អានតួអត្ថបទ
កម្ពុជា

កម្ពុជាប្រារព្ធព្រះរាជពីធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួនបីថ្ងៃ

កម្ពុជា​បាន​ចាប់​ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ចំនួន​ ៣ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១៣​ ដល់​១៥​ឧសភា។នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ ព្រះករុណា​ព្រះបាទ​សម្តេច​បរមនាថ​ នរោត្តម សីហមុនី គេឃើញ​មាន​ការ​តុបតែង​លម្អ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ តាម​ក្រសួង​ និង​មន្ទីរនានា ​និង​តាម​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ព្រះអង្គ​សីហមុនី​ មាន​ព្រះជន្ម​៦២​ព្រះ​វស្សា​ឈាន​ចូល​៦៣​ព្រះវស្សា​ហើយ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ជា​រៀងរាល់​ឆ្នាំ កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ ​ចម្រើន​ព្រជន្ម​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី​ចំនួន​បី​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​១៣ ដល់ ១៥ ឧសភា។ ព្រះរាជពិធី​បុណ្យ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ព្រះអង្គ​ឡើង​ស្នងរាជ្យ​ពី​ព្រះរាជបិតា​ នរោត្តម សីហនុ​នៅ​ថ្ងៃ​ទី​ ១៤ តុលា ឆ្នាំ ២០០៤​មក។

ព្រះអង្គ នរោត្តម សីហមុនី​ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​ ១៤ ខែឧសភា ឆ្នាំ ១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​បាន​ទទួល​ការ​អប់រំ​ថ្នាក់​បឋម​សិក្សា​នៅ​សាលា​នរោត្តម ​វិទ្យាល័យ​ដេកាត​ភ្នំពេញ ​នៅ​ក្នុង​ឆ្នាំ​ ១៩៥៩ ដល់ឆ្នាំ ១៩៦២។ បន្ទាប់​ពី​នោះ​មក​ព្រះអង្គ​ក៏​បាន​ទទួល​ការ​សិក្សា​អប់រំ​នៅ​វិទ្យាល័យ​ប្រាគ​ នៅ​សាធារណរដ្ឋឆេក​ រហូត​ដល់​ឆ្នាំ​ ១៩៧៥។ នៅ​ទី​នោះ​ព្រះអង្គ​បាន​សិក្សា​ជំនាញ​ផ្នែក​របាំ​បុរាណ​ នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ ​ហើយ​ព្រះអង្គ​ក៏​ទទួល​បាន​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បះ​តន្ត្រី​ប្រាគ។ រួច​មក​ព្រះអង្គ​ក៏​បាន​បន្ត​ឧត្តមសិក្សា​ខាង​ផ្នែក​ភាពយន្ត​រយៈពេល​១​ឆ្នាំ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ផង​ដែរ។

ដោយ​ឡែក​នៅ​ឆ្នាំ​ ១៩៧៦ ដល់ ១៩៧៩ ព្រអង្គ​សីហមុនី​ បាន​ជាប់​ក្រោម​ការ​ឃុំឃាំង ​របស់​ខ្មែរ​ក្រហម ជាមួយ​និង​ព្រះវររាជបិតា​ និង​ព្រះវររាជមាតា​ និង​ព្រះអនុជ​ សម្តេច នរោត្តម នរិន្ទ្រៈពង្ស។ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​មក​ នៅ​ក្នុង​ឆ្នាំ ​១៩៨០ ព្រះអង្គ​បាន​ក្លាយ​ជា​ព្រះរាជលេខាផ្ទាល់ ​របស់​ព្រះបិតា​នរោត្តម​សីហនុ​ នៅ​ពេល​ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិតចិន។

លុះ​បន្ត​បន្ទាប់​មក​ ព្រះអង្គ​នរោតម្តសីហមុនី​ បាន​បន្ត​ការងារ​របស់​ព្រះអង្គ​ក្នុង​វិស័យ​សិល្បះ​ជា​ច្រើន ​រហូត​បាន​ក្លាយ​ជា​ ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារំាង​ និង​ជា​អគ្គនាយក និង​ជា​នាយក​សិល្បះ​នៃ​ក្រុម​របាំ​បាលេ DEVA។ ​ព្រះអង្គ​ក៏​បាន​បង្កើត​ស្នា​ព្រះហស្ថ​ផលិត​ខ្សែ ភាពយន្ត​របាំបាលេ​ចំនួន​ពីរ​ គឺ​មាន​រឿង​ សុបិន្ត និង​រឿង​ធាតុ​ទាំង​៤។

ព្រះអង្គ​បាន​បន្ត​ការងារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ឆ្នាំ​ ២០០៤ ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​រាជសម្បតិ្ត​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ជា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។ ព្រះអង្គ​ចេះ​ប្រើ​ភាសា​ចំនួន​បី​ គឺ​បារំាង​ អង់គ្លេស ​និង​ឆេក​ ហើយ​ព្រះអង្គ​ក៏​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ផងដែរ​ដែល​រួមមាន​ទាំង​ជាតិ​និង​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ