ក្រសួងមហាផ្ទៃនឹងដាក់ទោសអ្នកពាក់ព័ន្ធជាមួយទណ្ឌិត ប្រព្រឹត្តិល្មើសនៅពន្ធនាគារព្រៃវែង
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃអង្គារនេះថា អ្នកពាក់ព័ន្ធនៅក្នុងពន្ធនាគារខេត្តព្រៃវែងនឹងមិនត្រូវលើកលែងទេ។ អង្គភាពនឹងអនុវត្តតាមច្បាប់។ ការលើកឡើងដូច្នេះបន្ទាប់ពីទណ្ឌិតមួយរូបនៅពន្ធនាគារខេត្តព្រៃវែង ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កុំព្យូទ័រនិងទូរស័ព្ទដៃធ្វើសកម្មភាពចេញមកក្រៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបន្ថែមខណៈខ្លួនកំពុងជាប់ទោសរយៈពេល១០ឆ្នាំរួចទៅហើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
ការបញ្ជាក់ដូច្នេះបានធ្វើឡើង បន្ទាប់ពីស្នងការប៉ូលីសខេត្តកណា្តល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបង្ហោះតាមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ ទាក់ទងទៅនឹង អ្នកទោសមួយរូបឈ្មោះ យ៉ែម ប្រុស នៅក្នុងពន្ធនាគារខេត្តព្រៃវែង ដែលបានប្រើប្រាស់កុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃ ទាក់ទងស្នេហាជាមួយស្ត្រី តាមរយៈគណនីហ្វេសប៊ុកចំនួន៥។ លោក អ៊ាវ ចំរើន បន្តសំណេរថា ទណ្ឌិត យ៉ែម ប្រុស ប្រើរូបភាពជាព្រាននារី ទាក់ទង friend ជាស្ត្រី អនឡាញ តាមហ្វេសប៊ុក រហូតបង្ហាញរូបភាពអាក្រាតទៅវិញទៅមក ជាមួយនឹងរូបភាពបែបនេះ ជនល្មើសបានថតទុកនិងគំរាមទារប្រាក់ចំនួន៥ពាន់ដុល្លារ ជាថ្នូរមិនបង្ហោះរូបអាក្រាតចេញទៅក្រៅ។
ទោះយ៉ាងណា ជនល្មើសដែលជាអ្នកទោសនៅក្នុងពន្ធនាគារទៅហើយនោះមិនបានសម្រេចគោលដៅនេះទេ។ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បន្តថា សមត្ថកិច្ចបានធ្វើការទប់ស្កាត់ទាន់ពេលវេលា បន្ទាប់ពីជនរងគ្រោះជាស្រ្តីមួយរូបលង់ស្នេហ៍អ្នកទោសតាមហ្វេសប៊ុកបានផ្ញើរប្រាក់តិចតួចជាច្រើនដងទៅកាន់ជនល្មើសមុននឹងការគម្រាមទារប្រាក់រាប់ពាន់ដុល្លារជាចុងក្រោយ។
បើតាមសមត្ថកិច្ច អ្នកទោសឈ្មោះ យ៉ែម ប្រុស បានជាប់ពន្ធនាគារកាលពីឆ្នាំ២០១០ នៅខេត្តកំពត បន្ទាប់មកត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង ដោយអ្នកទោសរូបនេះ ជាប់ពន្ធនាគារសរុបចំនួន១០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន០៨ករណី ពោលគឺប្លន់០៧លើកនៅខេត្តកំពត និងប្លន់០១លើកខេត្តតាកែវ។ នៅក្នុងការលើកឡើងរបស់ស្នងការប៉ូលីសខេត្តកណ្តាល ទណ្ឌិត យ៉ែម ប្រុស សារភាពថារូបគេអាចលេងកុំព្យូទ័រ និងទូរស័ព្ទដៃបាននៅក្រៅបន្ទប់ឃុំឃាំង ដោយទទួលបានការអនុញ្ញាតិពីលោក អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង ដែលកន្លងមកអ្នកទោសរូបនេះធ្លាប់ទិញសម្ភារៈប្រើប្រាស់មួយចំនួនឲ្យគាត់។ សូមបញ្ជាក់ដែរថាទណ្ឌិត យ៉ែម ប្រុស អាចប្រើប្រាស់ទូរស័ព្ទចំនួន៣គ្រឿងនិងកុំព្យូទ័រយូរដៃមួយគ្រឿង ដែលជាអ្នកទោសលំដាប់ VIP មួយរូបគួរឲ្យភ្ញាក់ផ្អើល។ ករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោកនុត សាវនា បញ្ជាក់ថា សម្ភារៈទាំងអស់នេះគឺជាសម្ភារៈហាមឃាត់មិនឲ្យអ្នកទោសប្រើ សូម្បីតែអ្នកចូលសួរសុខទុក្ខអ្នកទោសក៏មិនអនុញ្ញាតដែរ។ ដោយឡែកទណ្ឌិត យ៉ែម ប្រុស នឹងរងការចោទពីបទព្រហ្មទណ្ឌបន្ថែមទៀត ព្រមទាំងទទួលពិន័យល្មើសបទបញ្ជាផ្ទៃក្នុងពន្ធនាគារផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ