អានតួអត្ថបទ
កម្ពុជា

អង្គការ​លីកាដូ​៖ ដី​សម្បទាន​សង្គម​កិច្ច​ដែល​ចែក​ដោយ​អាជ្ញាធរ​កម្ពុជា មិន​អាច​បង្ក​បង្កើន​ផល​បាន

ដី​សម្បទាន​សង្គម​កិច្ច​ដែល​បាន​បែង​ចែក​ដោយ​អាជ្ញាធរ​កម្ពុជា មាន​មួយ​ផ្នែក គឺ​មិន​សម​រម្យ​សម្រាប់​ការ​ធ្វើ​ស្រែ​ចម្ការ​នោះ​​ឡើយ​។ ពោល​គឺ​មិន​អាច​បង្ក​បង្កើន​ផល​បាន​តែ​ម្ដង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍ ស្ដី​ពី​ការ​ពិនិត្យ​ទៅ​លើ​សម្បទាន​ដី​សង្គម​កិច្ច ដែល​អង្គការ​លីកាដូ ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។ តាម​រយៈ​របាយការណ៍​កម្រាស់​២០​ទំព័រ​នេះ លីកាដូ​បាន​អំពាវនាវ​ឲ្យម្ចាស់​ជំនួយ ទទួល​ស្គាល់​នូវ​ការ​ពិត​អស់​ទាំង​នេះ​។ និង​ជា​ពិសេស ​ត្រូវ​តាម​ដាន​ការ​អនុវត្ត​គម្រោង​របស់​អាជ្ញាធរ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ។

​​សម្បទាន​ដី​​សង្គម​​កិច្ច​ ដែល​ត្រូវ​បាន​​ផ្ទេរ​​ទៅ​ឲ្យ​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​ដែល​​គ្មា​នដី។​
​​សម្បទាន​ដី​​សង្គម​​កិច្ច​ ដែល​ត្រូវ​បាន​​ផ្ទេរ​​ទៅ​ឲ្យ​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​ដែល​​គ្មា​នដី។​ Licadho
ផ្សាយពាណិជ្ជកម្ម

តាម​ការ​រក​ឃើញ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ មាន​ពលរដ្ឋ​តិច​ជាង​៥០​ភាគ​រយ ក្នុង​ចំណោម​គ្រួសារ​ទាំង​អស់​ក្នុង​គម្រោង​សម្បទាន​ដី​សង្គម​កិច្ច បាន​តាំង​ទី​លំនៅ​ និង​បន្ត​រស់​នៅ​ក្នុង​តំបន់​នោះ។ របាយការណ៍​របស់​លីកាដូ​បង្ហាញ​ថា ដី​ធ្លី​ដែល​អាជ្ញាធរ​កម្ពុជា​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នោះ មាន​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក ដែល​មិន​អាច​បង្ក​បង្កើន​ផល​បាន។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បានដី​ធ្លី​ហើយ ក៏​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ឡើយ បើ​ទោះ​បី​ជា​បាន​ធ្វើ​សំណើ និង​បំពេញ​បែប​បទ​ត្រូវ​តាម​ច្បាប់​ហើយ​ក៏​ដោយ។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​សិទ្ធិ​ក្នុង​ការ​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន ដោយ​សារ​ការ​អនុវត្ត​គម្រោង​មិន​មាន​ប្រសិទ្ធភាព។

យោង​តាម​របាយការណ៍​របស់​លីកាដូ ​ដី​ធ្លី​ចំនួន​ពាក់​កណ្ដាល​នៃ​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​នោះ មិន​ទាន់​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឡើយ​ទេ ហើយ​ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​មាន​និរន្ដរភាព​បន្តិច​បន្តួច​ទៅ​មុខ។

អង្គការ​លីកាដូ បាន​បង្ហាញ​ពី​ការ​សាទរ​ នៅ​ពេល​ដែល​ធនាគារ​ពិភពលោក​ប្រកាស​ផ្ដល់​ជំនួយ​២៥​លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​គម្រោង​សម្បទាន​ដី​សង្គម​កិច្ច។ លីកាដូ​ចាត់​ទុក​ជំនួយ​នេះ​ថា ជា​រឿង​ចាំ​បាច់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​សន្តិសុខ​ស្បៀង។ ក៏​ប៉ុន្តែ គម្រោង​ដែល​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​ច្រើន​ក្នុង​ពេល​យូរ​ឆ្នាំ​បែប​នេះ មិន​អាច​ចាត់​ទុក​ថា​ជា​គំរូ​សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​គម្រោង​សម្បទាន​ដី​សង្គម​កិច្ច នា​ពេល​អនាគត​នោះ​ទេ។ នេះ​បើ​តាម​លីកាដូ​។ អង្គការ​នេះ​បាន​អំពាវនាវ​ឲ្យម្ចាស់​ជំនួយ ទទួល​ស្គាល់​នូវ​ការ​ពិត។ និង​ជា​ពិសេស ត្រូវ​តាម​ដាន​ការ​អនុវត្ត​គម្រោង​របស់​អាជ្ញាធរ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ។

គួរ​ជម្រាប​ជូន​ថា គម្រោង​សម្បទាន​ដី​សង្គម​កិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជំនួយ​ពី​ធនាគារ​ពិភពលោក ​និង​ភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក។ ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៨ ​គម្រោង​នេះ មាន​គោល​បំណង​បង្ហាញ​ឲ្យ​ឃើញ​ថា ដី​សម្បទាន​សង្គម​កិច្ច​អាច​ចូល​រួមកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ដី​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្លី ដើម្បី​សង់​លំនៅដ្ឋាន​និង​ធ្វើ​ស្រែ​ចម្ការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ