អានតួអត្ថបទ
កម្ពុជា-កុមារ

ទិវាកុមារ៖ អង្គការភ្លែនថា កុមារ​កម្ពុជា​នៅ​ប្រឈម​ខ្លាំង​នឹង​អំពើ​ហិង្សា​ផ្នែកអារម្មណ៍

នៅ​ថ្ងៃ​សុក្រ​នេះ​គឺ​ជា​ទិវា​កុមារ​អន្តរជាតិ១​មិថុនា។ ​ជា​ការ​កត់​សម្គាល់​នៅ​កម្ពុជា​មិន​បាន​ប្រារព្ធ​ពិធី​នេះ​ផ្លូវការ​ឡើយ ​ តែ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ពរ​កុមារ​កម្ពុជា​ក្នុង​ឱកាស​នេះ។ ចំណែក អង្គការ​ភ្លែន​អន្តរជាតិ​(PLAN International) ដែល​ធ្វើ​ការងារ​ទាក់ទង​កុមារ មើល​ឃើញ​ថា ស្ថានភាព​ទូទៅ​របស់​កុមារ​នៅ​កម្ពុជា​ មាន​​​ភាពល្អ​ប្រសើ។ ប៉ុន្តែ​កុមារ​កម្ពុជា​នៅ​តែ​ប្រឈម​ខ្លាំង​នឹង​អំពើ​ហិង្សា​ផ្នែក​អារ​ម្មណ៍​។

ទិវា​កុមារ​អន្តរជាតិ១​មិថុនា
ទិវា​កុមារ​អន្តរជាតិ១​មិថុនា @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ទី សុវណ្ណារី អ្នក​ឯកទេស​កិច្ច​ការពារ​កុមារ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អំពើ​ហិង្សា​ផ្នែក​អារម្មណ៍​ដែល​បន្ត​កើត​មាន តាមរយៈ​ការ​ស្ដី​បន្ទោស ការ​ប្រៀប​ប្រដូច​កុមារ​និង​កុមារ។​ បញ្ហា​នេះ​បណ្ដាល​មក​ពី​ទម្លាប់​ពលរដ្ឋ​ខ្មែរមិន​ទាន់​មាន​វិធី​សាស្ត្រ​អប់រំ​កុមារ​តាម​បែប​វិជ្ជមាន ខណៈ​គ្រួសារ​ខ្លះ​មាន​ការ​យល់​ដឹងមិន​ប្រើ​ហិង្សា​ដោយ​ការ​វាយ​ដំ​លើ​រូបរាង​កាយ​ក៏​ដោយ ប៉ុន្តែ​ឱពុក​ម្ដាយ បាន​ប្រើ​ជាពាក្យ​សម្ដី​តាមរយៈ​ការ​ជេរ​ស្ដី និង​បន្ទោស ជាដើម។

ឥរិយាបថ​នេះ លោក ទី សុវណ្ណារី មើល​ឃើញ​ថា អំពើ​ហិង្សា​ផ្នែក​អារម្មណ៍ នឹង​ប៉ះពាល់​ផ្លូវ​ចិត្ត​កុមារ​ខ្លាំង ដែល​នេះ​ជម្រុញ​ឲ្យ​កុមារ​ប្រព្រឹត្ត​ទង្វើ​អវិជ្ជ​មាន​ផ្សេងៗ។ ដើម្បីចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់​បរិបទ​កុមារនៅ​កម្ពុជា ព្រោះ​ថា​កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត ដែល​ផ្តោត​តែ​ទៅ​លើបញ្ហា​កុមារ​នៅ​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ។

យ៉ាងណាក៏ដោយ បើតាម លោក ទី សុវណ្ណារី ក្រុម​អង្គការ​សង្គម​ស៊ីវិល សហការជាមួយ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​កិច្ចការ​នារី​ធ្វើ​ការ​នេះ ជាមួយ​ឱពុក ម្ដាយ អប់រំ​កូនតាម​បែប​វិជ្ជ​មាន​ជាដើម។ គួររម្លឹកថា ក្រៅ​ពី​ជួប​ទម្រង់​ហិង្សា​ផ្នែក​អារម្មណ៍ កុមារ​កម្ពុជានៅ​ប្រ​ឈ​ម​​នឹង​អំពើ​ហិង្សា​ផ្សេង​ទៀត​គឺ​អំពើ​ហិង្សា​ផ្លូវ​ភេទ រាង​កាយ និង​ភាព​មិន​អើពើ។

នៅ​ក្នុង​ឱកាស​ខួប​លើក​ទី៦៩ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​តាមរយៈ​សារ​មួយ​ច្បាប់​ថា កុមារ​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​អភិវឌ្ឍផ្នែក​រាង​កាយ បញ្ញា ស្មារតី និង​ការ​សិក្សា​អប់​រំ​រៀន​សូត្រ។ ហេតុ​នេះ​កុមារ​ត្រូវ​ការ​ការថែ​ទាំ ការ​ជួយ​ទំនុក​បម្រុង​ពី​គ្រួសារ និង​សង្គម ជា​ពិសេស​ការ​លើក​កម្ពស់​កិច្ច​ការ​ពារ​កុមារ ដោយ​ឲ្យ​កុមារ​ទទួល​បាន​ការ​សិក្សា​អប់​រំ។

បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានជម្រុញក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវ​លើក​កម្ព​ស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅ​គ្រប់​សក​ម្ម​ភាពសេដ្ឋកិច្ចផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ