លីកាដូ ចង់ឲ្យមានដំណោះស្រាយរយៈពេលវែង ដើម្បីកុមារដែលមានម្តាយជាប់ក្នុងពន្ធនាគារ
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃអង្គារ ទី២៦ឧសភានេះ បានចេញផ្សាយរបាយការណ៍ថ្មីមួយ កម្រាស់ ៣៣ទំព័រ និយាយអំពី «ម្តាយនៅក្នុងពន្ធនាគារ៖ ផលប៉ះពាល់នៃការឃុំខ្លួនស្ត្រី និងកូនរបស់អ្នកទាំងនោះ»។ ខុសពីរបាយការណ៍មុនៗ របាយការណ៍លើកនេះ គឺផ្តោតសំខាន់លើផលវិបាករបស់កុមារ ដែលមានម្តាយជាប់នៅក្នុងពន្ធនាគារ។ កុមារនៅក្រៅពន្ធនាគារ ដែលអង្គការលីកាដូ បានស្រាវជ្រាវឃើញថា ពួកគេបានទទួលផលអវិជ្ជមានក្នុងជីវិតជាច្រើន ពេលត្រូវបំបែកពីម្តាយ។ លីកាដូ ចង់ឲ្យមានដំណោះស្រាយរយៈពេលវែងសមរម្យមួយ ដើម្បីឲ្យកុមារដែលមានម្តាយជាអ្នកទោសទាំងនោះ ទទួលបានប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២២
បន្ទាប់ពីបានធ្វើបទសម្ភាសន៍ជាមួយនឹងស្ត្រីជាម្តាយ ដែលកំពុងជាប់ពន្ធនាគារ ឬដែលត្រូវបានដោះលែងថ្មីៗ ចំនួន ៩៦នាក់ និងជាមួយអ្នកថែទាំងកុមារក្រៅពន្ធនាគារ ចំនួន ៣៦នាក់ ក្នុង ១២ខេត្ត និងរាជធានីភ្នំពេញ លីកាដូ បានចេញផ្សាយរបាយការណ៍កម្រាស់ ៣៣ទំព័រ នៅថ្ងៃទី ២៦ឧសភា បញ្ជាក់ថា កុមារជាច្រើនពាន់នាក់ ដែលត្រូវបានបំបែកចេញពីម្តាយ ដែលជាប់ក្នុងពន្ធនាគារ គឺទទួលរងនៅផលប៉ះពាល់ធ្ងន់ធ្ងរណាស់។ ផលប៉ះពាល់ទាំងនោះរួមមាន ទំនាក់ទំនងរវាងម្តាយ និងកូន អាចធ្វើឲ្យមានគំលាត គ្មានភាពស្និទ្ធស្នាល។ ប៉ះពាល់ ដល់ការអប់រំ ដោយសារកូនៗទាំងនោះ ពុំមានអារម្មណ៍សិក្សាឲ្យបានល្អ ពួកគេតែងតែនឹកម្តាយដែលនៅក្នុងពន្ធនាគារ។ ប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុ ដោយសារគ្រួសារ ត្រូវបាត់បង់ចំណូល។ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងទំនាក់ទំនងសង្គមជាដើម។
ឆ្លងតាមការរកឃើញទាំងនេះ លីកាដូ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ គួរតែមានដំណោះស្រាយរយៈពេលវែងសម្រាប់បញ្ហាខាងលើ។ ដំណោះស្រាយរយៈពេលវែង ដែលបើតាមអ្នកនាងនូ សំអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការលីកាដូ បានប្រាប់វិទ្យុបារាំងថា មាន៤ចំនុចចម្បងគឺការសម្រេចឃុំខ្លួន ថាតើបទល្មើសរបស់ស្ត្រីជាម្តាយ និងឧត្តមប្រយោជន៍របស់កុមារ មានសមាមាត្រគ្នា ដែលគួរតែត្រូវឃុំខ្លួន ឬអត់។ មួយទៀត គឺការរៀបចំជាប្រព័ន្ធ ថាតើម្តាយគួរតែឲ្យកូននៅជាមួយម្តាយ ឬនៅខាងក្រៅពន្ធនាគារ។ ហើយចៅក្រមស៊ើបសួរ ក៏ត្រូវតែមានដំណោះស្រាយសម្រាប់កុមារផងដែរ ប្រសិនបើសម្រេចឲ្យម្តាយរបស់ពួកគេត្រូវឃុំខ្លួន។ និងចំនុចសំខាន់ចុងក្រោយ គឺពន្ធនាគារគួរតែមានការរៀបចំជាពិសេស សម្រាប់កុមារដែលចង់រស់នៅជាមួយម្តាយរបស់ពួកគេ នៅទីនោះ។
តាមលីកាដូ អាជ្ញាធរនានា ជាពិសេសចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន អាចធ្វើឲ្យជីវិតកុមារជាច្រើននាក់ល្អប្រសើរ ដោយគ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ ដែលមានស្រាប់ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយចំនួនម្តាយ ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារដោយមិនមានភាពចាំបាច់។ ការឃុំខ្លួនក្នុងពន្ធនាគារ ដោយមិនចាំបាច់ គឺសម្តៅដល់ស្ត្រីជាអ្នកទោស ដែលត្រូវបានចោទប្រកាន់ ឬត្រូវបានរកឃើញថាមានទោសពីបទល្មើសស្រាល ឬបទល្មើសអហិង្សា ដែលមិនគួរជាប់ពន្ធនាគារ។
គួររម្លឹកជូនថា ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាជ្ញាធរកម្ពុជា បានដោះលែងស្ត្រី ដែលមានផ្ទៃពោះ និងមានកូនតូចៗ ក្នុងពន្ធនាគារប្រមាណជិត ៦០នាក់ប៉ុណ្ណោះ ក្នុងរយៈពេលមុននិងក្រោយថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃសិទ្ធិនារីអន្តរជាតិ ឆ្នាំ ២០១៥ នេះ។ លីកាដូ បានបញ្ជាក់ថា នៅមានអ្នកទោសស្តី្រជាម្តាយជាច្រើននាក់ទៀត នៅពុំទាន់ទទួលបានការលើកលែងណាមួយនោះទេ មកទល់នឹងពេលនេះ ហើយពួកគេទាំងនោះ កំពុងត្រូវការដំណោះស្រាយរយៈពេលវែង តាមរយៈការផ្លាស់ប្តូរប្រព័ន្ធមួយចំនួនជាពិសេសនៅក្នុងនីតិវិធីតុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ