អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា-ថៃ៖ ពលករ​ខ្មែរ​ជាង​១លាន​នាក់​ទទួល​បាន​ភាព​ស្រប​ច្បាប់ ខណៈ​ថៃ​ជិត​រឹត​បន្តឹង​ច្បាប់

គិត​ត្រឹម​ថ្ងៃទី១៦ ខែ​មិថុនា កម្ពុជា និង​ភាគី​ថៃ បាន​សហការ​គ្នា បញ្ជាក់​អត្តសញ្ញាណ​ថ្មី​ឲ្យ​ពលករ​ខ្មែរ ​បាន​ប្រមាណ​៥៤ម៉ឺន​នាក់ និង​៥០ម៉ឺន​នាក់​ទៀត បាន​ទទួល​ភាព​ស្រប​ច្បាប់​តាម​ការ​យោគ​យល់​គ្នា​រវាង​កម្ពុជា និងថៃ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួងការងារ​កម្ពុជា​។ ជា​ការ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ពលករ​បរទេស​ ដើម្បី​បាន​ភាព​ស្រប​ច្បាប់​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ខណៈ​អាជ្ញាធរ​ថៃ​គ្រោង​នឹង​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស នៅ​ដំណាច់​ខែ​មិថុនា​នេះ​។

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​សារ​អេឡិច​ត្រូនិច​ថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​មិថុនា កម្ពុជា និង​ភាគី​ថៃ​បាន​សហការ​គ្នា​បញ្ជាក់​អត្តសញ្ញាណ​ថ្មី ជូន​ពលករ​កម្ពុជា ដែល​មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូ(បណ្ណ​មិន​មែន​សញ្ជាតិ​ថៃ) ចេញ​ដោយ​ភាគី​ថៃ ដើម្បី​យក​ទៅ​សុំ​ភាព​ស្រប​ច្បាប់​ពី​ភាគី​ថៃ បាន​ចំនួន​ប្រមាណ ៥៤ម៉ឺន​នាក់។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ​កម្ពុជា បាន​សហការ​គ្នា​សម្រួល​ឯកសារ និង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ជា​លក្ខណ​នៃ​ការ​យោគ​យល់​គ្នា (MoU) បាន​ចំនួន​ប្រមាណ​៥០ម៉ឺន​នាក់​ផ្សេង​ទៀត​។ ដោយ​ឡែក​សម្រាប់​ពលករ ដែល​មិន​មាន​បណ្ណ​ពណ៌ស៊ី​ជម្ពូ គឺ​ក្រសួង​ការងារ​កម្ពុជា​នឹង​បន្ត​សហការ​ជា​មួយ​ភាគី​ថៃ​សម្រួល​ឲ្យ​ពលករ​ខ្មែរ​អាច​ចេញ​មក​ធ្វើ​ឯកសារ​នៅ​កម្ពុជា​រួច​ចេញ​ទៅ​វិញ​ជា​ពលករ​​ តាម​រយៈ​ការ​យោគ​យល់​គ្នា​នៃ​ក្រសួង​ការងារ​ទាំង​ពីរ​វិញ​។ នេះ​បើ​តាម​លោក ហេង សួរ។

នាយកដ្ឋាន​ផ្នែក​ការងារ​របស់​ថៃ លោក Anurak Thossarat បាន​បញ្ជាក់ ​កាល​ពីដើមខែមិថុនា ​ប្រាប់​សារព័ត៌មាន The Nation ថា ការ​ចុះ​ឈ្មោះ​ពលករ​បរទេស​ក្នុង​ប្រទេស​ថៃ នឹង​មិន​មាន​ការ​ពន្យារ​ពេល​តទៅ​ទៀត​ទេ។ នាយកដ្ឋាន​​ការងារ​​ថៃ​បន្ថែម​ថា នៅ​ក្រោយ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ពលករ​ដែល​ធ្វើ​ការ​ខុស​ច្បាប់ ថៅកែ​របស់​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​ថៃ​ក្រោម​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស ដែល​បាន​វិសោធនកម្ម​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

បើ​តាម​ការ​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ការងារ​ថៃ ការ​បញ្ជាក់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ការ​បន្ត​បណ្ណ​មិន​មែន​សញ្ជាតិ​ថៃ(បណ្ណ​ពណ៌​ស៊ីជម្ពូ) និង​ការ​ស្នើ​សុំទិដ្ឋាការ​ស្នាក់​នៅ និង​បណ្ណ​អនុញ្ញាត​ការងារ​ពី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​មិន​មាន​ការ​ពន្យារពេល​ឡើយ​។

សូម​ជម្រាប​ជូន​ថា ពលករ​បរទេស ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការ​អនុញ្ញាត​នឹង​ត្រូវ​ផាក​ពិន័យ​ពី​១៥៥​ដុល្លារ ដល់​១,៥៦០​ដុល្លារ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ។ ចំណែក​ឯ​និយោជក​រូប​ណា ដែល​ទទួល​យក​ពលករ​បរទេស​មក​ធ្វើ​ការ​ខុស​ច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ​ពី​៣១២​ដុល្លារ ដល់​៣,១២០​ដុល្លារ ក្នុង​ពលករ​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ