អានតួអត្ថបទ
កម្ពុជា

មេ​បក្ស​ធំៗ​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

នៅ​សល់​តែ​១៥​​ថ្ងៃទៀ​ត​ប៉ុណ្ណោះ ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​នឹង​ត្រូវ​បិទ​បញ្ចប់ ​ទាំង​ស្រុង ហើយ​ពេល​នេះ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា​កំពុង​តែ​អំពាវ​នាវ​ ជា​បន្ត​បន្ទាប់​ឲ្យ​ពល​រដ្ឋ​ដែលគ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ គ.ជ.ប ​បញ្ជាក់​ហើយ​ថា​នឹង​មិន​មាន​ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោតទេ​ ទោះ​ការ​ចុះ​ឈ្មោះ​មិន​គ្រប់​តាម​ការ​កំណត់​។ 

ផ្សាយពាណិជ្ជកម្ម

ទាំង​លោក​ហ៊ុន សែន លោក​សម រង្ស៊ី និង​លោក​កឹម សុខា ពេល​នេះ​បាន​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ដល់​ពល​រដ្ឋដែល​គ្រប់​អាយុ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ខណៈ​ចំនួន​ពល​រដ្ឋ​ ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោតមាន​ចំនួន​ថយ​ចុះ​ ប្រកៀកប្រកើយ​នឹង​ពេល​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆកា​ខាង​មុខ។ 

 
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ លោក​ក៏​បាន​សុំ​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួចហើយ​ ជួយ​ក្រើន​រំលឹក និង​ជួយ​ណែនាំ​អ្នក​នៅ​ជុំវិញ​ខ្លួន ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ ឲ្យ​ទៅ​ចុះឈ្មោះ​ជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​ជាតិ​ខ្មែរ​។

លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​ផ្សាយ​សារ​ជា​វីដេអូ​ក្នុង​ហ្វេស​ប៊ុក​លោក​អំពាវ​នាវដល់​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​ ដែល​មាន​អាយុ​គ្រប់​១៨​ឆ្នាំ ​គិត​ដល់​ថ្ងៃ​ទី​៤ ខែ​មថុនា ឆ្នាំ​២០១៧ ត្រូវ​ទៅ​ចុះ​ឈ្មោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​។ លោក​ថា​ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​នាម​ជា​ពល​រដ្ឋ​គួរ​តែ​ព្យាយាមឲ្យ​អស់​លទ្ធភាព ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រេច​អនាគត​ប្រទេស​ជាតិ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​វិញ​ក៏​ធ្លាប់​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ ជា​ពិសេស​យុវជន យុវនារី ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​គ្នា ព្រោះ​នេះ​គឺ​ជា​កាតព្វ​កិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជា​ពលរដ្ឋ​គ្រប់ៗ​រូប​ក្នុងការ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ដឹក​នាំ​ប្រទេស​ដែល​ខ្លួន​ពេញ​ចិត្ត​តាម​លក្ខណៈ​ប្រជា​ធិប​តេយ្យ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆកា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត លោក​ស៊ិក ប៊ុនហុក បាន​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា មុន​នឹង​ការចុះ​ឈ្មោះ​ត្រូវ​បិទ​។ លោក​ប្រធាន​ គ.ជ.ប បន្ថែម​ថា​ការ​ចុះ​បោះ​ឆ្នោត​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦នេះ គឺ​ជា​លក្ខ​ខណ្ឌ​ចំាំ​បាច់ ដើម្បី​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ​២០១៧ ហើយ​បើ​គ្មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទេ ពុំ​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ​។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ គ.ជ.ប ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​ថា នឹង​មិន​មាន​ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តទៅ​ទៀត​នោះ​ទេ បើ​ទោះ​បី​ជា​ អ្នក​ដែល​មាន​សិទ្ធិចុះ​ឈ្មោះ​បោះ​ឆ្នោត​ មិន​បាន​មក​ចុះ​ឈ្មោះ​គ្រប់​ចំនួន​ក៏​ដោយ។ សូម​បញ្ជាក់​ថា​គ.ជ.ប ក៏​បាន​បន្ថែម​យន្តការពិសេស​មួយ​ចំនួន​ទៀត​ដូច​ជា​ការ​ជួល​វិទ្យុ​នៅ​តាម​ខេត្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ​និង​ឆ្លៀត​ឱកាស​ឲ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​អំពាវ​នាវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ សម្រាប់​អ្នក​អត្ថាធិប្បាយ​នៅ​ក្នុង​ឱកាសនៃ​ព្រះ​រាជ​ពិធី​បុណ្យ​អំទុក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក​រយៈ​ពេល​៣ថ្ងៃ​ខាង​មុខ​នេះ​។

យោង​តាម​លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ពី​ថ្ងៃទី០១ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆកា គឺ​មាន​ពល​រដ្ឋ​ប្រមាណ​៧​លាន​នាក់​ ឬ​ត្រូវ​នឹង​៧៣​ភាគ​រយ​នៃ​ពល​រដ្ឋដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ​៩លាន ៦សែន​នាក់។ តាម​ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ខេត្ត​ខ្លះ​មានពល​រដ្ឋ​ចុះ​ឈ្មោះ​តែ​២៣​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃទី​១៣ ខែ​វិច្ឆកា​ម្សិល​មិញ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ