អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

កង្វះ​ខាត​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ធ្វើ​ឲ្យ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថយ​ចុះ

មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កាល​ពី​សប្តាហ៍​មុន គឺ​ដោយ​សារ​តែ កង្វះ​ខាត​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនេះ។ នេះ​គឺ​ជា​ការ​បញ្ជាក់ របស់ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្រ្វែល។ សូម​បញ្ជាក់​ថា គិត​ត្រឹមថ្ងៃទី ៣១ ខែ តុលា នេះ ចំនួន​អ្នក​មិន​ទាន់​ចុះឈ្មោះ​បោះ​ឆ្នោត មាន​រហូត​ទៅ​ដល់​ជិត ៣ លាន នាក់​ទៀត ខណៈ​ដែល​ដំណើការ​ចុះ​ឈ្មោះបោះ​ឆ្នោត នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ចុង​ខែ វិច្ឆិកា ខាង​មុខ​នេះ។

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោត នៅតាមឃុំ សង្កាត់។
ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោត នៅតាមឃុំ សង្កាត់។ @Fb/NEC
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ តុលា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន ៦ លាន ៦ សែន ៣ ម៉ឺន នាក់ ឬ ស្មើ​នឹង ៦៨%។ យ៉ាង​ណាក៏​ដោយ ខណៈ​ដែល​កាល​បរិច្ឆេទ​ផុត​កំណត់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត កំពុង​ខិត​ជិត​មក​ដល់ ចាប់​តាំង​ពី​ថ្ងៃពុធ ដល់ថ្ងៃ សៅរ៍​ សប្តាហ៍​មុន ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។

បើ​តាម សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​កាត់​អឺរ៉ា រហូត​មក​ដល់​ពេល​ចំនួន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះមាន​ការ​ថយ​ចុះ។ ជាក់ស្តែង ពលរដ្ឋ​ទៅ​ចុះឈ្មោះបោះ​ឆ្នោត​ជាង​១០​ម៉ឺន​នាក់ មក​ត្រឹមតែ​ប្រមាណជា ៥ ម៉ឺន នាក់ ក្នុង​មួយ​ថ្ងៃ​។

មូល​ហេតុ​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ការ​ថយ​ចុះ ត្រូវ​បាន​លោក គល់ បញ្ញា នាយកប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ខុម​ហ្វ្រែល បញ្ជាក់​ថា ដោយ​សារ​តែ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត ហាក់​មាន​ការ​ថម​ថយ និង​មិន​សូវ​សកម្ម​ដូច​កាល​ពី ការ​ចាប់​ផ្តើម​ដំបូង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បញ្ហា​មួយ​ដ៏​សំខាន់​ទៀត​នោះ​គឺ បញ្ហា​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ។ លោក ថា មក​ទល់ពេល​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​ផ្លាស់​ទីលំ​នៅ ឬ ទៅ​ធ្វើ​ការ​នៅ​តំបន់​ផ្សេង មិន​សូវជា​ចាប់អារម្មណ៍​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ដោយ​រួម​ទាំង​ព្រះសង្ឃ​ផង។ 

ទាក់​ទិន​នឹង​បញ្ហា​នេះ លោក គល់ បញ្ញា បាន​ឲ្យ​ជម្រុញ​ឲ្យ ស្ថាប័ន​ពាក់​ព័ន្ធ រួម​មាន គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គជប) គណបក្ស​នយោបាយ និង អង្គការ​សង្គម​ស៊ីវិល ឲ្យ​ធ្វើការ​រួម​គ្នា​ ដើម្បី​ជូន​ដំណឹង​ឲ្យ​កាន់​តែ​ទូលំទូលាយ​និង​ផុស​ផុល​បន្ថែម​ទៀត ដើម្បី​ក្រើន​រំឮក ទៅ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

បន្ថែម​លើ​នេះ អ្នក​ធ្វើ​ការ​លើ​បញ្ហា​បោះ​ឆ្នោត​រូប​នេះ ចង់​ឲ្យ​គជប បង្កើត​យន្តការ​ ណា​មួយ​ដើម្បី​ជួយ​សម្រួល​នៅ​នឹង​កន្លែង ក្នុង​ករណី​ប្រជាពលរដ្ឋ ខ្វះ​ខាត​ឯកសារ​។

​ទោះ​បី​ជា​​យ៉ាង​ណា​ក៏​ដោយ លោក គល់ បញ្ញា ជឿ​ជាក់​ថា ប្រជាពលរដ្ឋ​អាច​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់​គ្នា ក្នុង​រយៈពេល​ ១ ខែ ទៀត។ សូម​បញ្ជាក់​ថា សូម​ជម្រាប​ថា ដំណើរ​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់​ផ្តើម​ពី​ថ្ងៃ​ទី០១ ខែកញ្ញា ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំឡើង ហើយ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ