អានតួអត្ថបទ
កម្ពុជា

ប៉ូលិស ​ប្រកាស​​ឲ្យ​​ពលករ​​បរទេស​ រួស​រាន់​​បំពេញ​បែប​បទ​​ធ្វើ​ការ​​នៅ​​កម្ពុជា​

ប៉ូលិស​ក្រសួងមហាផ្ទៃ តាមរយៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ បានប្រកាស ជូនដំណឹង​ដល់​គ្រប់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​រាល់​ពលករ​បរទេស ដែលមាន​បំណង និង​កំពុង​ប្រកបមុខរបរ ឬ​ធ្វើការ​នៅ​កម្ពុជា ត្រូវ​រួសរាន់​បំពេញបែបបទ ដើម្បី​ធ្វើការ ស្របតាម​ច្បាប់​ការងារ និង​ច្បាប់​អន្តោប្រវេសន៍។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ សហគ្រាស គ្រឹះស្ថាន​នានា លើ​ពលករ​បរទេស ហើយ​បើ​គ្មាន​ទិដ្ឋាការ​សម្រាប់​ធ្វើការ និង​គ្មាន​ប័ណ្ណ​ការងារ នោះ​ក្រុមចំរុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នឹងធ្វើ​ការផាកពិន័យ​តាមច្បាប់​ជា​ធរមាន។

ប៉ូលិស ​ប្រកាស​​ឲ្យ​​ពលករ​​បរទេស​ រួស​រាន់​​បំពេញ​បែប​បទ​​ធ្វើ​ការ​​នៅ​​កម្ពុជា​
ប៉ូលិស ​ប្រកាស​​ឲ្យ​​ពលករ​​បរទេស​ រួស​រាន់​​បំពេញ​បែប​បទ​​ធ្វើ​ការ​​នៅ​​កម្ពុជា​ @អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ផ្សាយពាណិជ្ជកម្ម

កន្លងមក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​ការងារ បាន​ចាត់តាំង​ក្រុមចម្រុះ​អធិការកិច្ច ហត្ថពល​កម្ម​បរទេស ចុះ​ត្រួតពិនិត្យ​តាម​សហគ្រាស គ្រឹះស្ថាន ដែលមាន​ប្រើប្រាស់​ពលក​របរ​ទេស​នៅ​ទូទាំងប្រទេស។ ជា​លទ្ធផល ក្រុមចម្រុះអធិការកិច្ច​សង្កេតឃើញ​ថា ជាទូទៅ ជនបរទេស ដែល​កំពុង​ប្រកបមុខរបរ និង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​ការងារ បាន​យ៉ាង​ល្អប្រសើរ ពលករ​ទាំងនោះ មាន​លិខិតឆ្លងដែន​សុពលភាព​ត្រឹមត្រូវ មាន​ប្រភេទ​ទិដ្ឋាការ​សម្រាប់​ធ្វើការ និង​មាន​ប័ណ្ណ​ការងារ។

ក៏ប៉ុន្តែ​អគ្គនាយក​អន្តោប្រវេសន៍ បានលើកឡើង​ក្នុង​លិខិត​ចុះ​ថ្ងៃទី១មេសា​ថា នៅមាន​សហគ្រាស គ្រឹះស្ថាន និង​ពលករ​បរទេស​មួយចំនួន​តូច ពុំទាន់​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​កាតព្វកិច្ច​ឲ្យ​ត្រឹមត្រូវ តាមច្បាប់​កំណត់​នៅឡើយ ទោះបីជា​ក្រុមអធិការកិច្ច បាន​ណែនាំ​ធ្វើ​កិច្ចសន្យា​ទុក​រយៈពេល​ឲ្យ​ទៅ​បំពេញបែបបទ​បាន​ស្របច្បាប់​ជា​ញឹកញាប់​ណាស់​ទៅហើយ​ក្តី។

ក្នុង​សេចក្តីណែនាំ​ដដែល លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​តម្រូវ​ឲ្យ​គ្រប់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​រាល់​ពលករ​បរទេស ដែលមាន​បំណង និង​កំពុង​ប្រកបមុខរបរ ឬ​ធ្វើការ​នៅ​កម្ពុជា ត្រូវ​រួសរាន់​បំពេញបែបបទ ឲ្យ​បាន​គ្រប់គ្រាន់ តាមច្បាប់​ការងារ និង​ច្បាប់​អន្តោប្រវេសន៍។

ក្នុងនោះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ប្រកាសថា នឹង​ចុះ​ពិនិត្យ​តាម​គោលដៅ សហគ្រាស គ្រឹះស្ថាន​នានា ហើយ​ក្នុងពេល​រកឃើញថា ពលករ​បរទេស​ណា​ម្នាក់ ដែល​កំពុង​ប្រកបមុខរបរ ឬ​ធ្វើការ​គ្មាន​លិខិតឆ្លងដែន ដែលមាន​សុពលភាព​ត្រឹមត្រូវ គ្មាន​ប្រភេទ​ទិដ្ឋាការ​សំរាប់​ធ្វើការ គ្មាន​ប័ណ្ណ​ការងារ នោះ​ក្រុមអធិការកិច្ច​ហត្ថពល​កម្ម​បរទេស នឹងធ្វើ​ការផាកពិន័យ​តាមច្បាប់​ជា​ធរមាន។

 
លោក​ហេង ​សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​លើកឡើងថា សេចក្តីណែនាំ​ខាងលើ ជាការ​ក្រើនរំលឹក​ជាថ្មីទៀត​ដល់​ម្ចាស់​សហគ្រាស ដើម្បី​គ្រប់គ្រង​ពលករ​បរទេស ឲ្យ​កាន់តែ​ប្រសើរឡើង។ តាម​លោក​ហេង​ សួរ នៅ​ឆ្នាំ២០១៤ មាន​ពលករ​បរទេស​ចំនួន​ជាង ១៨០០០ នាក់ រហូតដល់ ៣ ខែ ដើមឆ្នាំ២០១៥នេះ អាច​នឹង​កើន​ដល់​យ៉ាងតិច ២ ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ និង​កសិកម្ម។

លោក​ហេង​សួរ បន្ថែមថា ពលករ​បរទេស​ម្នាក់​ត្រូវ​ចំណាយ​ជាង ៤០ ម៉ឺន​រៀល លើ​ប័ណ្ណ​ការងារ និង​សេវា​ពិនិត្យ​សុខភាព។ តាមរយៈ​អធិការកិច្ច​កន្លងមក ក្រុមការងារ​ចម្រុះ បាន​ផាកពិន័យ និង​មាន​ទាំង​ការបណ្តេញ​ពលករ​បរទេស ដែល​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ចេញពី​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ