អានតួអត្ថបទ
កម្ពុជា

ប៉ូលីស​ខេត្ត​រតនៈគីរី​ដើរល្បាត​ក្នុងភូមិ​ទាំងយប់ ដើម្បី​ស្វែងរក​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា៥នាក់

ប៉ូលីស​ខេត្ត​រតនគីរី​ប្រមាណ​ជា២០នាក់ ត្រូវបាន​ដាក់អោយ​ប្រចាំការ​នៅក្នុង​ភូមិ​មួយ ក្នុង​ខេត្ត​រតនគីរី តាំងពី​យប់​ម៉ិ​ញ​មក ដើម្បី​ស្វែងរក​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា៥នាក់ ដែល​គេ​ជឿថា កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ជិត​ព្រំដែន​កម្ពុជា។ គិត​ត្រឹម​ម៉ោង​ប្រមាណ​ជា១២រសៀល​ថ្ងៃ​សុក្រ​ទី៩មករា​នេះ កំលាំង​ប៉ូលីស​ទាំងនោះ នៅ​មិនទាន់​ដកចេញ​នៅឡើយ​ទេ។

ភ្នាក់ងារ​​​ UNHCR ​ជួប​ជាមួយ​ជនភៀស​ខ្លួន ​ម៉ុងតាញ៉ា នៅ​ថ្ងៃទី​២០​ ខែធ្នូ ​ឆ្នាំ២០១៤​ នៅ​ក្នុង​ខេត្ត​រតនគិរី​
ភ្នាក់ងារ​​​ UNHCR ​ជួប​ជាមួយ​ជនភៀស​ខ្លួន ​ម៉ុងតាញ៉ា នៅ​ថ្ងៃទី​២០​ ខែធ្នូ ​ឆ្នាំ២០១៤​ នៅ​ក្នុង​ខេត្ត​រតនគិរី​ @ Chhay Thi Facebook
ផ្សាយពាណិជ្ជកម្ម

កំលាំង​ប៉ូលីស​ខេត្ត​រតនគីរី ត្រូវបាន​ដាក់អោយ​ប្រចាំការ​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគីរី តាំងពី​យប់​ថ្ងៃទី៨មករា​មក ដើម្បី​ស្វែងរក​ជនជាតិភាគតិច​ចា​រ៉ា​យ​-​វៀតណាម​៥​នាក់ រឺ​គេ​ហៅថា ជនជាតិភាគតិច​ភ្នំ​ម៉​ង់​តា​ញ៉ា ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ ក្បែរ​ភូមិ​នេះ។ សាក្សី​នៅក្នុង​ភូមិ​បានអោយ​វិទ្យុ​បារាំង​អន្តរជាតិ RFI ដឹងថា កងកំលាំង​ប៉ូលិស​ចំនួន៦ឡាន មាន​គ្នាប្រមាណ​​ជិត២០នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​ចំនួន៤ដើម ក្នុងនោះ​មាន​ប៉ូលិស​ប៉ុស្តិ៍​ភូមិ​ឡំ វិ​រៈ​ព្រំដែន និង​ស្រុក​ផង បាន​សម្រុក​ចូលទៅក្នុង​ភូមិ​នៅ​ប្រមាណ​ជា​ម៉ោង៩យប់ ហើយ​បាន​ដើរល្បាត រហូតមកដល់​ព្រឹក​ថ្ងៃទី៩មករា។

បើតាម​លោក ឆាយ ធី មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ ADHOC ប្រចាំ​នៅ​ខេត្ត​រតនគីរី ការដាក់​កំលាំង​នៅក្នុង​ភូមិ​ឡុំ​នេះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា មាន​ជនជាតិភាគតិច​ភ្នំ​ម៉​ង់​តា​ញ៉ា៥នាក់​ថ្មី​ទៀត កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ក្បែ​ភូមិ ដើម្បី​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​មន្ត្រី​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បាន​កត់សំគាល់ថា នេះ​គឺជា​លើក​ទី២ហើយ ដែល​ប៉ូលីស​ខេត្ត​ភាគ​ឥសាន​មួយ​នេះ បាន​បញ្ជូន​កំលាំង​របស់ខ្លួន ចុះ​ស្វែងរក​ទី​លាក់ខ្លួន​របស់​ជនជាតិ​ម៉​ង់​តា​ញ៉ា​ទាំងនេះ។ ប៉ុន្តែ​ស្នងការ​ប៉ូលីស​ខេត្ត​រតនគីរី លោក ង​ន គឿន បាន​បដិសេធ​។

បើតាម​រូបថត​ដែល​បង្ហាញ​ដោយ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​អាក​ហុក ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា៥នាក់ ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​នេះ គឺជា​បុរស​ទាំងអស់។ ពួកគេ​មកពី​ភូមិ​ចំនួន​បី គឺ​ភូមិ​សូល ភូមិ​ម៉ក់​ដែង និង​ភូមិ​ប៉​ល ក្នុងស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម។ ពួកគេ​បាន​ភៀសខ្លួន​ចូលមក​ក្នុងព្រៃ ខេត្តរតនគិរី តាំងពី​ថ្ងៃទី៣ ខែមករា ក្រោម​ហេតុផល​រង​ការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ​ផ្នែក​ជំនឿ​សាសនា និង​បញ្ហានយោបាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងប្រទេស​វៀតណាម។

កាលពី​ថ្ងៃទី២០ខែធ្នូ​ឆ្នាំ២០១៤កន្លងទៅ ជនភៀសខ្លួន​ម៉​ង់​តា​ញ៉ា១៣នាក់ ក៍​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​មន្ត្រី​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួច​បាន​បញ្ជូន​ខ្លួន​ពួកគេ​មកកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ទទួល​សិទ្ធិ​ជ្រកកោណ​ជា​ជនភៀសខ្លួន។ ដោយឡែក សំរាប់​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា៥នាក់​ថ្មី​នេះ ក៍​កំពុង​ត្រូវបាន​មន្ត្រី​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុងតែ​ស្វះ​ស្វែងរក​អន្តរាគមន៍​ជួយ​ដល់​ពួកគេ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ