អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក ស ខេង បញ្ជា​ឲ្យ​បង្រ្កាប​រាល់​សកម្មភាព​ដែល​រារាំង​ការ​បោះ​ឆ្នោត

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ត្រៀម​បង្ក្រាប​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការ​រារាំង និង​ចង់​បំផ្លិច​បំផ្លាញ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​នេះ។ ការ​ដាក់​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​បែប​នេះ គឺ​ខណៈ​ដែល​មាន​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ របស់​លោក សម រង្ស៊ី កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​សារ​តែ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ។

កិច្ច​ប្រជុំ​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង និង​​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​
កិច្ច​ប្រជុំ​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង និង​​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ @facebook/moi
ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​បទ​បញ្ជា​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ជា​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្នង​ការ​នគរបាល និង​មេ​បញ្ជា​កង​រាជអាវុធ​ហត្ថ មក​ពី​ទូទាំង​ប្រទេស។

បើ​តាម លោក ស ខេង ការ​បង្ការ ទប់​ស្កាត់ និង​បង្រ្កាប​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ ​ក៏​ដូច​ជា​រាល់​ឧបាយកល​ពិស​ពុល ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ គឺ​សំដៅ​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់​ស្ងាត់ ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ប្រកប​ដោយ​សុវត្ថិភាព គ្មាន​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​អំពើ​ហិង្សា។

ទោះ​ជា​យ៉ាង​ណា លោក ស ខេង ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ គ្រប់​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ធានា​ឲ្យ​បាន​នូវ​សមភាព​ចំពោះ​មុខ​ច្បាប់ និង​ការ​ផ្ដល់​នូវ​សេវា​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត រាប់​ទាំង​តំណាង​គណបក្ស​នយោបាយ ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​អ្នក​សង្កេត​ការណ៍​ជាតិ-អន្ដរជាតិ​ផង​ដែរ។

សូម​ជម្រាប​ថា ការ​ដាក់​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​ លោក សម រង្ស៊ីកុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​សារ​តែ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ។

បើ​តាម​អតីត​ប្រមុខ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដោយ​មិន​មាន​ច្បាប់​ណា មក​ចាប់​ដាក់​ទោស​ទណ្ឌ​នោះ​ទេ។

ប៉ុន្តែ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក ស៊ិក ប៊ុនហុក បាន​លើក​ឡើង​ថា ដើម្បី​ធានា​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្មាន​ការ​គំរាម​កំហែង​គឺ​ខ្លួន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ហើយ​ទប់​ស្កាត់​រាល់​សកម្មភាព​ដែល​គ.ជ.ប​ចាត់​ទុក​ថា​«ជា​ល្បិច​កល​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត»។ លើស​ពី​នេះ​ទៀត គ.ជ.ប ​ក៏​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​ប្រព័ន្ធ​ព័ត៌មាន​ណា​ដែល​ផ្សព្វ​ផ្សាយ​ក្នុង​បំណង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ឬ​រំខាន ដល់​ការ​បោះ​ឆ្នោត​ជា​ដើម។

តែ​បើ​តាម​រដ្ឋាភិបាល​កម្ពុជា​វិញ ខ្លួន​បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ សម្រាប់​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ ខណៈ​មាន​គណបក្ស​ចូល​រួម​រហូត​ដល់​២០​គណបក្ស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ