តំណាងរាស្ត្រ គ្រោងកោះហៅប៉ូលិសអន្តោប្រវេសន៍ បំភ្លឺករណីអនុវត្តច្បាប់អន្តោប្រវេសន៍មិនស្មើភាព
បន្ទាប់ពីការចាប់ខ្លួនសកម្មជនការពារបរិស្ថានតំបន់អារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ហើយបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី២៣កុម្ភៈ រួចមក អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រកាសថា លោកនឹងធ្វើលិខិតកោះហៅប៉ូលិសន្តោប្រវេសន៍ ព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា។ ជាការឆ្លើយបំភ្លឺ នៅពេលរដ្ឋសភា ចូលកង ក្នុងខែមេសា ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍មិនស្មើភាពគ្នា លើជនបរទេស ដែលរស់នៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រវ័យក្មេង មណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសនៅថ្ងៃទី២៥កុម្ភៈថា លោកគ្រោងនឹងសរសេរលិខិតកោះអញ្ជើញប៉ូលិសនៅនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ រួមទាំងរដ្ឋមន្ត្រី ចូលឆ្លើយបំភ្លឺក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលរដ្ឋសភា ចូលកងវិញ នៅខែមេសាខាងមុខ។
តាមលោកតំណាងរាស្ត្រ ប៉ូលិសអន្តោប្រវេសន៍ ព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា ជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍ លើជនបរទេស ដែលរស់នៅកម្ពុជា។ នោះគឺលោកតំណាងរាស្ត្រ អ៊ុំ សំអាន អះអាងថា ប៉ូលិសបានអនុវត្តច្បាប់អន្តោប្រវេសន៍ មិនស្មើភាពគ្នា លើជនបរទេស ជនជាតិអេស្ប៉ាញ លោក អាឡិច ជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង និងជនជាតិវៀតណាម។ ជនជាតិវៀតណាម ដែលរស់នៅកម្ពុជា ត្រូវបានតំណាងរាស្ត្រអះអាងថា ភាគច្រើនរស់នៅដោយខុសច្បាប់ ហើយត្រូវប៉ូលិស អនុវត្តច្បាប់ ចាប់បញ្ជូនទៅវិញ តិចតួចប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត អ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ក៏គ្រោងនឹងសួរនាំពីការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជាផងដែរ។ តាមលោកអ៊ុំសំអាន ទាំងជនជាតិវៀតណាម អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ ព្រមទាំងប៉ូលិស អ្នកធ្វើសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យជនជាតិវៀតណាម គឺត្រូវមានទោសជាប់ពន្ធនាគារ។ នេះបើយោងតាមច្បាប់សញ្ជាតិ។
របាយការណ៍ក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ បង្ហាញថា ជនបរទេសដែលធ្វើជំរឿន នៅឆ្នាំ២០១៤ មានជាង ១០ ម៉ឺននាក់ ក្នុងនោះ ជនបរទេសអន្តោប្រវេសន៍ ដែលបានបង្ហាញមុខ មានជាង ៣៣.០០០ នាក់ និងជនបរទេស ដែលប្រើប្រាស់លិខិត មិនប្រក្រតី មានជាង ៧២.០០០ នាក់។
របាយការណ៍ដដែល ក៏បានបង្ហាញថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ក្រសួងបានបណ្តេញចេញជនបរទេស ដែលរស់នៅកម្ពុជាខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើស មានចំនួន ១.៣២៥ នាក់ មាន ៣៣ សញ្ជាតិ ក្នុងនោះ មានជនជាតិវៀតណាម ច្រើនជាងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ