អានតួអត្ថបទ
កម្ពុជា

លោកកឹម សុខា​ នៅ​តែ​មិន​ខ្វល់​នឹង​ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​លោក​បកស្រាយ​រឿង​ស្នេហា​

ក៏​​មិន​​ខុស​​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែរ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ក្រុម​យុវជន​ដែល​អះអាង​ខ្លួន​ឯង​ថា ​ជា​និស្សិត​នោះ ​បាន​បន្ត​ទៅ​អុកឡុក​វេទិកា​គណបក្ស​សង្រ្គោះជាតិ​ដែល​ធ្វើ​ឡើង​នៅទី​ក្រុង​ភ្នំពេញ ​ដើម្បី​ទាមទារ​ឲ្យ​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​បកស្រាយ​អំពី​រឿង​អាស្រូវ​សេ្នហា​តាម​ខ្សែ​ទូរស័ព្ទ​។ ​ប៉ុន្តែ​ក្រុម​នេះ ​ត្រូវ​បាន​ក្រុម​យុវ​គណបក្ស​ប្រឆាំង ​និង​ កងសន្តិសុខ​ បាន​រារាំង​មិន​ចូល​ទៅ​វេទិកា។ ​ចំណែក​លោក​កឹម សុខា​វិញ​ មិន​បាន​ខ្វាយ​ខ្វល់​នឹង​ក្រុម​និស្សិត​នេះ​ឡើយ ​គឺ​លោក​ផ្តោត​សំខាន់​តែ​លើ​រឿង​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​ RFI/ kem sokha
ផ្សាយពាណិជ្ជកម្ម

ការ​ប្រទាញប្រទង់ ​និង ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​រវាង​ក្រុម​យុវជន​ដែល​ទាមទារ​លោក​កឹម សុខា​ឲ្យ​បក​ស្រាយ​ការ​ពិត​ និង ​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​កើត​ឡើង​នៅ​ក្បែរ​វេទិកា​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី ​០៦​ មីនា។​ ការ​ប្រទាញ​ប្រទង់​បន្តិចបន្តួច​នេះ​បាន​កើត​ឡើង ​នៅ​ពេល​ដែល​ក្រុម​យុវជន​ជា​និស្សិត​ បាន​ទទូច​ចូល​ទៅ​ក្នុង​វេទិកា ​និង​ ព្យាយាម​ស្រែក​តាម​ឧឃ្ឃោសនស័ព្ទ ​ទាមទារ​​ឲ្យ​លោក​កឹម សុខា ​បក​ស្រាយ​ការ​ពិត​ពាក់​ព័ន្ធ​រឿង​ខ្សែ​សំឡេង​សារសង​ស្នេហា ​ដែល​គេ​សង្ស័យ​ថា ​រវាង​រូប​លោក​ និង​​នារី​វ័យ​ក្មេង​ម្នាក់។ ​យ៉ាង​ណា​ក៏​ដោយ ​បាតុភាព​នេះ ​មិន​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះទេ​។​

 
លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​តែ​មិន​ចាប់​អារម្មណ៍ ​និង​មិន​អើ​ពើ​នឹង​ក្រុម​យុវជន​ទាំង​នោះ​ឡើយ​ ដោយ​លោក​បាន​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ធម្មតា។​ ចំណែក​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​ តាម​រយៈ​វីឌីអូ​ស្កេប​ (Skype) ពី​ក្រៅ​ប្រទេស ​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ថា​កុំ​ទៅ​ខ្វាយ​ខ្វល់​​នឹង​រឿង​អត់​ប្រយោជន៍។ ​រឿង​អត់​ប្រយោជន៍​នេះ ​ទំនង​លោក​សម រង្ស៊ី ​ចង់​សំដៅ​ទៅ​លើ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​កឹម សុខា ​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ជា​បន្ត​បន្ទាប់​តាម​ភាគ​នីមួយៗ ​ប្រៀប​បី​ដូច​ជា​ខ្សែ​​ភាព​យន្ត​ភាគ​ដែល​គេ​ចាក់​បញ្ចាំង​តាម​ទូរទ​ស្សន៍។​  ទាំង​លោក​សម រង្ស៊ី ​និង ​លោក​កឹម សុខា ​សុទ្ធ​តែ​បាន​ណែនាំ ​និង​ ជំរុញ​ឲ្យ​សកម្ម​ជន​ និង ​អ្នក​គាំទ្រ​របស់ខ្លួន​ កុំ​គិត​រឿង​អី​ផ្សេង​ ក្រៅ​តែ​រឿង​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ប៉ុណ្ណោះ។​

គួរបញ្ជាក់​ថា ​គិត​ទាំង​ថ្ងៃនេះ​ វា​មាន​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ ​ដែល​ក្រុម​យុវជន​ដែល​អះអាង​ថា ​ខ្លួន​គឺ​ជា​ក្រុម​និស្សិត​នៅ​បណ្តា​សកល​វិទ្យាល័យ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ ​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​លោ​កឹម សុខា ​បក​ស្រាយ​អំពី​ខ្សែអាត់​សំឡេង​ស្នេហា។ ​ប៉ុន្តែ​ការ​តវ៉ា​របស់​ពួកគេ​ទាំង​នេះ ​មិន​មាន​លទ្ធផល​អ្វីនោះ​ឡើយ។​ ទោះ​ជា​យ៉ាង​ណា ​ក្រុម​និស្សិត​ បាន​គូស​បញ្ជាក់​ថា ​ពួកគេ​នឹង​នៅ​ធ្វើការ​តវ៉ា​បន្ត​ទៀត ​រហូត​ទាល់​តែ​លោក​កឹម សុខា ​ចេញ​មុខ​បក​ស្រាយ​ការ​ពិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ