អានតួអត្ថបទ
កម្ពុជា

អ្នកនាំពាក្យ​មហាផ្ទៃៈ ក្រៅ​ពី​ច្បាប់​បោះឆ្នោត​ មិន​ឃើញ​មាន​ច្បាប់​ណា​ផ្សេង​ដាក់​ទោស​អ្នក​អំពាវ​នាវ​ពហិការ​ការ​បោះឆ្នោត​​

បន្ទាប់​ពី​​បណ្តឹង​​របស់​​​គណៈកម្មាធិកា​រ​​ជាតិ​​រៀបចំ​​ការ​​បោះឆ្នោត​​(​​គ​​.ជ​​.ប​​) ​​ប្រឆាំង​​អ្នក​ឃោសនា​​មិន​​ឲ្យ​​ប្រជាពលរដ្ឋ​​ខ្មែរ​​ទៅ​​បោះឆ្នោត​​ ទៅ​កាន់​​ក្រសួង​​មហា​​ផ្ទៃ ​​កាល​​ពី​​សប្តាហ៍​​កន្លង​​ទៅ ​​មក​ដល់​​ថ្ងៃ​​នេះ ​​ក្រសួង​​មហា​​ផ្ទៃ​​នៅ​​មិនទាន់​​សម្រេច​យ៉ាងណា​​នៅ​ឡើយ​​។ ​ក្រសួង​​មាន​​សមត្ថកិច្ច​​មួយ​នេះ ​​អះអាង​​ថា ​កំពុង​​ស្ថិត​​នៅ​​ក្នុង​​ស្ថានភាព​​ពិនិត្យ​មើល​​ផ្លូវ​ច្បាប់​ ​ខណៈ​​ដែល​​ច្បាប់​បោះឆ្នោត ​​បាន​​ត្រឹម​​ដាក់​​ពិន័យ​​ជន​​បង្ក​​ពី​​៥​​លាន​​ដល់​​២០​​លាន​រៀល ​​ប៉ុណ្ណោះ​។

ព្រឹត្តិការណ៍បោះឆ្នោតសកលកន្លងទៅ
ព្រឹត្តិការណ៍បោះឆ្នោតសកលកន្លងទៅ rfi
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​លោក ​ខៀវ សុភ័គ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង ​RFI ​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​មើល​បញ្ហា​បណ្តឹង​របស់ ​គ.ជ.ប ​នៅ​ឡើយ ​ថា​តើ​គួរ​ចាត់​វិធានការ​​ ដោយ​របៀប​ណា ​ខណៈ​ច្បាប់​បោះឆ្នោត​បានចែង​លើ​បញ្ហា​នេះ​រួច​ហើយ​។

ការ​បញ្ជាក់​របស់​លោក​ខៀវ សុភ័គ ​ដូច្នេះ ​គឺជា​ការ​បន្ថែម​នូវ​អ្វី​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង ​ថ្លែង​ប្រាប់​សារព័ត៌មាន ​កាល​ពី​ម្សិលមិញ​ថា ​ក្រសួង​មហាផ្ទៃ​កំពុង​តែ​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ ​ចំពោះ​អ្នក ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ខាងមុខ​។

បើតាម​លោក​ ខៀវ សុភ័គ ​វា​ជាការ​ពិបាក​មួយ ​ដោយសារ​ថា ​អ្នក​ដែល​ធ្វើ​សកម្មភាព​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ សុទ្ធសឹង​ជា​ម​នុស្ស​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ​ខុសពី​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​មក​ទល់​ពេលនេះ ​លោក​សង្កេត​ឃើញ​ថា ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ​ហ៊ាន​អំពាវនាវ ​ឬ​ក៏​ធ្វើតាម​ការ​អំពាវនាវ​បែប​នេះ​ទេ ​ដោយសារ​ពួគគេ​ខ្លាច​ច្បាប់​។

យោងតាម​មាត្រា​១៤២ ​នៃ​ច្បាប់​បោះឆ្នោត ​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់ ​ពី​៥​លាន​រៀល ​ទៅ​២០​លាន​រៀល ​ដោយ​ពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ​តាម​​​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ដដែល ​ច្បាប់​បោះឆ្នោត​ទំនង​ជា​នឹង​យក​ទៅ​អនុវត្ត​ប្រឆាំង​ជន​ណា​​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​នៃ​​ការ​បោះឆ្នោត ​ប្រសិន​បើ​មិន​មាន​ច្បាប់​ផ្សេងទៀត​។

សូម​បញ្ជាក់​ថា​ ​លោក ​សម រង្សី ​​អតីត​ប្រធាន​​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ ​​ពី​ក្រៅ​ប្រទេស ​បានធ្វើការ​អំពាវនាវ​​ម្តង​ហើយ​​ម្តង​ទៀត ​ដល់​​ពលរដ្ឋ​​ខ្មែរ ​កុំ​​ឲ្យ​ទៅ​បោះឆ្នោត​ជាតិ ​នា​ខែ​កក្កដា​ខាងមុខ ​ដោយ​លើក​ឡើង​ថា ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​។ ​ចំណុច​នេះ ​ធ្វើ​ឲ្យ​គ.ជ.ប ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​ឧសភា ​កន្លងទៅ ​បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​អំពាវនាវ​របស់​លោក​សម រង្សី ​ខាងលើ ​និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​។

ផ្ទុយ​ពី​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ការ​បោះឆ្នោត ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច ​ក៏​បង្កើន​ការ​អំពាវនាវ​ដំណាល​គ្នា​ដែរ ​ឲ្យ​ប្រជាពល​រដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត ​ដែល​នេះ គឺ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ ​របស់​ពលរដ្ឋ​ខ្មែរ ​ដែល​​មាន​ចែង​នៅ​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ