រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាមិនមានការរិតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញទេ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃអង្គារទី៦វិច្ឆិកានេះ បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោកស្រី រ៉ូណា ស្មីត ថា កម្ពុជាមិនមានការរឹតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញនោះទេ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី គឺជាការឆ្លើយតបទៅនឹងសំណួរបស់លោកស្រី រ៉ូណា ស្មីត ទាក់ទងនឹងប្រកាសអន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៦
«ប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៨ ឧសភា គឺគ្រាន់តែចង់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រសួងពាក់ព័ន្ធ នៅក្នុងការទទួលខុសត្រូវនៅពេលដែលមានករណីផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិប៉ុណ្ណោះ។ ហើយក្រសួងនីមួយៗ គឺជាអ្នកទទួលខុសត្រូវ ទៅតាមតួនាទីនិងភារកិច្ចដែលមានចែងនៅក្នុងប្រកាសនោះ»។ នេះគឺជាការឆ្លើយតបរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅនឹងសំណួររបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទាក់ ទង នឹងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ២០១៨ ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
លោកស្រី រ៉ូណា ស្មីត នៅរសៀលថ្ងៃទី ០៦ វិច្ឆិកានេះ បានបន្តជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងដំណើរស្វែងរកការពិត ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងជំនួបនេះ លោកស្រី រ៉ូណា ស្មីត បានចោទសួរលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាច្រើន ពិសេស ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ការរិតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញ និងការមិនចេញអាជ្ញាប័ណ្ណដល់អ្នកកាសែតនៅកម្ពុជាជាដើម។ ប៉ុន្តែជាការឆ្លើយតប លោក ខៀវ កាញារីទ្ធ បានអះអាងថា កម្ពុជាមិនមានការរិតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញនោះទេ។ ហើយថា ការបង្កើតក្រុមការងារនិងប្រកាសអន្តរក្រសួង ដោយដាក់ចេញនូវវិធានការទប់ស្កាត់ព័ត៌មានប៉ះពាល់សង្គមជាតិនៅតាមអនឡាញនោះ មិនមែនជាចេតនា ក្នុងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅតាមបណ្តាញសង្គមនោះឡើយ។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការផ្តល់មតិយោបល់កែលំអរទៅលើខ្លឹមសារនៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៨នេះ។
សូមជម្រាបជូនថា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងបំពេញទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជា ដើម្បីស្វែងរកការពិតជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មុនពេលលោកស្រីធ្វើរបាយការណ៍ដាក់ជូនឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាតិនៅខែកញ្ញាឆ្នាំក្រោយ។ មុនជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត ក៏បានជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និយាយពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ តាមគម្រោង លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតមួយនៅរសៀលថ្ងៃព្រហស្បត្តិ៍ទី ០៨ វិច្ឆិកា សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរបកគំហើញបឋម នៃដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃរបស់លោកស្រីនៅប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ