អានតួអត្ថបទ
កម្ពុជា

ពន្ធនាគារ​ពោធិ៍សាត់​ពន្លឿន​ការ​សាង​សង់ ខណៈ​ចំនួន​អ្នក​ទោស​កើន​ឡើង

អគារ​ថ្មីនៅ​មណ្ឌល​កែ​ប្រែ ៤ ​ក្នុង​ខេត្ត​ពោធិ៍សាត់​សម្រេច​ការ​សាង​សង់​បាន ៥០%​ហើយ។ ពន្ធនាគារ​ដែល​នឹង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​មេសា​ខាង​មុខ​នេះ អាច​មាន​លទ្ធភាព​ផ្ទុក​អ្នក​ទោស​ចំនួន ៨០០០​នាក់។ ដំណើរ​ការ​សាង​សង់​នេះ​គឺ​នៅ​ស្រប​ពេល​ដែល មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ចំនួន​អ្នក​ទោស​ក្នុង​ឆ្នាំ ២០១៦ ជា​ហេតុ​បណ្តាល​ឲ្យ​ពន្ធនាគារ​ប្រឈម​មុខ​នឹង​បញ្ហា​បន្ទប់​ដាក់​អ្នក​ទោស ។ តែ​យ៉ាង​ណា​មន្ត្រី​ពន្ធនាគារ ឱ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​បង្កើន​ល្បឿន ដើម្បី​បញ្ចប់​ការ​សាង​សង់​ក្នុង​ពេល​ឆាប់ៗ​នេះ។

អគារមណ្ឌលកែប្រែ ៤ ខេត្តពោធិ៍សាត់
អគារមណ្ឌលកែប្រែ ៤ ខេត្តពោធិ៍សាត់ @ google
ផ្សាយពាណិជ្ជកម្ម

មក​ទល់​នឹង​ពេល​នេះ អគារ​ថ្មី​នៅ​មណ្ឌល​កែ​ប្រែ ៤ ​ក្នុង​ខេត្ត​ពោធិ៍សាត់ សាង​សង់​បាន​សម្រេច​ចំនួន ៤ អាគារ​ហើយ​ក្នុង​គម្រោង ៨​អាគារ ។ ពន្ធនាគារ​នេះ ជា​ទី​តាំង​មួយ​ដែល​អាច​ផ្តល់​លទ្ធភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​អប់រំ​កែ​ប្រែ ស្តារ​និតិសប្បទា និង អំណោយ​ផល​ដល់​សុខភាព របស់​ជន​ដែល​ជាប់​ឃុំ ។ ពី​ព្រោះ​ភាព​ចង្អៀត​ណែន ជា​ដើម​ចម​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ល្មើស​ផ្សេងៗ​នៅ​ក្នុង​ពន្ធនាគារ។ ​នេះ​បើ​តាម​លោក សន កែវ អនុ​ប្រធាន​អប់រំ​កែប្រែ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។ 

ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​ជាង​ ២០% នៅ​ឆ្នាំ ២០១៦ ​។ ក្នុង​នោះ​មាន​ការ​កើន​ឡើង​ចំនួន​ ៣% ​នៃ​បទ​ល្មើស​ទាំង​មូល ​រួម​ជាមួយ​នឹង​ការ​កើន​ឡើង ២២,៨% ​នៃ​ចំនួន​អ្នក​ទោស​ដែល​មាន​ចំនួន​ ១​ម៉ឺន ៣​ពាន់ ៦៣៥​ នាក់​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន​, ចំណែក​អ្នក​ទោស​ ៩ ៤០៨ នាក់ ត្រូវ​បាន​ដោះ​លែង​, ៧៦ ​នាក់​បាន​ស្លាប់​ និង​ ៣​នាក់​រត់​គេច​ខ្លួន។

ការ​កើន​ឡើង​នេះ​គឺ​បណ្តាល​មក​ពី​អ្នក​តវ៉ា​ជម្លោះ​ដី​ធ្លី កម្មករ​និយោជិត ​មិន​ពេញ​ចិត្ត​លក្ខខណ្ឌ​ការងារ​ និង​ក្រុម​​ «ដែល​ត្រូវ​បាន​ញុះញង់​ដោយ​គណបក្ស​នយោបាយ​ និង​សង្គម​ស៊ីវិល​មួយ​ចំនួន» ដែល​របាយការណ៍​នេះ​ហៅ​ថា​ «​ពួក​ជ្រុល​និយម​» ​​ដែល​លើក​អំពី​បញ្ហា​ «​ព្រំដែន ពូជសាសន៍ និង​សិទ្ធិ​មនុស្ស​» ​ដើម្បី​ «​បំពុល​សង្គម​» ។ បន្ថែម​ពី​លើ​នេះ​របាយការណ៍​ក៏បាន​បង្ហាញ​ថា ៤០ % ​នៃ​អ្នក​ដែល​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​ ២០១៦ ​គឺ​បណ្តាល​មក​ពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ១០% ​ឃាតកម្ម និង ករណី​ប្លន់​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា អ្នក​ទោស​ចំនួន​ ៧ ៩៤៥ នាក់​ជាប់​ឃុំ​មុន​ការ​កាត់​ទោស​ក្នុង​នោះ​ ៥ ០១៤​ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះរាជអាជ្ញា​ នៅក្នុង​សំណុំ​រឿង​ដែល​ចៅក្រម​ស៊ើបសួរ​មិន​ទាន់​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត និង​ ២ ៤៨១ ​កំពុង​រង់​ចាំ​សវនាការ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ