់ នោះ ក៏​ត្រូវ​បាន​កម្ទិច​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ កូន និង​ប្រពន្ធ​របស់​កម្មាភិបាល​ជាន់​ខ្ពស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក៏​ត្រូវ​តែ​កម្ទិច​ផង​ដែរ តួ​យ៉ាង​ដូច​ជា កូន​និង​ប្រពន្ធ​របស់ វន វ៉េត ដែល​មាន​តួនាទី​ជា​សមាជិក អចិន្រ្តៃយ៍​មជ្ឈិម​បក្ស និង​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​ ក៏​ត្រូវ​បាន​កម្ទិច​ផង​ដែរ។

ការ​ចាប់​ក្រុម​គ្រួសារ​របស់​អ្នក​ទោស​ ដើម្បី​កម្ទិច​នេះ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​ថ្នាក់​លើ មិន​មែន​ជា​ការ​សម្រេច​របស់​ប្រធាន​គុក​ទួល​ស្លែង រឺ​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត​នោះ​ទេ។
សូម​បញ្ជាក់​ដែរ​ថា តាម​គម្រោង ឌុច នឹង​មាន​រយៈ​ពេល​៩​ថ្ងៃ​ដើម្បី​ផ្តល់​សក្ខីកម្ម ហើយ​ថ្ងៃ​ទី​៨​មិថុនា​នេះ គឺ​ជា​ថ្ងៃ​ទី​២​ហើយ​នៃ​ការ​ឡើង​ផ្តល់​សក្ខី​កម្ម​របស់ កាំង ហ្គេចអ៊ាវ ហៅឌុច ក្នុង​នាម​ជា​សាក្សី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ