ការចរចាប្រាក់ឈ្នួលថ្មី៖ សហជីពដាក់តួលេខ១៧ដុល្លារ តែភាគីថៅកែហ៊ានតម្លើងត្រឹមតែ២ដុល្លារ
ការចរចាប្រាក់ឈ្នួលអប្បរមាថ្មីសម្រាប់កម្មករនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ដេរស្បែកជើង និងកាបូបនៅឆ្នាំ២០២០ ភាគីសហជីពបានដាក់តួលេខ១៧ដុល្លារ តែភាគីថៅកែរោងចក្រហ៊ានតម្លើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ។ ទោះក្នុងហេតុផលអ្វីក៏ដោយ តំណាងភាគីសហជីពខ្លះបានលើកឡើងថា តួលេខ២ដុល្លារនេះ វាតិចពេក ដែលក្នុងប្រវត្តិសាស្ត្រចរចាប្រាក់ឈ្នួលថ្មីរបស់កម្មករមិនធ្លាប់មានឡើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
ទោះបីជានៅក្នុងហេតុផលអ្វីក៏ដោយ ប៉ុន្តែការដាក់តួលេខត្រឹមតែ២ដុល្លារពីសំណាក់ភាគីថៅកែរោងចក្រ គឺមិនអាចទទួលយកបានឡើយ។ នេះបើតាមការលើកឡើងរបស់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បន្ទាប់កិច្ចប្រជុំស្តីពីការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករវិស័យវាយនភ័ណ្ឌកាត់ដេរ ដេរស្បែកជើង និងកាបូបនៅក្នុងឆ្នាំ២០២០ ជុំទី៣ បានបញ្ចប់ទៅ នៅព្រឹកថ្ងៃទី ០៦ កញ្ញានេះ។
សូមបញ្ជាក់ជូនថា ផ្អែកតាមលទ្ធផលនៃកិច្ចចរចាស្តីពីការតម្លើងប្រាក់ឈ្នួលថ្មីសម្រាប់កម្មករក្នុង វិស័យវាយនភ័ណ្ឌកាត់ដេរ ដេរស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២០ ភាគីសហជីពបានដាក់តួលេខ១៧ដុល្លារ ខណៈដែលភាគីថៅកែរោងចក្រហ៊ានត្រឹមតែ២ដុល្លារប៉ុណ្ណោះ។ មានន័យថា ភាគីសហជីពចង់ឲ្យប្រាក់ខែគោលថ្មីរបស់កម្មករនៅឆ្នាំ២០២០ កើនឡើងពី១៨២ដុល្លារ ដល់១៩៩ដុល្លារ ខណៈភាគីថៅកែរោងចក្រចង់តម្លើងត្រឹមតែ២ដុល្លារ ពីលើ១៨២ដុល្លារនៃប្រាក់ឈ្នួលអប្បរមាឆ្នាំចាស់។ ប៉ុន្តែ លោក គង់ អាទិត្យ បានចាត់ទុកតួលេខនេះថា វាមានកម្រិតទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការចរចាប្រាក់ឈ្នួលថ្មី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមរំឭកថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ និងដេរស្បែកជើងបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០មក ពោល គឺចាប់ពី៣០ដុល្លារ រហូតដល់១៨២ដុល្លារនៅឆ្នាំ២០១៩។ បញ្ហានេះ ត្រូវគេលើកឡើងថា គឺបានមកពីការតស៊ូ និងបាតុកម្មស្វិតស្វាញពីសំណាក់សហជីពជំទាស់ និងអតីតបក្សប្រឆាំង ដែលបានជួយជម្រុញបញ្ហានេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាវិញ បានហៅការឡើងប្រាក់ឈ្នួលដល់កម្មករនេះថា ជាឆន្ទៈនិងជាគោលនយោបាយរបស់ខ្លួន ដើម្បីគាំពារកម្មករ និងសង្គម។
យ៉ាងណាក៏ដោយ អ្វីជាការកត់សំគាល់ ការចរចាប្រាក់ឈ្នួលថ្មីនៅក្នុងវិស័យវាយនភ័ណ្ឌសម្រាប់ឆ្នាំ២០២០នេះ ហាក់ដូចមានភាពតានតឹងជាងឆ្នាំមុន ដោយសារបរិបទខុសគ្នា។ បរិបទឆ្នាំនេះ ត្រូវបានគេមើលឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា កំពុងរងការគំរាមកំហែងដោយការព្យួរ ឬដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់ នឹងធ្វើឡើង នៅថ្ងៃទី ១២ កញ្ញា ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ