អានតួអត្ថបទ
កម្ពុជា

មណ្ឌលព្រៃស្ពឺ៖សាងសង់អគារបន្ថែមដើម្បីដាក់មនុស្សវិកលចរិកនិងជនអនាថា

ក្រោយ​ទទួល​រង​ការ​រិះ​គន់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមក មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ​បាន​សាង​សង​អគារ​ស្នាក់​នៅ​មួយ​ខ្នង​បន្ថែម​ទៀត​ដើម្បី​ដាក់​មនុស្ស​វិកលចរិក​និង​ជន​អនាថា​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា។ បន្ថែម​ពី​ការ​សាង​សង់​អគារ​ថ្មី​នេះ​មជ្ឈមណ្ឌល​ព្រៃស្ពឺ​ក៏​បាន​ផ្លាស់​ប្ដូរ​របៀប​ធ្វើការ​មួយ​ចំនួន​ទៀត​។

ផ្សាយពាណិជ្ជកម្ម

អគារ​ថ្មី​ដែល​កំពុង​តែ​សាង​សង់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ព្រៃ​ស្ពឺ​នេះ​មាន​កំពស់​ពីរ​ជាន់​និង​១០​បន្ទប់ ដើម្បី​ដាក់​ជន​វិកលចរិក​និង​ជនអនាថា ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា ដែល​ពី​មុន​មក​ពី​ពួក​គេ​ទាំង​អស់​នេះ​រស់​នៅ​លាយ​ឡំ​ជា​មួយ​គ្នា។

លោក មាន ចាន់យ៉ាដា អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការសាង​សង់​អគារ​ថ្មី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ឯកភាព​រួម​គ្នា​រវាង​លោក វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុវជន​និង​យុវនីតិសម្បទា និង លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ។

បន្ថែម​ពី​លើ​ការ​សាង​សង់​អគារ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បញ្ជូន​ជន​អនាថា​ដែល​មានបង​ប្អូន​ឬ​អាណាព្យាបាល​ ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ជួប​ជុំ​គ្នា​វិញ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់មន្ទីរ​សង្គម​កិច្ច​ទាំង​២៤​រាជ​ធានី-ខេត្ត។ ចំពោះ​ជន​អនាថា​ដែល​គ្មាន​បង​ប្អូន​ពួក​គេ​នឹងទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខ្នាត​តូច​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ផ្ទាល់​តែ​ម្ដង ដើម្បី​ឲ្យពួក​គេ​ទាំង​នោះ​ក្លាយ​ជា​ពលរដ្ឋ​មាន​លទ្ធភាព​និង​សមត្ថភាព​ឈាន​ទៅ​ប្រកប​របរដោយ​ខ្លួន​ឯង។

ដោយ​ឡែក​ទាក់​ទង​ការ​ថែ​ទាំ​សុខ​ភាព​វិញ​នឹង​មាន​ការ​ពង្រឹង​សេវា​ពិនិត្យ​សុខភាពពោល​គឺ​នឹង​មាន​គ្រូពេទ្យ​នៅ​ប្រចាំ​ការ​ជារៀង​រាល់​ថ្ងៃ​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ដែល​ពី​មុនការ​ពិនិត្យ​សុខភាព​ធ្វើ​ឡើង​មួយ​សប្ដាហ៍​ម្ដង។

លោក មាន ចាន់យ៉ាដា បាន​ថ្លែង​ការ​ពារ​ថា ការ​ងារ​នេះ​ក្រសួង​និង​សាលា​រាជ​ធានីភ្នំពេញ បាន​ធ្វើ​ជា​បណ្ដើៗ​ហើយ​មិន​មែន​ទើប​តែ​ធ្វើ​ក្រោយ​ការ​រិះ​គន់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ។ លោក​បាន​គូស​បញ្ជាក់​ថា មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ព្រៃ​ស្ពឺនេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ប្រមូល​ជន​អនាថា​ក្នុង​រាជធានី​ភ្នំពេញ​យក​មក​អប់រំ។ ដូច្នេះ​មណ្ឌល​ព្រៃស្ពឺ​មិន​អាច​បិទ​ទ្វារ​បាន​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​មិថុនា នា​ឱកាស​ទិវា​កុមារ​អន្តរជាតិ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រិះ​គន់​ខ្លាំងៗ​ចំពោះ​ការ​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​មុខ​មាត់​រដ្ឋាភិបាល។ លោក​បាន​ព្រមាន​ពី​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​បិទមណ្ឌល​ព្រៃ​ស្ពឺ​នេះ​ទាំង​ស្រុង​ផង។
​​​​​
អង្គ​ការ​លីកាដូ​កាល​ពី​ចុង​ឆ្នាំ២០១៥ បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​បន្ទាប់ រក​ឃើញ​ថា​មាន​បុរស​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ម្នាក់​ស្លាប់​ដោយ​សារ​លង់​ទឹក​និង​ស្រី​ម្នាក់​ទៀតស្លាប់​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​រក​មូល​ហេតុ។លីកាដូ​ចាត់​ទុក​មណ្ឌល​មួយ​នេះ​ថា​ជាកន្លែង​ឃុំ​ឃាំង​មនុស្ស​ដោយ​មិន​ចាំ​បាច់​មាន​ដីកា​ពី​តុលា​ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ