អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ទីភ្នាក់ងារ​ជាតិ​មុខរបរ៖ កម្ពុជា​មាន​ការងារ​ច្រើន​ជាង​តម្រូវការ ខណៈ​ដែល​អ្នក​ជំនាញ​ជំទាស់

 ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​នៅថ្ងៃ​ទី១ វិច្ឆិកា​នេះ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌​មាន​ប្រកាស​ពីពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ ទី​៦​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥ និង​ថ្ងៃទី៦ វិច្ឆិកា​ចុង​សប្តាហ៍​នេះ​។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន អនុ​ប្រធាន​ទីភ្នាក់ងារ​ជាតិ បាន​អះអាង កំណើន​នៃ​កម្លាំង​ពលកម្ម​របស់កម្ពុជា​ប្រចាំ​ឆ្នាំ​គឺ​មិន​ទាន់​ឆ្លើយ​តប​ នឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ការងារ​នោះ​ទេ។ ប៉ុន្តែ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ថាការ​លើក​ឡើង​នេះ គឺ​ជា​ទីផ្សារ​ការងារ​ក្នុង​ប្រព័ន្ធ​តែ​ប៉ុណ្ណោះ។ 

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី១ វិច្ឆិកានេះ បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីពិព័រណ៍ការងារថ្នាក់ជាតិលើកទី៦។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី១ វិច្ឆិកានេះ បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីពិព័រណ៍ការងារថ្នាក់ជាតិលើកទី៦។ @RFI/Mesa
ផ្សាយពាណិជ្ជកម្ម

លោក​ហៃ ហ៊ុនឡេង អនុ​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​ថ្លែង​ថា​តម្រូវការ​ទីផ្សារ​ការងារកម្ពុជា​ជា​ប្រចាំឆ្នាំ​គឺ​ប្រមាណ​២០​ម៉ឺន​កន្លែង​ ប៉ុន្តែ​កំណើន​កម្លាំង​ពល​កម្ម​មាន​មិន​គ្រប់​គ្រាន់​នោះ​ទេ។ វិស័យ​ដែល​ត្រូវការ​កម្លាំង​ច្រើន​ជាង​គេ​គឺ​វិស័យ​កសិកម្ម និង​តាម​ពី​ក្រោយ​ដោយ​វិស័យ​ឧស្សាហកម្ម និងសេវាកម្ម។ ប៉ុន្តែ​វិស័យ​ដែល​មាន​កំណើន​ការងារ​ខ្លាំង​ជាង​គេ គឺ​វិស័យ​ឧស្សាហកម្ម​ដែល​មាន​ប្រមាណ១៦​ភាគរយ ហើយ​វិស័យ​សេវាកម្ម មាន​១៤.២៦%។ ដោយ​ឡែក​វិស័យ​កសិកម្ម​មាន​តម្រូវការ​ការងារ​តិច​ជាង​គេ​គឺ​ ៨.២ %។ 

 
ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​និង​អ្នក​តាម​តាន​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បាន​លើក​ឡើង​ថា​តួលេខ​នោះ​គឺ​ជា​ចំនួន​កិច្ច​ការងារ​ក្នុង​ប្រព័ន្ធ ឬ​ផ្លូវការ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្សពេញ​កម្លាំង​ជា​ច្រើន​បាន​បំពេញ​ការងារ​ក្រៅ​ផ្លូវការ និង​ចំណាក​ស្រុក​មាន​ច្រើន​នាក់​បន្ថែម​ទៀត។ដែលនេះ​បង្ហាញ​ពី​តម្រូវការ​ការងារ​របស់​ពលរដ្ឋ​ពេញ​កម្លាំង​ជា​ច្រើន​ផ្សេង​ទៀត​។

គូស​បញ្ជាក់​ថា តម្រូវ​ការ​ទីផ្សារ​ការងារ​ប្រមាណ​២០​ម៉ឺន​កន្លែង​នេះ គឺ​មិន​សមាមាត្រ​ទៅ​នឹង​ចំនួន​កម្លាំងពលកម្ម​របស់​កម្ពុជា​ដែល​មួយ​ឆ្នាំ​មាន​តម្រូវ​ការ​ប្រមាណ​២៥​ម៉ឺន ទៅ​៣០​ម៉ឺន​កន្លែង។ អ្នក​សេដ្ឋកិច្ច លោក សុផល ក៏​ស្នើ​ឱ្យ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​នឹង​ការងារ ត្រូវ​ពង្រឹង និង​ពង្រីក​ការងារ​កិច្ច​ការងារផ្សព្វ​ផ្សាយ​ឱ្យ​ទៅ​ដល់​មូលដ្ឋាន​គ្រប់​ច្រក​ល្ហក​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ការងារ​ពី​ព្រោះ​ថា​អ្នកជន​បទ​ខ្វះ​ព័ត៌មាន​ស្តី​ពីកា​រងារ​នេះ​ច្រើន ហើយ​ភាគ​ច្រើន​បំផុត​ការ​ស្វែង​រក​ការងារ​ពី​អ្នក​ជនបទ គឺ​តាម​បណ្តាញ​មេ​ខ្យល់ និង​សាច់​ញាតិ​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល និង​អ្នក​ជំនាញ​មិន​មាន​ចំណុច​ឯកភាព​រួមលើ​អត្រា​នៃ​អ្នក​អត់​ការងារ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ លោក ហៃហ៊ុនឡេង បាន​លើក​ឡើង​ថា កត្តា​គ្មាន​សមត្ថភាព​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​មិន​អាច​ទទួល​បាន​ការងារ​ធ្វើ។ ទន្ទឹម​នឹង​មាន​ពិពរណ៍​ការងារ​នៅ​ចុង​សប្តាហ៍​នេះ ទីភ្នាក់ងារជាតិ​និង​មុខរបរ​បាន​អះអាង​វា​ជា​ឱកាស​បន្ថែម​ទៀត​ដល់ពលរដ្ឋ​កម្ពុជា​ខណៈ​ដែល​ពិរពណ៍​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​ប្រមាណ​៩​ពាន់​កន្លែង​បន្ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ