អានតួអត្ថបទ
កម្ពុជា

លោក គឹម សុខ ដើរចូល​តុលាការ​ក្រោយ​ណាត់ ២ម៉ោង

នៅវេលា​ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃ​សុក្រ​នេះ លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា បាន​ឈាន​ជើងដើរ​ចូល​តុលាការក្រុង​ភ្នំពេញ​ហើយ។ វត្តមាន​របស់លោក គឹម សុខ ក្នុងនាម​ជា ជនសង្ស័យ នៅ​តុលាការ​ព្រឹក​នេះ គឺ​យឺត​ពេល ២ម៉ោង បើ​គិត​តាម​ដីកាកោះ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ គឺ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៣ កុម្ភៈ បានចេញ​ដីកាកោះ ហើយ​យកទៅ​បិត​មុខផ្ទះ​របស់លោក គឹម សុខ ឯ​ខេត្តតាកែវ ដើម្បី​អញ្ជើញលោក ទៅ​សាកសួរ​បំភ្លឺ នៅ​ម៉ោង ៩ព្រឹក ពី​ដំណើររឿង របស់ ដើមបណ្តឹង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​របស់លោក គឹម សុខ ចោទប្រកាន់ រដ្ឋាភិបាល ជា​អ្នក​នៅ​ពីក្រោយ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។ @Facebook
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​សុក្រ​នេះ តាម​ពី​ម៉ោង ៨ព្រឹក មកម្ល៉េះ លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា បានធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ចេញពី វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ  បំណង​ឆ្ពោះទៅ តុលាការក្រុង​ភ្នំពេញ តាម​ដីកាកោះ​របស់ អយ្យការ​អម​សាលាដំបូង​រាជ​ធានី។ មាន ព្រះសង្ឃ​គ្រង​ស្បង់​ជីពរ​ពណ៌​លឿង ក្រហម​ក្រ​ម៉ៅ និង​ទឹកក្រូច ជាង ដប់​អង្គ រួម​ទាំង ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុ​តិ្ត​ធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៉ុន​តិ​ញ និង​ពលរដ្ឋ តាម​ដងផ្លូវ រាប់សិប​នាក់ ផ្សេងទៀត ក៏​ចូលរួម អមដំណើរ អ្នកវិភាគ​រូបនេះ ឆ្ពោះ​ទៅ តុលាការ​ដូចគ្នា។

 
តាម​គន្លង​ផ្លូវ​ថ្មើ​ជើង ជិត ៦គីឡូម៉ែត្រ​នេះ លោក គឹម សុខ បាន​ចំណាយពេល​ជិត ៣ម៉ោង ទម្រាំ​ទៅដល់ សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​តាមផ្លូវ លោក​ត្រូវ​ដើរ​ឆ្លងកាត់ ស្ពាន​ជ្រោយ​ចង្វារ មុខ​ស្ថានទូត​អាមេរិក និង មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ខណៈ​លោក​បាន​ឈប់ សម្រាក​នៅលើ សួនច្បារ ទល់មុខ​សកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង និង​ឈប់សម្រាក​នៅ មុខ ទីស្តីការ​គណៈរដ្ឋមន្ត្រី បន្តិច​ផងដែរ មុនពេល​ទៅដល់​តុលាការក្រុង​ភ្នំពេញ នៅវេលា​ម៉ោង ១១​ថ្ងៃ​ត្រង់។ នៅ​ទីនោះ មាន​មនុស្ស​រាប់រយ​នាក់ កំពុង​រង់ចាំ នៅមុខ​តុលាការក្រុង ដោយ​ស្រែក​អបអរ «ជយោ​អ្នកស្នេហាជាតិ !» លើកទឹកចិត្ត ជូន​លោក គឹម សុខ រហូតដល់ តុលាការក្រុង​បិទ​របង​ទ្វា​ដែក ញែក​ហ្វូង​អ្នកគាំទ្រ​ឲ្យ​នៅ​ខាងក្រៅ និង​ជនសង្ស័យ លោក គឹម សុខ របស់​តុលាការ ឲ្យ​នៅ​ដាច់ពីគ្នា។

សម្លេងគាំទ្រ និង​ហ្វូង​មហាជន​អមដំណើរ ដ៏​ច្រើន​បែបនេះ ត្រូវបាន​លោក គឹម សុខ ថ្លែងថា ជាការ​សបញ្ជាក់ ពី​ការយល់ដឹង​របស់​ពល​រដ្ឋ ដែល​គាំទ្រ​គំនិត​រួម​រួប​ជាតិ​របស់លោក ផ្ទុយ​បញ្ច្រាស់​​ពី ផ្នត់គំនិត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​លោក គឹម សុខ ដំណើរ​ចូល​ច្រក​តុលាការ លើក​នេះ អាច​ប្រឈម​នឹង​ការចាប់​ដាក់ពន្ធនាគារ ព្រោះ​លោក​គ្មាន​ថវិកា និង​គ្មាន​ចេតនា​បង់ប្រាក់​សងជំងឺចិត្ត​រាប់ម៉ឺន​ដុល្លារ តាម​ការទាមទារ​បស់ លោកនាយក​រដ្ឋមន្ត្រី និង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ លោក គឹម សុខ បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួច​ហើយ ប្រសិនបើ លោក​អាច​នឹង​បាត់បង់​ជីវិត ក្នុង​បុព្វហេតុ ទាមទា​ឲ្យ​មានដំណើរ​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​យល់ថា ការស្លាប់ នឹង​រំលាយ​ត្រឹមតែ​រូប​កាយ​លោក​ប៉ុណ្ណោះ តែ​គំនិត​នៃ​ការផ្លាស់ប្តូរ​កម្ពុជា នឹងមិន​ស្លាប់ទៅ​ជាមួយ​លោក​នោះទេ។

គួររំលឹកថា អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៣ កុម្ភៈ បានចេញ​ដីកាកោះ មួយ អញ្ជើញ លោក គឹម សុខ ក្នុងនាម​ជា ជនសង្ស័យ ឲ្យ​ចូលខ្លួន ទៅ សាលា​ដំបូង​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ កុម្ភៈ វេលា​ម៉ោង ៩ព្រឹក ដើម្បី​បំភ្លឺ សំណុំរឿង មាន​ដើម​បណ្តឹង គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្ដឹង​លោក​គឹម សុខ ទាមទារ​សំណង់​ជំងឺ​ចិត្ត ៥០ម៉ឺន​ដុល្លារ​ទាក់ទង​ការធ្វើ​អធិប្បាយ​ចោទប្រកាន់​រដ្ឋាភិបាល ថា ជា​អ្នក​នៅ​ពីក្រោយ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។ តាមរយៈ​ដីកា​កោះហៅ​លោក គឹម សុខ ព្រះរាជ​អាជ្ញា​​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស និង ហាមឃាត់​ឈ្មោះ គឹម សុខ ជា​ជនសង្ស័យ​មិន​ឲ្យ​ទៅ​ក្រៅប្រទេស។ បន្ថែម​ពីលើ បណ្ដឹង​ទាមទារ​​សំណង់​ជំងឺ​ចិត្ត ៥០ម៉ឺន​ដុល្លារ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៦ កុម្ភៈ ក៏បាន​ប្ដឹង​លោក គឹម សុខ មួយ​ករណី​ថ្មី​បន្ថែមទៀត ពីបទ ចោទ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​ការសម្លាប់​ម​នុស្សហើយ រកមុខ​ឃាតក មិនឃើញ​ដោយ​ប្តឹង ទាមទារ​សំណង​ជំងឺ​ចិត្ត ១០លាន​រៀល ឬ​ស្មើនឹង ២៥០០ដុល្លារ​សហរដ្ឋអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ