អានតួអត្ថបទ
កម្ពុជា

គោ​អូស្ត្រាលី​ជិត​៣​ពាន់​ក្បាល​មក​ដល់​ស្រុក​ខ្មែរ ត្រៀម​ខ្លួន​ចូល​កន្លែង​សត្តឃាត​នៅសប្ដាហ៍​ក្រោយ

នៅ​ថ្ងៃ​សុក្រ​នេះ គោ​អូស្ត្រាលី​ជាង​២​ពាន់​៧​រយ​ក្បាល បាន​ធ្វើ​ដំណើរ​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ មុន​នឹង​ត្រូវ​សម្លាប់​​នៅ​ក្នុង​កន្លែង​សត្តឃាត​ស្តង់ដារ​អន្ដរជាតិ នៅ​សប្ដាហ៍​ក្រោយ​​។ សាច់​គោ​អូស្ត្រាលី​ដែល​ពិឃាត​នៅ​ស្រុក​ខ្មែរ​នេះ នឹង​មាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ប្រដំ​ប្រសង​នឹង​សាច់​គោ​ខ្មែរ និង​ថោក​ជាង​សាច់​គោ​អូស្ត្រាលី​ក្លាសេ​។

សត្វ​គោ​ប្រាម៉ាន់​ របស់​អូស្ត្រាលី​ទាំង​ជិត​៣​ពាន់​ក្បាល ​នឹង​ត្រូវ​នាំ​ចេញ​ពី​នាវា​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​ទៅ​ដាក់​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន ​SLN Meat ​Supplies ​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​។
សត្វ​គោ​ប្រាម៉ាន់​ របស់​អូស្ត្រាលី​ទាំង​ជិត​៣​ពាន់​ក្បាល ​នឹង​ត្រូវ​នាំ​ចេញ​ពី​នាវា​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​ទៅ​ដាក់​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន ​SLN Meat ​Supplies ​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​។
ផ្សាយពាណិជ្ជកម្ម

សត្វ​គោ​​ប្រាម៉ាន់ របស់​អូស្ត្រាលី​ទាំង​ជិត​៣​ពាន់​ក្បាល នឹង​ត្រូវ​នាំ​ចេញ​ពី​នាវា​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ទៅ​ដាក់​នៅកសិដ្ឋាន​របស់​ក្រុមហ៊ុន SLN Meat Supplies នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​បំប៉ន​កម្លាំង​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​ពិឃាតនៅ​សប្ដាហ៍​ក្រោយ​។ លោក ហោ ស៊ឹមលាង អគ្គនាយក​ក្រុមហ៊ុន SLN Meat Supplies បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា សត្វ​គោទាំង​ជិត​៣​ពាន់​ក្បាល អាច​នឹង​ហត់​នឿយ​បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​នាវា​ពី​អូស្ត្រាលី​មក​កម្ពុជា​អស់​ពេល​ជាង​១​សប្ដាហ៍​។ ការ​ទុក​ពេល​ឲ្យ​គោ​បាន​សម្រាក បំប៉ន​កម្លាំង គឺ​ជា​រឿង​ចាំ​បាច់​ដើម្បី​ថែ​រក្សា​គុណភាព​សាច់​។ នេះ​បើ​តាម​លោក ហោ ស៊ឹមលាង។

ជា​ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​សម្លាប់​សត្វ​គោ​ប្រមាណ​២០០​ក្បាល​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ដេប៉ូ​ចែក​ចាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជិត​ខាង​។ អគ្គនាយក​ក្រុមហ៊ុន SLN Meat Supplies បាន​គូស​បញ្ជាក់​ថា សាច់​គោ​អូស្ត្រាលី​ដែល​ពិឃាត​នៅ​ស្រុក​ខ្មែរ​នេះ នឹង​ត្រូវ​​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​កម្ពុជា​ក្នុង​តម្លៃប្រមាណ​១០​ដុល្លារ ដែល​ជា​តម្លៃ​​ប្រដំ​ប្រសង​នឹង​សាច់​គោ​ខ្មែរ តែ​​ថោក​ជាង​និង​ស្រស់​ជាង​សាច់​គោ​អូស្ត្រាលី​ក្លាសេនាំ​ចូល​ដល់​ទៅ​៤០​ភាគ​រយ​។

លោក ហោ ស៊ឹមលាង អះអាង​ថា ទី​សត្តឃាត​តម្លៃ​៣៥​លាន​ដុល្លារ​របស់​ក្រុមហ៊ុន SLN Meat Supplies នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺ​ជា​កន្លែង​សត្តឃាត​ធំ​ជាង​គេ​នៅ​អាស៊ី​ និង​អាច​ផលិត​សាច់​គោ​បាន​រហូត​ដល់​ទៅ​ជាង​៣​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​។ ក្រុមហ៊ុន​រំពឹង​ថា សាច់​គោ​អូស្ត្រាលី​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ​នេះ នឹង​អាច​ទទួល​បាន​គាំទ្រ​ពី​អតិថិជន​ទាំង​នៅ​ក្នុង​ប្រទេស និង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​។ និង​ថា ក្រុមហ៊ុន​​នឹង​នាំ​ចូល​គោ​អូស្ត្រាលី​ចំនួន​២​ពាន់​ក្បាល​ទៀត​នៅ​ខែ​កក្កដា​ មុន​នឹង​បង្កើន​ការ​នាំ​ចូល​ដល់​៤​ដង​ក្នុង​មួយ​ខែ​ៗ​នា​ពេល​ខាង​មុខ​។

ជុំ​វិញ​ការ​ផលិត​សាច់​គោ​អូស្ត្រាលី​​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ស្រុក​ខ្មែរ​នេះ ក្រុម​អ្នកសេដ្ឋកិច្ច​​មើល​ឃើញ​ថា វា​នៅ​មិន​ទាន់​មាន​សក្ដានុពល​ខ្លាំង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ កម្ពុជា​អាច​នាំ​ចេញ​សាច់​គោ​អូស្ត្រាលី​នេះ ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច​ជា វៀតណាម ថៃ និង​ចិន​ជា​ដើម ដែល​មាន​តម្រូវ​ការ​សាច់​គោ​អូស្ត្រាលី​ខ្ពស់​។ បើ​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច ការ​ចំណាយ​របស់​កម្ពុជា​ក្នុង​ការ​ផលិត​និង​កែ​ច្នៃ​សាច់​គោ អស់​ថ្លៃ​តិច​ជាង​នៅ​ប្រទេស​អូស្ត្រាលី​។ ហើយ​ផ្នែក​ជា​ច្រើន​នៃ​សត្វ​គោ ដូច​ជា​ភ្នែក ត្រចៀក និង​ក្បាល ដែល​មិន​មាន​តម្លៃ​នៅ​ប្រទេស​លោក​ខាង​លិច គឺ​វា​មាន​តម្លៃ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​។ សម្រាប់​អ្នក​សេដ្ឋកិច្ច ទាំង​នេះ គឺ​ជា​ឱកាស​សម្រាប់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ