អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ស ខេង ថា ចរាចរណ៍​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​កម្ពុជា កើត​ឡើង​ដោយ​សារ​បច្ចុប្បន្ន​ភាព​ពិភពលោក​

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ថា​ ដោយ​សារ​តែ​ស្ថានភាព​នៃ​សកល​លោក នា​ពេល​បច្ចុប្បន្ន ទើប​ធ្វើឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​ឧក្រិដ្ឋជន ឆ្លង​កាត់ ដើម្បី​ដឹក​ជញ្ជូន និង​ចរាចរ​សត្វ​ព្រៃ​ខុស​ច្បាប់​។ ការ​ថ្លែង​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​លោក​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ ស្តី​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​លើក​ទី ៤ ​នៅ​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​ទី​១១ និង​១២​ខែ​តុលា​នេះ​។ ជា​សន្និសីទ ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជាង ៨០ ក្នុង​ក្រប​ខណ្ឌ​ថ្នាក់​ប្រធានា​ធិបតី នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ប្រមាណ ១,០០០នាក់​។ 

លោក ស ខេង
លោក ស ខេង @FB/ សម្ដេចក្រឡាហោម ស ខេង
ផ្សាយពាណិជ្ជកម្ម

​លោក ស ខេង បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាង ១,០០០​នាក់​នោះ​ថា បទ​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ មិន​ត្រឹម​តែ​នាំ​មក​នូវ​មហន្តរាយ​ ដល់​និរន្តភាព​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៃ​ភព​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រាក់​កាស​ដែល​ទទួល​បាន​ពី​ការ​ប្រព្រឹត្តិ​បទ​ល្មើស​នេះ ក៏​បាន​នាំ​បញ្ហា​ស្មុក​ស្មាញ​ជា​ច្រើន​ដល់​សង្គម និង​សកល​លោក​ផង​ដែរ​។ តាម​លោក ស ខេង បទ​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ នាំ​ឲ្យ​មាន​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា ការ​សម្អាត​ប្រាក់ អំពើ​ភេរវកម្ម ការ​ជួញ​ដូរ​មនុស្ស ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ជា​ដើម​។

ប្រមុខ​ដឹកនាំ​ក្រសួង​មហាផ្ទៃ​កម្ពុជា ទទួល​ស្គាល់​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ចរាចរណ៍​សត្វ​ព្រៃ​នេះ ទោះ​បី​ជា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ជួញ​ដូរ​ផលិតផល​សត្វ​ព្រៃ​ស្រប​ច្បាប់ និង​មិនមែន​ជា​ប្រទេស​ដែល​មាន​តម្រូវ​ការ​ផលិតផល​សត្វ​ព្រៃ សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​ដោយ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ស ខេង បានលើកពីការប្តេជ្ញាចិត្ត បន្តអនុវត្តគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដែល​រដ្ឋាភិបាលកម្ពុជា និងសន្និសីទលើកទី៣ កន្លងមកបានដាក់ចេញ​។ វិធានការ​ទាំងនោះ រួមមាន​បន្តគោល​នយោបាយ​គាំពារ គ្រប់​គ្រង ថែ​រក្សា និង​អភិរក្ស​សត្វ​ព្រៃ ឲ្យ​កាន់​តែ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់, បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​តឹង​រ៉ឹង , សហការ​កៀរ​គរការ​ចូល​រួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ​, ​បន្ត​ផ្សព្វ​ផ្សាយ​បង្កើន​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​សត្វ​ព្រៃ និង​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង កិច្ច​សហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ ជា​មួយ​ស្ថាប័ន​អនុវត្ត​ច្បាប់ ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធ និង​ព័ត៌មាន​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន​គ្រប់​ទម្រង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ