អានតួអត្ថបទ
កម្ពុជា

អ្នក​នាំ​ពាក្យ​៖ ក្រសួង​ព័ត៌មាន​មិន​បាន​បិទ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ទេ​

លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ១៥ កញ្ញា នេះ​ថា​ ក្រសួង​ព័ត៌មាន​មិន​មាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បិទ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​កម្ពុជា​នោះ​ទេ។ បើ​តាម​លោក អ៊ុក គឹមសេង ស្ថានីយ៍​វិទ្យុ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​ដោយ​ខ្លួន​ឯង។ ប៉ុន្ដែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន​នៅ​តែ​បន្ដ​គាំ​ទ្រ​វត្តមាន​ស្ថាប័ន​នេះ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន
លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន @FB
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ព័ត៌មាន​ បដិសេធ​ទាំង​ស្រុង​ថា ខ្លួន​មិន​បាន​​គាប​សង្កត់ មិន​បាន​ទៅ​រិត​ត្បិត​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់​ចំពោះ​វិទ្យុ​អាស៊ី​សេរី ​ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​ដទៃ​ទៀត​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ុក គឹមសេង​។

គួរ​រម្លឹក​ថា វិទ្យុ​អាស៊ី​សេរី​ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២​ខែ​កញ្ញា។ អាស៊ី​សេរី បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​បង្ក្រាប​មក​លើ​សំឡេង​សារព័ត៌មាន​ឥត​ស្រាក​ស្រាន្ត​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ី​សេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​ភ្នំពេញ​បាន។

ចំពោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ការ​លើក​ឡើង​របស់​វិទ្យុ​អាស៊ី​សេរី​នេះ បង្ហាញ​ថា​កម្ពុជា​កំពុង​រឹត​បន្ដឹង​សេរីភាព​សារពត៌មាន។ លោក​បន្ដ​ថា វិទ្យុ​អាស៊ី​សេរី​ កំពុង​បំភ្លៃ​ការ​ពិត ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ភាព​អាក្រក់​ចំពោះ​សភាពការណ៍​ដែល​ពាក់​ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ការ​លើក​សេចក្ដី​ថ្លែងការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា ក្រោយ​ការ​ប្រកាស​បិទ​ការិយាល័យ វិទ្យុ​អាស៊ី​សេរី បាន​បញ្ចប់​កិច្ច​សន្យា​ខ្លី​នៃ​បុគ្គលិក​ខ្លួន​ទាំង​អស់​ ហើយ​បង្វែរ​បុគ្គលិក​ទាំង​នោះ ទៅ​ជា​អ្នក​ធ្វើ​ការ​ឯករាជ្យ​រៀង​ខ្លួន ឬ​ហៅ​ថា Freelance វិញ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​គូស​បញ្ជាក់​ថា បុគ្គលិក​ដែល​បន្ត​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ទោះ​ក្នុង​ក្រប​ខណ្ឌ​ឯករាជ្យ​ក៏​ដោយ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​របស់​កម្ពុជា។ លោក អ៊ុក គឹមសេង បាន​ប្រៀប​ប្រដូច​ការ​ធ្វើ​ការ​របៀប​ថ្មី​របស់​អ្នក​កាសែត​អាស៊ី​សេរី ថា​ជា​ការ​ធ្វើ​ការ​បែប “ចារកម្ម”។ លោក​បញ្ជាក់​ថា ការ​បញ្ចប់​ការិយាល័យ​របស់​អាស៊ី​សេរី​ក្នុង​ប្រទេស​កម្ពុជា វត្តមាន​របស់​បុគ្គលិក​វិទ្យុ​នេះ​ក៏​លែង​មាន​នៅ​កម្ពុជា​ទៀត​ដែរ​។ ហើយ​បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ក្រសួង​ឈប់​ផ្ដល់​បទ​សម្ភាសន៍ ឈប់​ទទួល​ការ​បំភ្លឺ ពី​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ទៀត​ហើយ ចាប់​ពី​ពេល​នេះ​ត​ទៅ​។

បើ​ទោះ​បី​ជា​វិទ្យុ​បាន​ប្រកាស​បិទ​ការិយាល័យ​ដោយ​ខ្លួន​ឯង​​ក៏​ដោយ ​លោក​ អ៊ុក គឹម​សេង បញ្ជាក់​ថា ក្រសួង​ព័ត៌មាន​នៅ​តែ​បន្ទន់​ឥរិយាបទ​ដើម្បី​បើក​ផ្លូវ​ចចារ​តាម​ផ្លូវ​ច្បាប់​ជាមួយ​វិទ្យុ​នេះ។ បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​នេះ​កន្លង​មក ​វិទ្យុ​អាស៊ី​សេរី ត្រូវ​បំពេញ​កាតព្វកិច្ច ចុះ​បញ្ជី​សារពើពន្ធ​ជា​មុន​សិន មុន​នឹង​ក្រសួង​ព័ត៌មាន​សម្រេច​លើ​ការ​ស្នើ​សុំ​ចុះ​បញ្ជី និង​បើក​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ី​សេរី ប្រចាំ​នៅ​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ