អានតួអត្ថបទ
កម្ពុជា-សង្គម

​សង្គម​ស៊ីវិល​ថា ​ខេត្ត​ព្រះ​សីហនុ​មាន​ភាព​ល្អ​ប្រសើរ​តែ​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ ​ក្រោយ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​

មួយ​ខែ​ក្រោយ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស្ដារ​មុខ​មាត់​ខេត្ត​ព្រះសីហនុ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​នេះ​កត់​សម្គាល់​ថា ស្ថាន​ភាព​ខេត្ត​ព្រះសីហនុ​មាន​ភាព​ល្អ​ប្រសើរ​តែ​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ​។ បរិស្ថាន​ដែល​ពេល​នេះ អាជ្ញាធរ​ពាក់​ព័ន្ធ​រួម​គ្នា​បញ្ជៀស​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បង្កើត​កន្លែង​ចម្រោះ​ទឹក​សំអុយ​។ តែ​អាជ្ញាធរ​អះអាង​ថា ស្ថាន​ភាព​ទូទៅ​មាន​ភាព​ល្អ​ប្រសើរ​ស្ទើរ​តែ​ទាំង​ស្រុង​។ 

រូបភាពៈឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ (រូបភាពឯកសារ)
រូបភាពៈឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ (រូបភាពឯកសារ) @RFI
ផ្សាយពាណិជ្ជកម្ម

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បើទោះ​ជា​មាន​ភាព​ល្អប្រ​សើរផ្នែ​កបរិស្ថាន​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​យ៉ាង​ណាក៏​ដោយ តែ​សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នៅ​តែ​បន្ត​កើត​មាន​ដដែល​ដូច​ជា​នៅ​ឆ្នេរ​ព្រែក​ត្រែង ឆ្នេរ​ពយ​កំពេញ​ជា​ដើម​។

ទោះ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ប្រឹង​ស្ដារ​មុខ​មាត់​ខេត្ត​ព្រះ​សីហនុ​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​លោក ហ៊ុន សែន លោក សុខ សុខុម ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មិន​ឃើញ​មាន​ការ​កើន​ឡើង​ទេ ទាំង​ភ្ញៀវ​ខ្មែរ​និង​អឺរ៉ុប ខណៈ​វត្ត​មាន​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ​នៅ​តែ​នាំ​មុខ​។

លទ្ធភាព​អន្ទង​ចិត្ត​មហាជន​មក​លេង​ក្នុង​ខេត្ត​ព្រះសីហនុ​បាន គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្ដារ​មុខ​មាត់​ទាំង​ស្រុង​ដោយ​គេ​មិន​អាច​ធ្វើ​ដោយ​អន្លើ​បាន​ឡើយ​។ ពី​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាល​ខេត្ត​បាន​ថ្លែង​ដោយ​ខ្លី​ថា ខេត្ត​ព្រះសីហនុ​បាន​ប្រែ​ប្រួល​មុខ​មាត់​ច្រើន​ហើយ​។​ ប្រែមុខ​មាត់​តាម​រយៈ​វិធាន​ការ​ ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ផ្លូវទឹក​ឡើងវិញ លុប​បំបាត់​ឲ្យ​បាន​នូវ​រាល់​ការ​បើក​បរ ដោយ​សេព​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ​ទប់ស្កាត់​ជន​ខិល​ខូច ដែល​ប្រើ​ប្រាស់​អាវុធ​និង​ជាតិ​ផ្ទុះ​ខុស​ច្បាប់ ពិនិត្យ​រាល់​រថយន្ត​ដឹក​ទំនិញ ដែល​ដឹក​លើស​ទម្ងន់ នាំ​ឲ្យ​ខូច​ផ្លូវ ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង និង​ទី​ប្រជុំ​ជន​។

គួរ​រំឭក​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​លើក​ទី៧​ក្នុង​ខេត្ត​កោះ​កុង​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨ បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្តារ​មុខ​មាត់​ខេត្ត​នេះ​ឡើងវិញ​។ ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​តែ​មាន​មនុស្ស​ម្នា​សម្រុក​ទៅ​លេង​កំសាន្ត​ក្នុង​ឱកាស​បុណ្យ​ជាតិ​បែរ​ជា​ស្ងាត់ ដែល​ភាព​ស្ងាត់​នេះ ត្រូវ​បាន​គេ​ទាញ​ភ្ជាប់​នឹង​វត្ត​មាន​ជន​ជាតិ​ចិន ដែល​កំពុង​រក​ស៊ី​និង​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ពោល គឺការធ្លាក់ចុះ​នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជម្រើស​ច្រើន​ក្នុងការ​ទៅលេង​កម្សាន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ