អានតួអត្ថបទ
កម្ពុជា

លោក រៀល ខេមរិន្ទ្រ បំភ្លឺ​ពី​ប្រាក់​ចំណូល​ចំណាយ​ក្នុង​ការ​រៀបចំ​ដំណើរ​ចុះទៅមើល​ព្រំដែន​កម្ពុជា-វៀតណាម

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ដើម្បី​បំភ្លឺ​ពី​ប្រាក់​ចំណូល​និង​ចំណាយ នៅ​ក្នុង​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​។ សូម​រំលឹក​ថា លោក រៀល ខេមរិន្ទ្រ បាន​ទទួល​រង​ការ​​ចោទ​ប្រកាន់​​​​ថា​​បាន​កេង​ប្រវញ្ច​ប្រាក់ ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ការ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​កន្លង​ទៅ​។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក រៀល ខេមរិន្ទ្រ បដិសេធ ដោយ​​ចាត់​ទុក​ថា ជា​អំពើ​អយុត្តិធម៌​។

លោក​រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ
លោក​រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លិខិត​បំភ្លឺ​របស់​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២០​មករា ឲ្យ​ដឹង​ថា លោក​បានចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន និង​​ទទួល​ថវិកា​ឧបត្ថម្ភពី​សំណាក់​អ្នក​ឧបត្ថម្ភ​នៅ​ប្រទេស​អាមេរិក បារាំង និង​ក្រុម​អ្នក​រត់តាក់ស៊ី សរុប​ទាំង​អស់​​ចំនួន​២ម៉ឺន​៧៥០ដុល្លារ។ ក្នុង​ចំណោម​ប្រាក់​សរុប​២​ម៉ឺន​៧៥០​ដុល្លារ​នេះ លោក​បាន​ចំណាយ​អស់​២​ម៉ឺន​៧៤០​ដុល្លារ សម្រាប់​ដំណើរ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​។ ផ្អែក​តាម​បញ្ជី​ចំណូល​ចំណាយ​នេះ មាន​ប្រាក់​នៅ​​សល់​តែ​១០​ដុល្លារ​ប៉ុណ្ណោះ។

 

សូម​រំលឹក​ជូន​ថា កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ស្វែង​រក​ការ​បំភ្លឺ​ពី​លោក រៀល ខេមរិន្ទ្រ ចំពោះ​ពាក្យ​បណ្ដឹង​​​ដែល​​ចោទ​ប្រកាន់​ថា លោក រៀល ខេមរិន្ទ្រ បាន​កេង​ប្រវ័ញ្ច​ប្រាក់​យ៉ាង​ហោច​ណាស់​៥​ម៉ឺន​៥​ពាន់​ដុល្លារ នៅ​ក្នុង​ការ​រៀបចំ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​ខេត្ត​ស្វាយរៀង នៅ​​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ​។

បន្ទាប់​ពី​បាន​ទទួល​លិខិត​របស់ ACU តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ បាន​ផ្ញើ​លិខិត​ទៅ ACU វិញ​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៥​។ លោក រៀល ខេមរិន្ទ្រ ​គូស​បញ្ជាក់នៅ​ក្នុងលិខិត​នោះ​​​​​ថា លោក​មិន​បាន​ទទួល​ប្រាក់ ឬ​កេង​ប្រវ័ញ្ច​ប្រាក់​ក្នុង​ចំនួន​រាប់​ម៉ឺន​ដុល្លារ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ បើ​តាម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ​ការ​ចោទ​ប្រកាន់ដូច្នេះ គឺ​ជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់​លោក​។
ក្រៅ​ពី​បដិសេធ​ការ​ចោទ​ប្រកាន់​និង​បំភ្លឺដោយ​សង្ខេប​​ពី​ការ​ប្រើ​ប្រាស់​ប្រាក់ លោក រៀល ខេមរិន្ទ្រ ​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្វែង​រក​អ្នក​ប្ដឹង ដែល​មាន​ចេតនា​មួល​បង្កាច់​បង្ខូច​កិត្តិយស​របស់​លោក ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធីច្បាប់​ផង​ដែរ​​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​លិខិត​បំភ្លឺ​នៅ​ថ្ងៃ​១៣​ខែ​សីហាឆ្នាំ​២០១៥​​របស់​លោក រៀល ខេមរិន្ទ្រ នោះ មិន​បាន​ភ្ជាប់​បញ្ជី​ចំណូល​ចំណាយលម្អិត​ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សរសេរ​លិខិត​មួយ​ទៀត​ទៅ​លោក​រៀល ខេមរិន្ទ្រ ចុះ​ថ្ងៃ​ទី​០៨​កញ្ញា​ឆ្នាំ​២០១៥ សុំ​មើល​បញ្ជី​ចំណូល​ចំណាយ​ទាំង​អស់ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ